Trending now

សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​​ក្នុង​រង្វង់​ ៤ ​ភាគរយ​​នៅក្នុង​ឆ្នាំ​ ២០២១

14:54 | 02/02/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​បាន​ធ្វើការ​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា​រំពឹង​ថា​នឹង​អាច​ងើប​ឡើង​វិញ​​ក្នុង​រង្វង់​ ៤ ​ភាគរយ ប្រសិនបើ​ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាព​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​​ជំងឺ​កូវីដ​ ១៩ NBC រំពឹងថា​ការចាប់ផ្តើម​ដំណើរការ​បូម​ប្រេង​ថ្មីៗ​នេះ​នឹង​ក្លាយជា​ប្រភព​ចំណូល​ថ្មី​មួយទៀត​ដល់​រដ្ឋាភិបាល​ក្នុង​ការយក​មក​អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​។

សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​​ក្នុង​រង្វង់​ ៤ ​ភាគរយ​​នៅក្នុង​ឆ្នាំ​ ២០២១ ប្រសិនបើ​ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាព​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​​ជំងឺ​កូវីដ​ ១៩។

យោងតាម​របាយការណ៍​ពី NBC ស្តីអំពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​ ២០២០ ​ចេញផ្សាយ​កាលពី​ថ្ងៃ​ ៣១ ខែធ្នូ ឆ្នាំ​ ២០២០ ជាមួយនឹង​ការព្យាករ​នៃ​កំណើនសេដ្ឋកិច្ច​នេះ អត្រា​អតិផរណា​រំពឹងថា មាន​កម្រិត​ក្រោម​ ៣ ​ភាគរយ​ដែល​ជា​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន​ជាមួយ​នឹង​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​ការរក្សាបាន​កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​។

NBC បាន​គូសបញ្ជាក់​ថា​៖ «​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា​បាន​ព្យាករ​ថា អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​អាច​សម្រេចបាន​ពី​ ៤ ​ភាគរយ ទៅ​ ៦,៨ ភាគរយ​។ ទោះជា​យ៉ាងណា ការព្យាករ​ទាំងនេះ​អាស្រ័យ​ជា​ចម្បង​លើ​ប្រសិទ្ធភាព​នៃ​ថ្នាំ​បង្ការ ល្បឿន​នៃ​ការងើប​ឡើងវិញ​នៃ​កំណើន​ក្នុង​ប្រទេស​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា និង​ការពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក​។ ​ស្ថិតក្នុង​បរិការណ៍​ខាងលើនេះ​ការបន្ត​ពង្រឹង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​ថែមទៀត​នឹង​ជួយ​ទ្រទ្រង់ និង​បន្ថយ​ការប៉ះពាល់​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​ការធ្លាក់ចុះ​វិស័យ​ខាងក្រៅ​។ ដូច្នេះ​ការបន្ត​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការលើកស្ទួយ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ការជំរុញ​នវានុវត្តន៍ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​លើ​គ្រប់​វិស័យ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការពង្រឹង​មូលដ្ឋាន​កំណើន​សកម្មភាព​ក្នុងស្រុក​»​។

លោកស្រី Inguna Dobraja នាយិកា​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក​បាន​ឱ្យដឹង​កាលពី​ពាក់កណ្តាល​ខែធ្នូ​នេះ​ថា កម្ពុជា​នៅតែ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ច្រើន​ ខណៈ​ដែល​មាន​ការចាំបាច់​សម្រាប់​ការបង្កើត​ការងារ​ដែល​រងផលប៉ះពាល់ និង​ត្រូវ​ព្យួរ​។

លោកស្រី Inguna បន្តថា​៖ «​ចក្ខុវិស័យ​កំណើន​របស់​កម្ពុជា​នៅតែ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ច្រើនណាស់​។ គោលដៅ​ដ៏សំខាន់​បំផុត​នៃ​គោលនយោបាយ​នាពេល​នេះ​គឺ​បន្ទាន់​ត្រូវធ្វើ​យ៉ាងណា​ស្ដារ​ឡើងវិញ​នូវ​ការងារ​ដែល​បាត់បង់ ឬ​ដែល​ត្រូវ​ព្យួរ​ដោយសារតែ​ការ​រាលដាល​ជំងឺ​នេះ​។ ឆ្ពោះទៅ​ពេល​ខាងមុខ​ជា​ការចាំបាច់​ដែល​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុង​ស្រុក និង​ពី​បរទេស​ឱ្យ​ទាញ​យកផលចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ្វ​ភាគី និង​ក្នុង​តំបន់​ដែល​ត្រូវបាន​បង្កើតឡើង​កាលពីពេល​ថ្មីៗ​នេះ​។ លទ្ធភាព​នេះ​អាចធ្វើ​ទៅរួច​តាមរយៈ​ការដាក់ចេញ​ឱ្យបាន​ឆាប់រហ័ស​នូវ​ច្បាប់​វិនិយោគ​មាន​ភាពប្រកួតប្រជែង និង​ប្រការ​លើកទឹកចិត្ត​នានា​ដល់​ការវិនិយោគ អមដោយ​វិធានការ​ទាំងឡាយ​សំដៅ​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើ​អាជីវកម្ម​ផងដែរ​»​។

បើ​យោងតាម NBC វិស័យ​កសិកម្ម​នឹង​បន្ត​ជា​វិស័យ​សំខាន់ និង​មាន​សក្តានុពល​ខ្ពស់​ដែល​អាចជួយ​ស្រូប​ឥទ្ធិពល​មួយផ្នែក​នៃ​វិបត្តិ ដូចជា​ភាពអត់​ការងារ​ធ្វើ ឬ​ជួយ​គាំទ្រ​ជីវភាព​ប្រជាជន​ក្រីក្រ​។ ម្យ៉ាងទៀត​ការពន្លឿន​ការធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច និង​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​ងើបឡើង​កាន់តែ​ឆាប់រហ័ស​ពី​វិបត្តិ​នា​បច្ចុប្បន្ន​នេះ​។ លើសពីនេះ ការចាប់ផ្តើម​ទទួលបាន​ចំណូល​ពី​ការផលិត​ប្រេង​នៅ​កម្ពុជា​នឹង​ផ្តល់​ជា​ប្រភព​ថវិកាជាតិ​មួយទៀត​សម្រាប់​ការអភិវឌ្ឍ​វិស័យ​អាទិភាព​នានា​នៅ​ពេល​ខាងមុខ​៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VN+)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់