Trending now

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអញ្ជើញមកប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ

10:28 | 02/09/2019 (ប្រែសម្រួលដោយ ស្រីព្រេជ)

យុគសម័យ​ - លោក Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីកម្ពុជា លោក Mahathir Mohamad (រូបថតៈ FN)

ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងកំលុងទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោក Mahathir Mohamad នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដោយគ្រោងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។

ក្នុងកំលុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក Mahathir Mohamad នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

បន្ទាប់ពីមកដល់ប្រទេសកម្ពុជានៅរសៀល ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩នេះ លោក Mahathir Mohamad នឹងអញ្ជើញធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

សូមគូសបញ្ជាក់ថា លោក Mahathir Mohamad ជានាយករដ្ឋមន្ត្រីទី ៧ របស់ម៉ាឡេស៊ី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨កន្លងមក៕

(ប្រែសម្រួលដោយ ស្រីព្រេជ)

(ប្រែសម្រួលដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់