យុគសម័យ - អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រតិកម្មចំពោះការចេញផ្សាយព័ត៌មានរបស់អង្គការសហប្រជាជាតិថា រាជរដ្ឋាភិបាលដែលកំពុងដឹកនាំបានបំបិទសិទ្ធិសំឡេងបក្សប្រឆាំងនោះជាការមិនពិត ព្រោះបក្សប្រឆាំងមានសិទ្ធិគ្រប់គ្រាន់នាពេលបច្ចុប្បន្ននេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន
បន្ទាប់ពីអង្គការសហប្រជាជាតិបានចេញសេក្ដីប្រកាសព័ត៌មាន ដោយបានសម្ដែងក្តីកង្វល់ថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានបំបិទសំឡេងគណបក្សប្រឆាំងនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានបង្ហាញការមិនពេញចិត្តទៅវិញដែរដោយលោកលើកឡើងថា នេះគឺជាការផ្សព្វផ្សាយព័ត៌មានមួយមិនត្រឹមត្រូវទាល់តែសោះ ខណៈបច្ចុប្បន្នគណបក្សប្រឆាំង មានសេរីភាពគ្រប់គ្រាន់ ។
លោក ផៃ ស៊ីផាន បានថ្លែងថា “ខ្ញុំជឿថា ជាការផ្សព្វផ្សាយព័ត៌មានមួយដែលមិនចំ។ ពេលបច្ចុប្បន្ននេះ គណបក្សប្រឆាំងគាត់មានសេរីភាពគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៀត តាមអង្គភាពមួយគេថា ក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នោះ ដែលខុសប្លែកពីគណបក្សដែលត្រូវបានរំលាយដោយតុលាការ"។
ពាក់ព័ន្ធទៅនឹងអតីតគណបក្សសង្រ្គោះជាតិនេះ លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ត្រូវតែគោរពពីអធិបតេយ្យភាព របស់តុលាការកម្ពុជា ។ លោកថា គណបក្សដែលត្រូវបានរំលាយ ដោយតុលាការកំពូលទៅហើយ គឺគ្មានសិទ្ធិសេរីភាពណាមកធ្វើសកម្មភាព នយោបាយទៀតឡើយ រហូតដល់៥ឆ្នាំទើបពួកគេមានសិទ្ធិ៕
(យោងតាម cpp.org.khនិងkohsantepheapdaily)
មតិពីមិត្តអ្នកអាន