Trending now

ប្រមុខ UN អរគុណនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានមនុស្សធម៌ជួយជនងាយរងគ្រោះដោយសារកូវីដ

12:32 | 09/09/2020 (បូកសរុបដោយឌីណា)

លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានផ្ញើលិខិតមកថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឆន្ទៈជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ រួមទាំង អនុញ្ញាតឲ្យបុគ្គលិកមនុស្សធម៌និងបុគ្គលិកសុខាភិបាលរបស់អង្គការសហប្រជាជាតិ ចូលទៅកាន់ប្រទេសមួយចំនួនដើម្បីជួយដល់ជនងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។

ប្រធាន UN ផ្ញើលិខិតអរគុណសម្តេចតេជោ ដែលចូលរួមប្រយុទ្ធប្រឆាំង Covid-19 ជាសកល និងជួយឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅប្រទេសមួយចំនួន ជួយជនងាយរងគ្រោះដោយកូវីដ១៩។ (រូបថត៖ cpp.org.kh)

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បង្ហាញ​ការរីករាយ​នៅពេល​ដឹងថា កម្ពុជា ចាត់​ឲ្យ​ក្រសួង​និង​អាជ្ញាធរ​ពាក់ព័ន្ធ សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ស្បៀងអាហារ​ពិភពលោក ក៏ដូចជា​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​មនុស្សធម៌​នានា ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ការសង្គ្រោះ​ជន​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩​។ លោក​បន្ថែមថា លោក រីករាយ​នឹង​បន្តធ្វើ​ការងារ​ជាមួយ​កម្ពុជា ក្នុង​គ្រា​លំបាក​នេះ តាមរយៈ​ការធ្វើការ​រួមគ្នា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលិខិតចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងចំពោះការគាំទ្ររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ជាសកល រួមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ក្រុមការងារមនុស្សធម៌ គ្រូពេទ្យ និងសម្ភារបរិក្ខារផ្សេងៗ។ ការគាំទ្រនេះ មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាធានានូវការបន្ត ប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះជីវិតនៅទីកន្លែងក្រីក្រ និងងាយរងគ្រោះបំផុតនៅលើពិភពលោក»។

លោកបានបន្តទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់រាជរដ្ឋាភិបាលរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះឆន្ទៈក្នុងការជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត។ ក្នុងដំណើរឆ្ពោះទៅមុខ ប្រការនេះមានសារសំខាន់ណាស់ ក្នុងការរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្នុងអំឡុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិមនុស្សធម៌ដទៃទៀត ដើម្បីអនុញ្ញាតជួយសម្រួល និងពនឿនការបន្តធ្វើដំណើររបស់បុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល និងការដឹកជញ្ជូនសម្ភារបរិក្ខា តាមរយៈជើង ហោះហើរផ្នែកមនុស្សធម៌ និងសង្គ្រោះ»។

«សហគមន៍មនុស្សធម៌ កំពុងបន្តបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវដ១៩។ ដូចដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជ្រាបហើយ ការធ្វើបច្ចុប្បន្នភាព “ផែនការឆ្លើយតបមនុស្សធម៌ សកលលោកប្រឆាំងជំងឺកូវីដ១៩” នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឥឡូវនេះអាចឱ្យអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនផ្តល់នូវជំនួយផ្នែកសុខភាព និងជំនួយសង្គ្រោះជីវិតផ្សេងទៀតដល់ ៦៣ ប្រទេស ដែលប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ឬភាពផុយស្រួយកម្រិតខ្ពស់។ តាមរយៈកិច្ចសហការរួមគ្នាជាមួយអគ្គនាយកនៃអង្គការសុខភាពពិភពលោក ខ្ញុំបានបង្កើតក្រុមការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទជំងឺកូវីដ១៩ (COVID-19 Supply Chain Task Force) ដែលមានអង្គការ សុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោកជាសហប្រធាន ដើម្បីកំណត់គម្លាតនៃការផ្គត់ផ្គង់ និងផ្តល់នូវបរិក្ខារពេទ្យចាំបាច់ដល់ប្រទេសនានា សម្រាប់ការឆ្លើយតបនឹងកូវីដ១៩»។ នេះបើតាមលិខិតរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស។

លោកបន្តថា «ខ្ញុំមានសេចក្ដីរីករាយដោយបានដឹងថា ព្រះរាជាណាចក្រកម្ពុជាបានចាត់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោក ក៏ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌នានា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនេះ។ អង្គការសហប្រជាជាតិរីករាយបន្តធ្វើការជាមួយ ព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រាលំបាកដែលពុំធ្លាប់មាននេះ។ មានតែតាមរយៈការធ្វើការរួមគ្នាប៉ុណ្ណោះ ដែលអាចឱ្យយើងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ការពារជនងាយរងគ្រោះបំផុត និងកម្លាំងសង្គមប្រកបដោយសមធម៌ និងបរិយាប័ន្ន ដែលការពារសុខភាព និងសុខុមាលភាពរបស់មនុស្សទាំងអស់ និងភពផែនដី»

​លោក បន្តថា បច្ចុប្បន្ន ផែនការ​ឆ្លើយតប​មនុ​ស្ស​ធម៌​សកលលោក​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​អង្គការសហប្រជាជាតិ និង​ដៃគូ​របស់ខ្លួន បានផ្តល់​ជំនួយ​ផ្នែក​សុខភាព​និង​ជំនួយ​សង្គ្រោះ​ជីវិត​ផ្សេងទៀត​ដល់​ប្រទេស​៦៣​។ លោក បន្ថែមថា ប្រទេស​ទាំង​៦៣​នេះ គឺជា​ប្រទេស​ប្រឈមមុខ​នឹង​វិបត្តិ​មនុស្សធម៌​ឬ​ភាពផុយស្រួយ​កម្រិត​ខ្ពស់​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស