Trending now

ព្រះមហាក្សត្រកម្ពុជា យាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅប៉េកាំង

05:42 | 17/05/2019 (ប្រភព៖ Fresh News)

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងដល់ទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន។ ព្រះរាជដំណើររបស់ព្រះអង្គតបតាមការយាងរបស់ប្រធានរដ្ឋចិន លោក Xi Jinping។

កិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ី ត្រូវបានស្នើឡើងដោយ លោកប្រធានរដ្ឋចិន នៅក្នុងសន្និសីទប្រចាំឆ្នាំប៉ូអាវ ខេត្តហៃណាន ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៥។ លោកប្រធានរដ្ឋចិន បានលើកឡើងថា ការបង្កើតឱ្យមានកិច្ចសន្ទនាអរិយធម៌អាស៊ីនេះ ក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេង សង្គមស៊ីវិល តំបន់ និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិតនិងកិច្ចសហប្រតិបត្តិការ។ ជាពិសេសធ្វើឱ្យប្រជាជនអាស៊ីអាចសប្បាយរីករាយនឹងមានស្មារតី កាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់កាន់តែមានថាមពលខ្លាំងឡើង។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ ផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមកនិងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីនិងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ព្រះមហាក្សត្រខ្មែរ ព្រះអង្គស្តេចយាងជួបសវនាការជាមួយ លោក Xi Jinping ប្រធានរដ្ឋចិន នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង ប្រទេសចិន។ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលទៅកាន់ប្រធានរដ្ឋចិន លោក Xi Jinping ថា ប្រជាជនកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិននៅគ្រប់កាលៈទេសៈទាំងអស់។

ប្រធានរដ្ឋចិន លោក Xi Jinping បានបន្តលើកឡើងថា ប្រទេសចិន គោរពស្រលាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយព្រះរាជវង្សានុវង្សនៃប្រទេសកម្ពុជា ហើយបណ្តាមេដឹកនាំចិនជាច្រើនជំនាន់បានបង្កើតចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ កម្ពុជា-ចិន ត្រូវតែទទួលថែរក្សាមរតកនេះ និងបន្តពង្រឹងចំណងមិត្តភាពឱ្យបានល្អប្រសើរ ដើម្បីបន្សល់ទុកឱ្យចំណងមិត្តភាពកម្ពុជា-ចិន ត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយបន្តទៀត។

រហូតដល់រាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ប្រធានរដ្ឋចិន លោក Xi Jinping និងភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ពិធីនេះបានធ្វើឡើងនៅក្នុងជប់លៀងជូនភ្ញៀវជាន់ខ្ពស់អន្តរជាតិ ដែលចូលរួមវេទិកាអរិយធម៌អាស៊ី ក្នុងវិមានសភាប្រជាជនចិន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរ មានព្រះជន្មគម្រប់ ៦៦ព្រះវស្សា យាងចូល ៦៧ព្រះវស្សាហើយផងដែរ។

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចូលរួម វេទិកាអរិយធម៌អាស៊ីលើកទី១។ ក្នុងពិធីនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជសុន្ទរកថា មួយចំនួន។

ព្រះអង្គបានមានព្រះបន្ទូលកោតសរសើរ ប្រធានរដ្ឋចិន ដែលបានផ្តួចផ្តើមសហគមន៍វាសនារួមរបស់មនុស្សជាតិ ដែលជាឧត្តមគតិ និងមនសិការគិតគូរ ដល់ការកសាងសហគមន៍វាសនារួម រវាងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនតូចធំ និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាអរិយប្រទេសមានវីរភាព ប្រកបដោយភាពទន់ភ្លន់ គួរឱ្យគោរព និងកោតសរសើរខ្ពង់ខ្ពស់។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំងឡាយនៅអាស៊ី ដែលបានទទួលពន្លឺព្រះពុទ្ធសាសនា និងហិណ្ឌូសាសនា នៅក្នុងយុគសម័យដំបូងនៃប្រវត្តិសាស្ត្ររបស់ខ្លួន និងធ្លាប់បានដើរតួជាទីជំនួបរវាងអង្គទូតឥណ្ឌា និងអ្នកការទូត ពាណិជ្ជករចិន អស់រយៈពេលច្រើនសតវត្សរ៍។ ទំនាក់ទំនងនេះ បានរួមវិភាគទានយ៉ាងធំមហិមាដល់ការរីកចម្រើនយ៉ាងសម្បើម នៃវប្បធម៌ខ្មែររហូតបង្កើតបាននូវអរិយធម៌អង្គរដ៏ល្បីល្បាញ អស្ចារ្យលើលោក។

បើតាមព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ ប្រជាជាតិទាំងឡាយនៅអាស៊ី សុទ្ធតែមានវប្បធម៌ជាអត្តសញ្ញាណជាតិ ដោយឡែករបស់ខ្លួន និងមានប្រជាជាតិមួយចំនួន បានកសាងអរិយធម៌មានចំណាស់ជាច្រើន សតវត្សរ៍មកដល់សព្វថ្ងៃ។

ពិតតែវប្បធម៌ សាសនា និងអរិយធម៌ នៃបណ្តាប្រទេសនៅអាស៊ីមានចរិតលក្ខណៈខុសប្លែកគ្នា ប៉ុន្តែកំពុងមានលក្ខណៈស្រដៀងគ្នា ប្រហាក់ប្រហែលគ្នា ព្រមទាំងមានពណ៌សម្បុរទូទៅមួយ ជាលក្ខណៈរួមអាចសម្គាល់ថា ជាអរិយធម៌របស់អាស៊ី ជាអរិយធម៌នៃប្រទេសជាតិ ដែលចេះយោគយល់គ្នា រស់នៅក្នុងមហាទ្វីបដែលសម្បូរទៅដោយធនធាន និងគតិបណ្ឌិត និងជាទីនៃកំណើតនៃអ្នកបង្កើតសាសនាចម្បងៗក្នុងលោក។

លើសពីនេះ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានគូសរំលេចថា បច្ចុប្បន្ននេះសាកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើនជឿនលឿន ខាងផ្នែកវិទ្យាសាស្ត្រ និងសម្ភារៈដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និងអភិសមាចារ ក្នុងជីវភាពសង្គមក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ផងដែរ។ ភាពអន់ថយ នៃសីលធម៌ និងគុណធម៌សង្គមនាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព នៃវប្បធម៌ និងចេរភាពរបស់សង្គមមនុស្សទៅថ្ងៃអនាគត។

ក្រោយពេលបំពេញព្រះរាជបេសកកម្មហើយនោះ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស