Trending now

កញ្ញា ស៊ិន សៀវសៀន - កីឡាការិនីឆ្នើមខាងគុនល្បុក្កតោ

18:43 | 21/09/2020 ()

ដោយមានចិត្តចង់ចូលរួមអភិវឌ្ឍន៍ និងអភិរក្សកីឡាគុនល្បុក្កតោ ដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរបានជំរុញឲ្យកញ្ញា ស៊ិន សៀវសៀន ចូលហ្វឹកហាត់កីឡានេះទាំងវ័យក្មេង។ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ៤ជំនាន់ជាប់គ្នារូបនេះ អះអាងថា នាង ចូលហ្វឹកហាត់គុនល្បុក្កតោ ដោយលួចលាក់មិនឲ្យឪពុកម្តាយដឹងនោះទេ។ កីឡាការិនីមកពីខេត្តសៀមរាបរូបនេះ បាននិយាយថា ខ្លួនមិនដែលខ្វល់នឹងពាក្យចាស់ៗ ដែលលើកឡើងថា ស្ត្រីចេះក្បាច់គុនគ្មានបុរសៗស្រលាញ់ឡើយ ប៉ុន្តែម្តាយនាងខ្វល់។

កញ្ញា ស៊ិន សៀវសៀន - កីឡាការិនីឆ្នើមខាងគុនល្បុក្កតោ

ស្ថិតក្នុងវ័យ២១ឆ្នាំកីឡាការិនីគុនល្បុក្កតោជម្រើសជាតិ ស៊ិន សៀវសៀន ហាក់ទទួលបានជោគជ័យខ្លាំងលើវិស័យនេះ ក្រោយប្រឡូកអស់រយៈពេល៦ឆ្នាំកន្លងមកនេះ។ សៀវសៀន ដែលមិនធ្លាប់ស្គាល់ល្បុក្កតោជាក្បាច់គុនយ៉ាងម៉េច បានចូលប្រឡូកក្នុងវិស័យនេះតាំងពីអាយុ១៥ឆ្នាំ ដោយផ្តើមចេញពីការណែនាំរបស់មិត្តរួមអាជីពម្នាក់។

កីឡាការិនីមកពីខេត្តសៀមរាបរូបនេះអះអាងថា ពេលចូលហ្វឹកហាត់ដំបូងនាងមិនឲ្យឪពុកម្តាយដឹងនោះទេ ព្រោះខ្លាចពួកគាត់មិនអនុញ្ញាតឲ្យខ្លួនចូលហ្វឹកហាត់។ នៅពេលសួរពីការយល់ឃើញរបស់ឪពុកម្តាយពាក់ព័ន្ធការចូលហ្វឹកហាត់កីឡាគុនល្បុក្កតោដំបូង កីឡាការិនីរូបនេះ បានឆ្លើយតបយ៉ាងខ្លីថា៖«ខ្ញុំចូលហ្វឹកហាត់អត់ឲ្យគាត់ដឹងផង លួចទៅហាត់!»។

ឆ្លើយសំនួរអ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ដែលសួរពាក់ព័ន្ធពីដើមចមនៃការចូលហ្វឹកហាត់គុនល្បុក្កតោរបស់ខ្លួន នាង បានរៀបរាប់ដូច្នេះថា៖«ពីដើមឡើយខ្ញុំទៅជាមួយមិត្តប្រុសខ្ញុំ ដំបូងខ្ញុំទៅមើលគាត់ហ្វឹកហាត់ទេ នៅពេលខ្ញុំទៅមើលគាត់ហ្វឹកហាត់ គ្រូបង្វឹកក៏នៅនឹងដែរ ហើយគាត់កំពុងត្រូវការសិស្សស្រី។ ពេលខ្ញុំឃើញប្រុសៗហាត់ជុំគ្នា ខ្ញុំមានអារម្មណ៍មួយថា ដូចអត់សូវមានស្រីៗបើយើងទៅហាត់ល្អតើ ខ្ញុំគិតអ៊ីចឹង ហើយគ្រូគាត់ថា មកហាត់មកអ៊ីចឹង ហើយក៏ចាប់ផ្តើមចូលហ្វឹកហាត់តាំងពីឆ្នាំ២០១៤»។

ឪពុកម្តាយរបស់កីឡាករ ស៊ិន សៀវសៀន មានការភ្ញាក់ផ្អើល និងស្រឡាំងកាំងនៅពេលបានលឺ កូនស្រីខ្លួន សុំមកប្រកួតក្បាច់គុនល្បុក្កតោនៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១នៅឆ្នាំ២០១៦។ ពេលនោះហើយ ដែលរឿងលាក់បាំងអស់ពេលជិតពីរឆ្នាំរបស់ សៀវសៀន ត្រូវបានលាតត្រដាង ឲ្យឪពុកម្តាយបានដឹង ហើយពួកគាត់ ក៏ជំទាស់ចិត្តកូនដែរ។

កីឡាការិនីវ័យ២១ឆ្នាំរូបនេះ ដណ្តើមបានមេដាយមាសលើវិញ្ញាសាសម្តែងក្នុងការប្រកួតកីឡាជាតិលើកទី១នោះ ហើយនាងក៏ត្រូវបានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាជ្រើសរើសឲ្យធ្វើជាកីឡាការិនីល្បុក្កតោជម្រើសជាតិ។ ចាប់តាំងពីនោះមកកីឡាការិនីរូបនេះ បានសាងភាពល្បីល្បាញជាបន្តបន្ទាប់ តាមរយៈការដណ្តើមបានមេដាយមាស៣ឆ្នាំជាប់គ្នាក្នុងការប្រកួតថ្នាក់ជាតិ គឺនៅឆ្នាំ២០១៧, ២០១៨ និង ២០១៩។

ក្រោយប្រឡូកតាំងពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន កូនពៅក្នុងគ្រួសារមានបងប្អូនពីរនាក់នៅខេត្តសៀមរាបរូបនេះ ធ្លាប់ដណ្តើមបានមេដាយមាស៩ ប្រាក់២ និងសំរឹទ្ធ១។ ម្ចាស់មេដាយមាស៤ជំនាន់ជាប់គ្នារូបនេះ ធ្លាប់ត្រូវបានសហព័ន្ធ បញ្ជូនទៅចូលរួមប្រកួតនៅក្រៅប្រទេសម្តងនៅប្រទេសកូរ៉េខាងត្បូង ដោយពេលនោះ នាង ទទួលបានត្រឹមមេដាយកិត្តិយសតែប៉ុណ្ណោះ។

ក្រោយដើរវិថីនេះអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យកីឡាការិនីមានប្រភពមកពីខេត្តសៀមរាបរូបនេះ មានចិត្តស្រលាញ់ក្បាច់គុន ដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរកាន់តែខ្លាំង។ លើសពីនេះ នាង ប្តេជ្ញានឹងបន្តដើរវិថីនេះ ហើយចូលអភិវឌ្ឍន៍ និងអភិរក្សក្បាច់វប្បធម៌ប្រពៃណីនេះ ឲ្យកាន់តែមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិថែមទៀត។

គុនល្បុក្កតោ

ជាមួយគ្នានេះកីឡាការិនី ស៊ិន សៀវសៀន ចង់ឃើញវត្តមានស្ត្រីកាន់តែច្រើនចូលហ្វឹកហាត់កីឡាគុនល្បុក្កតោ ហើយ នាង លើកឲ្យនារីៗត្រូវមានចិត្តក្លាហាន និងហ៊ានធ្វើអ្វីដែលពួកគេចង់ធ្វើ។ ជាពិសេស កុំទោរទន់ជាមួយពាក្យចាស់បុរាណ ដែលលើកឡើងថា ស្ត្រីមិនអាចហាត់ក្បាច់គុនដូចបុរស។

«ហាត់ក្បាច់គុនជារបស់ខ្មែរ យើងបានជួយថែរក្សា និងអភិរក្ស។ ចិត្តខ្ញុំផ្ទាល់ ខ្ញុំចង់ឲ្យមានកីឡាការិនីឲ្យច្រើន ចង់លើកទឹកចិត្តគាត់ឲ្យមកហាត់ក្បាច់គុនល្បុក្កតោ ហើយកុំគិតថាក្បាច់គុនហ្នឹងមនុស្សទើបអាចហាត់បាន មនុស្សស្រីយើងហាត់អត់បាន យើងធ្វើឲ្យបាន និងជម្នះ ខ្ញុំដំបូងដូចគ្នា ខ្ញុំស៊ូអត់បាន តែខ្ញុំជម្នះ»។ នេះជាការលើកឡើងរបស់កីឡាការិនី ស៊ិន សៀវសៀន។

នាងបានសំណូមពរដល់នារីៗទៀតថា៖«ខ្ញុំលើកទឹកចិត្តគាត់ បើគាត់មានចិត្តចង់ចូលហ្វឹកហាត់គុនល្បុក្កតោ កុំខ្វល់ពីពាក្យសម្តីនៅជុំវិញខ្លួន ហើយបើយើងមានចិត្តចង់ចូលហាត់ហើយ ត្រូវបណ្តុះចិត្តយើងបន្តទៅមុខទៀត ដើរទៅមុខទៀត យើងកុំខ្វល់ថា អ្នកដទៃគិតមកលើយើងយ៉ាងម៉េច។ ខ្ញុំជឿថា គ្រួសារយើងគាត់អត់លើកទឹកចិត្តយើងទេ ខ្ញុំផ្ទាល់ដូចគ្នា ប៉ុន្តែខ្ញុំនៅតែជម្នះវា»។

ពេលចូលហ្វឹកហាត់កីឡាគុនល្បុក្កតោដំបូង ម្ចាស់មេដាយមាសថ្នាក់ជាតិ៤ជំនាន់រូបនេះ ពុំទទួលបានការលើកទឹកចិត្តពីឪពុកម្តាយ សាច់ញាតិ ឬមិត្តភក្តិនោះទេ។ ផ្ទុយទៅវិញ រូបគេ បែជាទទួលបានពាក្យរិះគន់ និងសារធ្វើឲ្យខ្លួនបាក់ទឹកចិត្តទៅវិញ។ តែ នាង មិនបាក់ចិត្តទឹក និងបោះបង់គោលបំណង ដែលចង់ក្លាយជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍ក្បាច់គុនដូនតាខ្មែរ និងសាងស្នាដៃជូនជាតិឡើយ។

កីឡាការិនីបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦-២០១៧ និងគ្រោងរៀនបន្តជំនាញគណនេយ្យនិងរដ្ឋបាលនៅសាកលវិទ្យាល័យឆ្នាំនេះរូបនេះ មិនដែលខ្វល់នឹងពាក្យចាស់ៗ ដែលលើកឡើងថា ស្រីចេះក្បាច់គ្មានបុរសស្រឡាញ់ឡើយ។ នៅពេលសួរសំនួរពាក់បញ្ហានេះ នាង បានឆ្លើយដូច្នេះថា៖ «ខ្ញុំអត់ខ្លាចទេ តែម៉ាក់ខ្ញុំគាត់ខ្លាច! ម៉ាក់ គាត់ថា អ្ហែងទៅធ្វើអ៊ីចឹង(ចូលហាត់ក្បាច់គុនល្បុក្កតោ)អ្នកណាហ៊ានចូលដណ្តឹងអ្ហែង។ ខ្ញុំថា ខ្ញុំគ្រាន់តែទៅហាត់ដូចគេដូចឯងមានអី មនុស្សប្រុសមួយចំនួនធំ ដែលខ្ញុំស្គាល់គេអត់ចូលចិត្តទេ ជាក់ស្តែងដូចខ្ញុំស្រាប់អ្នកមានមិត្តភក្តិប្រុសៗទេនៅសាលា មានតែនៅសាលាគុន»៕

()

(ប្រភពព័ត៌មាន: thmey thmey)

()

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍