Trending now

សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែមចំនួន៦០ម៉ឺនដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់​នៅកម្ពុជា

10:20 | 25/11/2020

សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារជំនួយអាម៉េរិក(USAID)បានផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦០០ ០០០ ដុល្លាអាម៉េរិក សម្រាប់ជួយដល់ការខិតខំ​ក្នុងការឆ្លើយតប​នឹង​គ្រោះ ទឹកជំនន់នៅកម្ពុជា បណ្តាលមកពីព្យុះត្រូពិកដែលមានជាបន្តបន្ទាប់គ្នា និងភ្លៀង​ខ្លាំង​ដែលមានរយៈពេលយូរតាំងពីដើម​ខែតុលា ឆ្នាំ២០២០កន្លងមក។ នេះបើតាមសេចក្ដី ប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា​ក្នុងកម្មវិធីផ្ដល់ជំនួយបន្ថែមនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា “យើងមានការអាណិតដោយមានប្រជាជនកម្ពុជា​ដែល​ងាយរងគ្រោះ ជាច្រើនមាន​ការខ្វះខាតដោយសារតែគ្រោះទឹកជំនន់​នៅឆ្នាំ​នេះ។

សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែមចំនួន៦០ម៉ឺនដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់​នៅកម្ពុជា

សហរដ្ឋ​អាមេរិក នឹងផ្តល់​ជំនួយសង្គ្រោះជាបន្ថែមក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍​ដែលរង​គ្រោះដោយ​​​គ្រោះ ទឹកជំនន់ទាំង​នេះ”។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបន្ដថា ជាមួយនឹង​ថវិកា​បន្ថែម​នេះការិយាល័យផ្តល់ជំនួយ​មនុស្សធម៌​របស់ទីភ្នាក់ងារ ជំនួយអាម៉េរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រា​បន្ទាន់​ដើម្បីជួយគ្រួសារចំនួន ៣ ៧២៥ គ្រួសារ ដែលរងផលប៉ះពាល់​ដើម្បីឱ្យ​គេទិញ​ស្បៀងអាហារ។ ឯកឧត្ដមបានបន្ថែមថា ជំនួយ​នេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លារ ដែល​ទីភ្នាក់ងារ USAID បានផ្តល់ឱ្យដំបូងដល់អង្គការ WFP បន្ទាប់ពី​មាន​គ្រោះ​ទឹកជំនន់​ភ្លាមសម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់​ដល់គ្រួសារ​ចំនួន​ជាង ២ ៥៦០ គ្រួសារនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងខេត្តពោធិ៍សាត់។

លោកស្រី Claire Conan តំណាងអង្គការស្បៀងអាហារពិភពលោក(WFP) បាន​គូស​បញ្ជាក់ថា “យើងសូម​អរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែម​នេះសម្រាប់​គ្រួសារខ្សត់ខ្សោយដែលរង​គ្រោះដោយទឹកជំនន់។ ជំនួយ​នេះ​មានសារៈសំខាន់​ណាស់​សម្រាប់ស្តារស្ថាន​ភាព​របស់គេ​ពិសេស​ដោយពួកគេជាច្រើ​នក៏រងគ្រោះផងដែរដោយសារ​បញ្ហា​ជំងឺរាតត្បាត​ជា​សកល។ អង្គការ WFP នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​និងដៃគូ​នៅក្នុងដំណាក់កាលថ្មី​នេះ​នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់”។ ក្រៅពីនេះទៀតជាមួយ នឹង​ជំនួយ​របស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មាន​លើការគ្រប់​គ្រងគ្រោះមហន្តរាយថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ចំពោះការជួយនេះបាន​រួមចំណែកធ្វើឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ​អាចតាមដានហានិភ័យ​និងផលប៉ះពាល់នៅពេលមានគ្រោះទឹកជំនន់ ហើយអាច កៀរគរ​ធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតបនៅតាមតំបន់ដែលរងផលប៉ះពាល់។

លោកស្រីបានលើកឡើងថា ដោយមានជំនួយ​របស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយដល់វេទិកាឆ្លើយតបមនុស្សធម៌ដោយជួយធ្វើការសម្របសម្រួល​ការឆ្លើយ​តប​នឹងគ្រោះទឹកជំនន់នៅក្នុងវិស័យ​នានា ហើយធ្វើសេចក្តីរាយការណ៍អំពីស្ថាន​ភាពទឹក​ជំនន់​នៅក្នុងពេលមានវិបត្តិកើតឡើង។

សូមបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០០មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួន​ជិត១៣លានដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យសម្រាប់ការត្រៀមបម្រុង​និង​សម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ​នៅកម្ពុជា។ ក្នុងឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក ​កំពុងធ្វើការរម្លឹកខួបលើកទី៧០នៃការបង្កើតទំនាក់ទំន​ងការទូត​រវាងប្រទេស​ទាំងពីរ៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម