Trending now

កម្ពុជាបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ៩ ទៀត ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងបន្ទាយមានជ័យ

17:51 | 27/05/2020

រាជរដ្ឋាភិបាល បានសម្រេច​បង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ៩បន្ថែមទៀត លើផ្ទៃ​ដី​ជិត ៣៥០០​​ហិក​តា នៅ​​ខេត្ត​បាត់ដំបង និងខេត្តបន្ទាយ​មានជ័យ ដើម្បី​ការពារ​ផ្នែកប្រព័ន្ធ​​អេកូឡូស៊ី ជីវ​ចម្រុះ ធនធានធម្មជាតិ និង​​បេ​តិ​ក​​​​ភណ្ឌ​​វប្ប​ធម៌​ សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។

អ្នកទេសចរមើលសត្វប្រចៀវដែលហោះចេញពីរូងភ្នំនៅភ្នំសំពៅខេត្តបាត់ដំបង៕

យោងតាមអនុក្រឹត្យ​របស់រាជរដ្ឋាភិបាលចំនួន​​​៩ផ្សេង​គ្នា​ ដែល​បានចុះ​ហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​​ កាល​ពីថ្ងៃ​​ចន្ទ បានឲ្យដឹងថា ​តំបន់ការពារបេតិកភណ្ឌធម្មជាតិទាំង​​នោះ មាន​នៅខេត្តបាត់ដំបង ចំនួន​៣តំបន់ រួមមាន ភ្នំប្រាំពីរ មានផ្ទៃដីទំហំ ៣៥៣,៩ហិកតា ស្ថិតនៅស្រុក​ភ្នំព្រឹក, ភ្នំទាក់ទ្រាំងមានផ្ទៃ​ដី ៧៩,៨២ហិកតា​ និង​ភ្នំគិរីយង់​ មានផ្ទៃ​ដី ៩៨៤,៣១​ហិកតា​​ នៅ​ស្រុករតនមណ្ឌល។

ចំណែកនៅខេត្តបន្ទាយមានជ័យមានចំនួន​ ៦តំបន់ រួមមាន ភ្នំ​​ព្រះ-ភ្នំវែង មាន​ផ្ទៃ​ដី​ ១៥០០​ ហិកតា ស្ថិត​នៅ​ស្រុក​​​​ថ្ម​ពួក, ភ្នំ​ស្វាយ​ មានផ្ទៃ​ដី​ ១៦ហិកតា, ភ្នំបាក់ មានផ្ទៃដី ៣៦ហិកតា និងភ្នំ​ជញ្ជាំង​ មានផ្ទៃ​ដី ១៩ហិកតា នៅក្រុង​សិរី​សោភណ្ឌ​, ភ្នំព្រះនេត្រព្រះ មានផ្ទៃ​ដី​ ១៣ហិកតា នៅស្រុកព្រះនេត្រ​​ព្រះ និងភ្នំ​យាយ​សំ មានផ្ទៃ​ដី ៤១៦ហិកតា​នៅ​ស្រុក​​ម៉ាឡៃ។

អនុក្រឹត្យបានបន្តថា ​ការបង្កើ​តតំបន់ភ្នំទាំង​៩​នេះ ជា​តំបន់បេតិភណ្ឌធម្មជាតិ ធ្វើឡើងក្នុងគោលបំណង​​ការពារ​តួនាទី​ផ្នែកប្រព័ន្ធអេកូឡូស៊ី, កម្រិតដល់ការប្រើប្រាស់​​ធនធានជីវចម្រុះ ធនធានធម្មជាតិ ធន​ធានវប្បធម៌ និងមុខងានៃ​តំបន់​នេះ, ការពារសោភណ្ឌភាព ទេសភាពធម្មជាតិ និងតម្លៃ​ធម្មជាតិ​នៃ​​តំបន់​សម្រាប់​​​បម្រើ​ដល់ការកម្សាន្ត​​​ ការទស្សនា​ការ​អប់រំ ការ​សិក្សា​​​​ស្រាវជ្រាវវិទ្យា​សាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាព​ទាំង​នេះ ពុំបង្កការគំរាមកំហែងដលបរិស្ថាន ធម្ម​ជាតិ និង​វប្បធម៌ក្នុងមូលដ្ឋាន។

អនុក្រឹត្យ បន្តទៀតថា​​៖ «ក្រៅពីនោះ ផ្តល់សេវាកម្មធម្មជាតិ ​និងវប្បធម៌​សម្រាប់ការប្រើ​​ប្រាស់ប្រកប​ដោយ​និរន្តរ​ភាព និង​លើកកម្ពស់​ការចូលរួម​របស់​សហគម៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែក​ដល់ការគ្រប់គ្រង និង​ការពារ និង​អភិរក្ស​​ជីវចម្រុះ ធន​ធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌​ក្នុងតំបន់»។

អនុក្រឹត្យ ក៏បានតម្រូវឲ្យក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ​និងគ្រប់គ្រងតំបន់បេតិកភណ្ឌ​ធម្មជាតិទាំង៩ ដោយ​​សហការជាមួយក្រសួង​​ ស្ថាប័ន្ថពាក់ព័ន្ធ រដ្ឋបាលខេត្តទាំងពីរ និងកម្លាំងប្រដាប់អាវុធ ដើម្បី​ធានា​ការ​គាំ​ពារ​បរិ​ស្ថាន ការ​​អភិ​រក្សជីវចម្រុះ និងការប្រើប្រាស់​ធនធានធម្មជាតិ ​ប្រកប​ដោយនិរន្តរភាព​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​​ច្បាប់​ជា​ធរមាន។

អ្នកនាំពាក្យក្រសួង​បរិស្ថាន លោកនេត្រ ភក្ត្រា បានមានប្រសាសន៍កាលពីថ្ងៃអង្គារ​​ថា ក្រសួង​នឹងអនុវត្តតាម​អ្វី​ដែល​មានចែង​ក្នុងអនុក្រឹត្យ​នេះ ជាពិសេស​ការពារ​មិន​ឲ្យមានការ​កាប់រុករាន​​ទន្ទ្រានដីខុសច្បាប់​ពីសំណាក់ជលខិល​​ខូច​មួយចំនួន និងធ្វើការ​អភិរក្ស​​សម្បត្តិធម្មជាតិ​​ឲ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។

លោក​ថា៖ «ព្រោះ​តំបន់ទាំងនោះ មិនមែនត្រឹម​តែមាន​ធនធាន​​ធម្មជាតិ ព្រៃ​ប្រឹក្សា សត្វព្រៃ និង​ប្រព័ន្ធ​​អេកូឡូស៊ី​តែ​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​តំបន់ទាំងនោះក៏មានទីតាំង​​​ប្រវត្តិសាស្រ្ត និង​​បេតិកភណ្ឌវប្បធម៌​ ព្រមទាំង​មានសក្តានុពលខ្ពស់​ផ្នែក​ទេស​ចរណ៍​​ផងដែរ​​ ដូច្នេះយើងត្រូវ​ការការពារ និងអភិរក្សធនធានធម្មជាតិ ការពារ​​​សម្បត្តិបេតិកភណ្ឌដែល​មាន​នៅ​ក្នុង​តំបន់​​នោះ»។

លោក កត់ បូរិន ប្រធានមន្ទីរបរិស្ថាន​ខេត្តបាត់ដំបង បានមានប្រសាសន៍កាលពីថ្ងៃ​អង្គារ​​ថា សម្រាប់​តំបន់​បេតិក​ភណ្ឌ​ធម្ម​ជាតិ​ភ្នំប្រាំ​ពីរ កាលដើមឡើយ​សម្បូរទៅដោយព្រៃស្រោង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ​កាប់រុករាន​​យកធ្វើកម្មសិទ្ធិ ដោយ​ដាំ​ដំ​ណាំ​ផ្សេងៗ​ បើ​ទោះជាអាជ្ញាធរមានសមត្ថកិច្ចបានខិតខំការពារ​យ៉ាងណា​ក៏ដោយ ខណៈដែលភ្នំទាក់ទ្រាំង និងគិរី​យង់​ ក៏​មាន​ធនធានធម្មជាតិជាច្រើនដែលចាំបាច់ត្រូវមានការការពារផ​​ងដែរ​​។

លោកបានគូសបញ្ជាក់ថា៖ «ដូចជា នៅ​តំបន់​បេតិក​ភណ្ឌ​ធម្ម​ជាតិ​ភ្នំប្រាំ​ពីរ គឺជាតំបន់ដែល​​​មានព្រៃក្រាស់​ និងជា​ជម្រក​សត្វ​​​​ព្រៃ​ជា​ច្រើន ដូចជា សត្វខ្លារខិល​​ សំពោធ ស្វា និងសត្វផ្សេងៗ​ទៀត ហើយ​នៅជើងភ្នំ​មានវត្តអារ៉ាមមួយ និង​មាន​​​ល្អាង​​ភ្នំធំមួយ​ផងដែរ ​ដូច្នេះត្រូវតែរក្សាទុកកុំឲ្យបាត់បង់»។

យោង​តាមរបាយការណ៍របស់ក្រសួង​បរិស្ថាន បច្ចុប្បន្ន​ក្រសួង​បាននិងកំពុងគ្រប់គ្រង​​ប្រព័ន្ធ​​តំបន់ការពារ​ធម្មជាតិ រួម​មាន តំបន់ការពារធម្មជាតិ និងរបៀង​អភិរក្សជីវៈចម្រុះសរុប​​​ជាង ៦០កន្លែង គ្របដណ្តប់​លើផ្ទៃ​ដីជាង ៧,២លាន​ហិក​តា ស្មើប្រមាណ ៤១%នៃ​ផ្ទៃ​ដីសរុប​របស់ព្រះរាជាណាចក្រកម្ពុជា៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស