លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ចំពោះការផ្ដល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្ពុជាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ព្រមទាំងបានលើកឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចកសាងអនាគតប្រកបដោយចីរភាព។
លោក ហ៊ុន សែន ពេលថ្លែងទៅកាន់កិច្ចប្រជុំតាមរយៈវីដេអូ។ រូបថត SPM
ការថ្លែងអំណរគុណរបស់លោកគឺជាចំណុចមួយនៃសុន្ទរកថាគន្លឹះដែលលោកថ្លែងក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃទី ២២ កញ្ញា ខណៈដែលវេទិកាសេដ្ឋកិច្ចពិភពលោកកំពុងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ក្រោមប្រធានបទ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាព នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន»។
នៅក្នុងចំណុចចុងក្រោយនៃសុន្ទរកថានោះលោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងកម្រិតសកល យើងត្រូវបន្តធានាឱ្យបាននូវនិរន្តរភាពនៃការផ្ដល់ជំនួយអន្តរជាតិ ជាពិសេសជំនួយផ្នែកហិរញ្ញវត្ថុចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីបន្តជំរុញចលនការនៃការកែទម្រង់ប្រកបដោយចីរភាព ដែលជារបៀបវារៈឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
លោកបន្តថា៖ «ក្នុងបរិការណ៍នេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះការផ្តល់កិច្ចសហការប្រកបដោយបុរេសកម្ម និងការផ្តល់នូវជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដែលបានជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ»។
ក្រៅពីជំនួយលោកក៏បានលើកឡើងនូវគំនិតមួយចំនួនសម្រាប់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍កសាងអនាគតប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាលនីមួយៗត្រូវតែប្រឹងប្រែងឱ្យបានជាអតិបរមានូវការកាត់បន្ថយផលប៉ះពាល់ ដើម្បីធានាលំនឹងជីវភាពរស់នៅរបស់ពលរដ្ឋ ជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការធុរកិច្ច និងការវិនិយោគ។ ក្រៅពីនេះ លោកក៏បានបង្ហាញពីបទពិសោធនៅកម្ពុជាដែលរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាប់ ៥ ជុំរួចមកហើយ ព្រមទាំងនឹងដាក់ចេញនូវវិធានការបន្ថែមទៀត។
ប្រទេសនានាគួរប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការធ្វើកំណែទម្រង់របស់ខ្លួន។ នៅកម្ពុជាការធ្វើកំណែទម្រង់មិនត្រូវបានបន្ថយល្បឿនទេ ផ្ទុយទៅវិញកម្ពុជាបង្កើនភាពប្រកួតប្រជែងតាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគ។
ដោយសារតែជំងឺកូវីដ ១៩ បាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុសាធារណៈ ជាពិសេសចំណូលរដ្ឋលោក ហ៊ុន សែន បានស្នើថា រដ្ឋាភិបាលត្រូវដាក់ចេញនូវយន្តការថ្មីដើម្បីកៀរគរធនធានហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់នាពេលអនាគត។ យន្តការមួយដែលមិនអាចខ្វះបាន គឺការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន។
លោកលើកឡើងថា៖ «នៅក្នុងបរិការណ៍ដ៏លំបាកនេះ ដើម្បីធានាជំរុញការកែទម្រង់របស់ខ្លួនទៅមុខ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកលពោលគឺ ការរក្សានូវភាពជាដៃគូ ទាំងទ្វេភាគី និងពហុភាគីសំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការលើកឡើងរបស់លោក ហ៊ុន សែន អំពីការបន្តផ្ដល់ជំនួយសម្រាប់ប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍គឺវាស្របទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលចែងថា ប្រទេសអ្នកមានត្រូវជួយដល់ប្រទេសក្រីក្រ។
បើតាមលោក វណ្ណៈ ចាប់តាំងពីមានបញ្ហាកូវីដ ១៩ មកកម្ពុជាទទួលបានទាំងជំនួយ និងកម្ចីពីប្រទេស និងដៃគូអភិឌ្ឍន៍មួយចំនួន។ ទោះយ៉ាងណាលោកថ្លែងថា ការផ្ដល់ជំនួយដល់កម្ពុជានេះមិនគ្រប់គ្រាន់ទេ ដែលតម្រូវឱ្យរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាជាច្រើនរយលានដុល្លារដើម្បីទប់ទល់នឹងផលប៉ះពាល់។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងពីថ្ងៃពុធថា ចាប់ពីមានការរាតត្បាតជំងឺកូវីដ ១៩ មកការផ្ដល់ជំនួយពីប្រទេសអ្នកមានដល់ប្រទេសក្រីក្រហាក់ដូចជាថយចុះ ដោយសារតែប្រទេសអ្នកមានក៏ត្រូវដោះស្រាយវិបត្តិដែលបង្កដោយកូវីដ ១៩ នេះដែរ។
ដោយនិយាយដល់កម្ចីដែលកម្ពុជាទទួលបានលោក គិម អេង បញ្ជាក់ថា៖ «រឿងទាំងអស់នេះគឺជារឿងប្រសើរហើយក្នុងការជួយបន្ធូរបន្ថយភាពតានតឹងសម្រាប់កម្ពុជា។ ប៉ុន្តែរឿងដែលសំខាន់បំផុតគឺកម្ពុជាត្រូវប្រឹងប្រែងយ៉ាងណាបង្ហាញនូវតម្លាភាពក្នុងការចាយវាយ ប្រើប្រាស់កម្ចីទាំងអស់នោះធ្វើយ៉ាងណាកុំឱ្យកម្ចីទាំងនោះវាធ្លាក់ក្នុងអំពើពុករលួយ»៕
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន