Trending now

មនុស្ស​ជាង​១​ម៉ឺន​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាន​យក​សំណាក​និង​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក​

15:03 | 04/03/2021

អភិបាលរាជធានីភ្នំពេញ ឱ្យដឹងថា គិតចាប់តាំងពីផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក មានមនុស្សជាង ១០ ០០០ នាក់ហើយ ត្រូវបានអាជ្ញាធរនិង​​​គ្រូពេទ្យយក​សំណាក​ទៅធ្វើតេស្តនិងដាក់ឱ្យធ្វើចត្តាឡីស័ក។ ​

មនុស្ស​ជាង​១​ម៉ឺន​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាន​យក​សំណាក​និង​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក​

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់ វីអូឌី នៅថ្ងៃនេះថា អាជ្ញាធរបានរកឃើញទីតាំងចំនួន៧៤កន្លែង និង​មនុស្ស​ជាង១០ ០០០នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក ខណៈទីតាំងដែលពាក់​ព័ន្ធត្រូវបានអាជ្ញាធរ​​បិទជាបណ្តោះអាសន្ន និងយកធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កតែម្តង។

លោកបញ្ជាក់ថា មូលហេតុដែល​អាជ្ញាធរយកទីតាំងផ្ទះនិង​​សណ្ឋាគារដែលមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងក្នុងសហគមន៍នេះ ទៅ​ធ្វើជាទីតាំងមណ្ឌលចត្តាឡី​ស័ក គឺ​ដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគេ​ និងកាត់បន្ថយហានិភ័យឆ្លង​ដល់អ្នកដទៃទៀត។ លោកថា៖ «នៅពេលគណៈកម្មការឱ្យគាត់ធ្វើចត្តាឡីស័ក ​គណៈកម្មការកូវីដ១៩មិនបាន​ឱ្យគាត់​ធ្វើដំណើរទៅតំបន់ប្រមូលផ្ដុំ​ណាមួយទេ ចៀសវាងគាត់ជួបគ្នាជាមួយអ្នកដទៃដែលធ្វើចត្តាឡីស័ក។ អ៊ីចឹងទេ បានជាយើងទុកឱ្យគាត់ធ្វើ​ចត្ដាឡីស័កតាមអគារឬសណ្ឋាគារដែលគាត់ស្នាក់នៅ​តែម្ដង នេះជា​គោលនយោបាយកាត់បន្ថយហានិភ័យ»។

លោក ឃួង ស្រេង បានបន្ថែមថា ចំពោះមនុស្សជាង១០ ០០០នាក់ដែលជាប់​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈនេះ អាជ្ញាធរនិងក្រុមគ្រូពេទ្យនឹង​យកសំណាក​របស់​ពួកគាត់ទៅធ្វើតេស្តជាលើកទី២ ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្អែកនេះទៅ។

បើតាមអភិបាលរាជធានីភ្នំពេញរូបនេះ​ បច្ចុប្បន្ន ទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ មា​នចំនួន៤​កន្លែង ក្នុងនោះមានមណ្ឌលសុខភាព​ចាក់អង្រែលើ មជ្ឈមណ្ឌលជាតិកំចាត់​រោគរបេងនិងហង់សិន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលចត្តាឡីស័ក​ភ្នំពេញ។លោកបន្ថែម​ថា៖ «យើងក៏ត្រៀមមណ្ឌលសុខភាពផ្សេងៗទៀត បើសិនជាមានផ្ទុះច្រើនឬក៏អ្នកផ្ទុកវីរុសនេះច្រើន។ យើងអាចរកមណ្ឌលសុខភាពផ្សេងៗទៀតដែលយើងបានតៀមរួចហើយ»។

ពាក់ព័ន្ធនឹងករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍នេះដែរ កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅផ្សារម៉ាក្រូ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ២០២១ ចន្លោះពីម៉ោង៥និង៤១នាទី ដល់ម៉ោង៦និង៤៨​នាទីល្ងាច ទៅធ្វើតេស្តរកវីរុសកូវីដ១៩ផងដែរ ប្រសិនបើមានរោគសញ្ញាសង្ស័យ​ ខណៈក្រសួងរកឃើញថា មានអ្នកជំងឺកូវីដ១៩ម្នាក់បានចូលផ្សារនោះ។

ចំណែកអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ អាជ្ញាធរបានបិទទីតាំងចំនួន៣២កន្លែង ក្នុង​នោះមានសណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប និងមន្ទីរពេទ្យឯកជន ក្រោយរកឃើញថា​ មានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។

(ប្រភពព័ត៌មាន: vodkhmer)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន