Trending now

សាជីវកម្ម​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក DFC នឹង​ផ្តល់​កម្ចី​អត្រា​ការប្រាក់​ទាប​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​

09:27 | 26/09/2020 (សរុបដោយ ហេង វុធ្ធ)

ប្រមុខ​ការ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា ​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ហិរញ្ញប្បទាន​​​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​បន្ថែម​​​ទៀត​ដល់​​កម្ពុជា​ ជា​ពិសេស​​​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​​ការ​ជួយ​ស្តារ​សេដ្ឋកិច្ច​​​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩​​។​

លោក Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ និងលោក ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុង​ជំនួប​ពិភាក្សា​កាលពីថ្ងៃពុធ។ រូបថត ក្រសួងសេដ្ឋកិច្ច

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ឲ្យ​ដឹង​ថា ​ការ​អះអាង​របស់​លោក Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ត្រូវ​បាន​​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​​ ​លោក ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច​។

ក្នុង​ជំនួប​នេះ​ លោក​ Murphy បាន​ថ្លែង​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ​(DFC) ​របស់​សហរដ្ឋ​អាមេរិក​ នឹង​​ផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ដល់​វិស័យ​ឯកជន​​នៅ​​កម្ពុជា​ ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដើម្បី​​កាត់​បន្ថយ​បន្ទុក​នៃ​ការ​លំបាក​​ក្នុង​អំឡុង​ពេល​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ លោក​ថ្លែង​ថា៖ «​ដោយ​មើល​​ឃើញ​ពី​​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​​មាន​​ភាព​ទាក់ទាញ​ ហើយ​អ្នក​វិនិយោគ​អាមេរិក​ជា​ច្រើន​កំពុង​មាន​ចំណាប់​អារម្មណ៍​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ដូច្នេះ​អាមេរិក​នឹង​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​វិនិយោគ​អាមេរិក​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​គោល​បំណង ​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង ​២​ ​រួម​ចំណែក​ជួយ​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​»។​

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន លោក អូន ព័ន្ធមុនី​រ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ បាន​លើក​ឡើង​​ថា ​ការ​ផ្តល់់​ហិរញ្ញប្បទាន​​របស់​អាមេរិក​​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ពិសេស​ក្នុង​វិស័យ​សុខាភិបាល​ អប់រំ ​កសិកម្ម ​បរិស្ថាន​ និង​អភិបាលកិច្ច​។​ លោក​ថ្លែង​ថា៖ «​សហរដ្ឋ​អាមេរិក​ ក៏​ដូច​ដៃគូ​អភិវឌ្ឍន៍​​ដទៃ​ទៀត​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល​​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩»។​

លោក​បន្ត​ថា សព្វ​ថ្ងៃ​រដ្ឋាភិបាល​កម្ពុជា​​កំពុង​អនុវត្ត​វិធានការ​អន្តរាគមន៍​​សំដៅ​រក្សា​លំនឹង​សេដ្ឋកិច្ច​ សង្គម ​និង​ការ​ជំរុញ​សេដ្ឋកិច្ច​ឡើង​វិញ​។​ ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​នឹង​ប្រែ​ក្លាយ​បញ្ហា​ប្រឈម​​នៃ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​​ទៅ​ជា​កាលានុវត្តភាព​​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​។​ លោក​បញ្ជាក់​ថា៖ ​«​កិច្ច​សហ​ប្រតិបត្តិការ​​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង ​២ ​បាន​ដំណើរការ​យ៉ាង​រលូន​ និង​ប្រកប​ដោយ​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ DFC ឱ្យ​ដឹង​ថា កាល​ពី​ខែ​មិថុនា ​ឆ្នាំ​នេះ ក្រុម​ប្រឹក្សាភិបាល​​របស់ DFC បាន​អនុម័ត​នូវ​ទឹក​ប្រាក់​វិនិយោគ​ ១ ពាន់​លាន​​ដុល្លារ​​ ក្នុង​ការ​អភិវឌ្ឍ​ពិភព​លោក។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​​ភ្នំពេញ ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​​ថា DFC និង សាជីវកម្ម​វិនិយោគ​ឯកជន​​ក្រៅ​ប្រទេស​ (OPIC) បាន​ផ្តល់​​ហិរញ្ញប្ប​ទាន​ចំនួន ​១៥០ ​លានដុល្លារ​ ​ដល់​កម្ពុជា​​ជា​ពិសេស​សម្រាប់​ប្រជាជន​​ដែល​​មាន​ឱកាស​តិចតួច​ទទួល​បាន​សេវាហិរញ្ញវត្ថុ​និង SMEs។ DFC ឱ្យ​ដឹង​ថា គម្រោង​នេះ​ផ្តោត​ជា​ពិសេស​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ ដោយ​ជិត ៦០ ភាគរយ ​នៃការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​។​

អាមេរិក ​​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ឈាន​មុខ​​​គេ​របស់​កម្ពុជា ដោយ​ការ​នាំចេញ​កាល​ពី​ឆ្នាំ ​២០១៩ ​មាន​តម្លៃ​ជិត ៥,៤ ​ពាន់​លាន​ដុល្លារ ​កើន​ឡើង​ពី ៣ ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ ​២០១៥​។ អាមេរិក​បាន​ផ្ដល់​ឱ្យ​កម្ពុជា​នូវ​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ស្ថិត​ក្រោម​ប្រព័ន្ធ​ ​GSP ដែល​ផ្ដល់​លទ្ធភាព​​ឱ្យ​កម្ពុជា​អាច​​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​ខ្លួន​ដោយ​​រួច​ពន្ធ​សម្រាប់​ផលិតផល​ជាង ៥ ០០០ ​មុខ​។ ទំនិញ​ធ្វើ​ដំណើរ​ជិត ១ ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​នាំចេញ​ទៅ​អាមេរិក​កាល​ពី​ឆ្នាំ ​២០១៩ ដោយ​ស្ថិត​ក្រោម​ប្រព័ន្ធ GSP នេះ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: postkhmer និង cen)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ