Trending now

រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា

06:24 | 30/08/2018

យុគសម័យ - រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោកស្រី Sushma Swaraj បានថ្លែងកោតសរសើរអំពីដំណើរការបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តឡើងកាលពីមួយខែមុនថា ដំណើរការដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ ការវាយតម្លៃបែបនេះ គឺយោងតាមអ្នកសង្កេតការណ៍របស់ខ្លួនជាច្រើននាក់ ដែលរដ្ឋាភិបាលឥណ្ឌាបញ្ជូនមកតាមដានក្នុងអំឡុងពេលបោះឆ្នោតនោះ។

ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ ខែសីហានេះ ​លោកស្រីបានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតដ៏ល្អប្រសើររបស់កម្ពុជា ក៏ដូចជាជ័យជម្នះរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាផងដែរ។

ក្នុងជំនួបនេះលោកស្រី Sushma Swaraj ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជានាពេលនេះ បានមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលការរីកចម្រើននេះហើយជាការនាំឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា ដែលបានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ហើយក៏បានជម្រាបជូនយ៉ាងសង្ខេបពីដំណើរការបោះឆ្នោត និងប្រវត្តិ នៃការបោះឆ្នោតនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយដល់កម្ពុជាកន្លងមក តាមរយៈការផ្តល់ជំនួយ ជាពិសេសនៅពេលកម្ពុជា ទើបរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ប្រទេសឥណ្ឌា គឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែលទទួលស្គាល់កម្ពុជាដំបូងគេបង្អស់។

លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា ក៏បានជម្រាបជូនសម្តេចអំពីកិច្ចពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីគម្រោងនៃការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា និងការបង្កើតគម្រោងទទួលផលឆាប់រហ័សផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍លើកិច្ចពិភាក្សារបស់លោកស្រី ជាមួយលោករដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការហោះហើរត្រង់ និងគម្រោងទទួលផលរហ័ស។

សម្តេចតេជោ បានលើកឡើងថា គម្រោងទទួលផលរហ័សនេះ គឺជួយដោះស្រាយត្រង់ដល់ប្រជាជនកម្ពុជា ជាពិសេសនៅពេលកម្ពុជា កំពុងមានគ្រោះទឹកជំនន់ ដូចពេលបច្ចុប្បន្ននេះ។ គម្រោងនេះ អាចជួយក្នុងការស្តារអណ្តូងទឹក, ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យជាដើម ដែលបានទទួលរងគ្រោះទឹកជំនន់នោះ៕

(ប្រភពព័ត៌មាន: យោងតាម FRESH NEWS)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន