Trending now

លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ចុះ​កិច្ចព្រមព្រៀង FTA

16:04 | 09/07/2020 (សរុបដោយ ហេង វុធ្ធី)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដើម្បី​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​ ( FTA) នៅ​ខែ​សីហា​ខាងមុខ ខណៈកិច្ចព្រមព្រៀង​ថ្មី​នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ លើ​ពិភពលោក និង​លេខ​ ១ ​នៅ​តំបន់​អាស៊ី​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

កាលពី​ដើម​ខែ​មិថុនា ក្រុមការងារ​បច្ចេកទេស​ប្រទេស​ទាំង​ ២ ​បាន​បញ្ចប់​ជុំ​ទី​ ៣ នៃ​ការចរចា FTA ដោយបាន​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ក្នុង​អត្ថបទ​កិច្ចព្រមព្រៀង​នេះ និង​បាន​យល់ព្រម​ជា​គោលការណ៍​ពី​លទ្ធភាព​ចូល​ទីផ្សារ​របស់​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​​រួចរាល់​អស់ហើយ​។

ប្រសិន​បើ​មេដឹកនាំ​របស់​ប្រទេស​ទាំងពីរ​យល់ព្រម​លើ​ខ្លឹមសារ​នៃ​អត្ថបទ​កិច្ចព្រមព្រៀង នោះ​លទ្ធភាព​នៃ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ក្នុង​អត្រា​ជា​មធ្យម ២០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​៖ «​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ក៏​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ខ្លាំង​ផងដែរ ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ក្លាយ​ទៅ​ជា​ប្រភព​ដ៏សំខាន់​មួយ​នៃ​ប្រាក់ចំណូល និង​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​»​។

លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ពុធ​ថា ការចរចា FTA នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​បាន​បន្ថែមថា លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន រួម​ជាមួយ​នឹង​មេដឹកនាំ​របស់​ប្រទេស​ចិន​នឹង​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។

លោក​បាន​ថ្លែងថា​៖ «​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ នឹង​ប្រកាស​ការបញ្ចប់​លទ្ធផល​ការចរចា​ស្ដីពី FTA»​។ លោក​បាន​បញ្ជាក់ថា​៖ «​សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន គ្រោង​នឹង​ទៅ​ទីក្រុង​ប៉េកាំង​នៅមុន​ថ្ងៃទី​ ១២ ខែសីហា ដើម្បី​ធ្វើ​ជា​សាក្សី​លើ​ការចុះ​ហត្ថលេខា​លើ FTA រវាង​ប្រទេស​កម្ពុជា និង​ចិន​។ ដូច្នេះ​សម្តេចនាយករដ្ឋមន្ដ្រី​របស់​យើង​នឹង​ទៅ​ទីនោះ​ដោយផ្ទាល់​»​។

លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងដែរថា បន្ទាប់ចុះហត្លលេខាបញ្ជប់ កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយចិន នាពេលខាងមុខនេះ កម្ពុជា ក៏នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េបន្ថែមទៀត ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា មានទីផ្សារកាន់តែធំសម្រាប់ការធ្វើពាណិជ្ចកម្ម នៅក្នុងរយៈពេលវែង ស្រ​បពេលជាមួយគ្នានេះ កម្ពុជាគឺត្រូវមានការកែទម្រង់ ការលើកកម្ពស់ការប្រកួតប្រជែង ការសម្រួលធុរៈកិច្ច និងលុបបំបាត់របាំងពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា មិនគ្រាន់តែទាក់ទាញការវិនិយោគកា​ន់តែច្រើនទៀតទៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម និងការធ្វើពិពិធកម្មលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបរិមាណនាំចេញរបស់កម្ពុជា។ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជុំទី៣រវាងប្រទេសកម្ពុជា និងចិនបានដោះស្រាយរួចហើយ លើបញ្ហាដែលនៅសេសសល់ នៅក្នុងអត្ថបទកិច្ចព្រមព្រៀង និងបានអនុម័តជាគោលការណ៍ជុំវិញ ការបើកច្រកទីផ្សារលើទំនិញ និងសេវា។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជា និងចិនជាដំណាក់ទី៣ហើយ ហើយបើនិយាយសារៈប្រយោជន៍វិញ វាច្បាស់លាស់ជាងមុន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោកបន្តថា “ការកិច្ចការងារនេះសុក្រឹតជាមុន ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេ​សទាំងពីរ មានភាពប្រាកដជាងមុនទៅលើប្រភេទទំនិញផ្សេងៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀង”។លោកបន្តថា “ទំនិញទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀជាមួយគ្នា មានភាពប្រសើរជាង។ របាំងពាណិជ្ជកម្មផ្សេងៗ និងភាពស្មុគស្មាញផ្សេងៗ នឹងត្រូវបានសម្រួ​លឱ្យកាន់តែភាពប្រសើរជាងមុន”។

លោកបានថ្លែងថា ជាទូទៅប្រទេសចិនគឺធំ ប្រជាជនច្រើន ហើយប្រទេសយើងតូច។ ឧទាហរណ៍ បើនៅក្នុងកិច្ចព្រមព្រៀងទំនិញមាន១ម៉ឺនមុខ ដូច្នេះសំនួរសួរថា តើយើងមានទំនិញ១ម៉ឺនមុខ សម្រាប់ធ្វើការនាំចេញឱ្យដូចប្រទេសចិនដែរឬទេ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងទៅតាមដំណាក់កាល។

លោកបន្ថែមថា ចំណុចដែលយើងអាចទទួលបានសារៈប្រយោន៍ ពីកិច្ចព្រមព្រៀងសេរី គឺថាប្រសិនបើយើងពន្លឿនកិច្ចព្រមព្រៀងកាន់តែលឿ នពីមួយដំណាក់ទៅមួយដំណាក់ យើងនឹងទទួលបានការបញ្ជាទិញរបស់ភាគីចិន លើទំនិញពីកម្ពុជាដែលកាន់តែមានភាពរលួនជាងមុន។

លោកបណ្ឌិតហុង វណ្ណៈបានលើកជាឧទាហរណ៍ថា ដូចករណីដែលចិនបានចុះកិច្ចព្រមព្រៀង ទិញស្វាយកែវរមៀតចំនួន៥០ម៉ឺនតោន ការទិញស្រូវ កៅស៊ូ ឬកសិផលផ្សេងៗពីកម្ពុជា ដូច្នេះភាគីទាំងពីរត្រូវតែឈរលើគោលការណ៍ និងការអនុវត្តរួមនៃភាគីទាំងពីរ ហើយឧបសគ្គផ្សេងៗត្រូវបានដោះស្រាយយ៉ាង រលួន ព្រោះវាមានងាយស្រួលជាងមុន ចំពោះដំណើរការនៃឯសារពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ពិសេសធុរជននៃប្រទេសទាំងពីរ នឹងមានពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះ ព្រោះរដ្ឋ និងរដ្ឋនឹងសម្រួលដល់កិច្ចការពាណិជ្ជកម្មនេះ និងលើកទឹកចិត្តដល់ពួកគាត់ ដែលធ្វើការវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​ផ្ដល់​សេវា Cambodia Investment Management Co Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​មុន​ថា ការចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​នេះ គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធកម្ម​លើ​សេដ្ឋកិច្ច​នាំចេញ​របស់ខ្លួន ដោយ​វា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ក៏ដូចជា​ទទួល​បាន​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ​របស់​ប្រទេស​ចិន​ផងដែរ ជាពិសេស​លើ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ ផលិតកម្ម និង​ការលក់រាយ ជាដើម​។

លោក​លើកឡើង​ថា​៖ «​ភាពទាក់ទាញ​របស់ FTA សម្រាប់​ប្រទេស​ចិន​គឺជា​ការវិនិយោគ​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ជាជាង​ការនាំចេញ​ទំនិញ និង​សេវា​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន​»​។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA នេះ​ត្រូវ​បាន​រំពឹងថា នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ ១០ ​ពាន់​លាន ដុល្លារ​ត្រឹម​ឆ្នាំ​ ២០២៣​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន បាន​កើនឡើង​ដល់ ៧,៤ ​ពាន់​លាន​ដុល្លារ​​ កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ ២២ ​ភាគរយ បើ​ធៀប​ទៅ​នឹង​ ៦,០៤ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៧៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: postkhmer.com និង propertyarea.asia)

(សរុបដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស