លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ ១៩ និងពេលខាងមុខ» ដោយបានបញ្ជាក់ពីការរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ទាំងទ្វេភាគី និងពហុភាគីក្នុងកិច្ចប្រឹងប្រែងស្តារស្ថានភាពសង្គមសេដ្ឋកិច្ច និងលើកស្ទួយនូវវិបុលភាពសម្រាប់ទាំងអស់គ្នា បន្ទាប់ពីមើលឃើញការប្រកាន់យកគោលការណ៍គាំពារនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួន ក្រោយវិបត្តិនៃជំងឺកូវីដ ១៩។
លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល។ រូបថត SPM
លោកនាយករដ្ឋមន្ត្រី ថ្លែងថា៖ «កម្ពុជាបន្តគាំទ្រយ៉ាងមោះមុតលើតួនាទីរបស់អង្គការសហប្រជាជាតិ ព្រមទាំងសូមលើកទឹកចិត្តដល់អង្គការសហប្រជាជាតិឱ្យបន្តបំពេញតួនាទីរបស់ខ្លួនក្នុងការគាំទ្រដល់រដ្ឋជាសមាជិកទាំងអស់ ជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍»។
«ខ្ញុំជឿជាក់ថា កិច្ចប្រឹងប្រែង និងកិច្ចសហការគ្នាដែលកាន់តែមានភាពប្រទាក់ក្រឡា ស្អិតល្មួត និងឆ្លើយតបគ្នាទៅវិញទៅមកកាន់តែខ្ពស់នឹងជួយឱ្យយើងអាចសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាព ជាក់ជាមិនខាន ទោះជាអាចត្រូវប្រឈមនឹងការពន្យារពេលខ្លះក៏ដោយ»។
ការបង្ហាញជំហររបស់កម្ពុជាក្នុងការចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគីនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ ដោយលោកនាយករដ្ឋមន្ត្រីបានមើលឃើញ ការថមថយនៃកិច្ចប្រឹងប្រែងរបស់ប្រទេសនីមួយៗឈរលើភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោបាយ និងធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោក ហ៊ុន សែន ថ្លែងថា៖ «ការកើនឡើងនូវការប្រកាន់យកគោលការណ៍គាំពារនិយមជ្រុលរបស់ប្រទេសមហាអំណាចមួយចំនួន ដែលកំពុងតែបំផ្លាញប្រព័ន្ធពហុភាគីនិយម សកលភាវូបនីយកម្ម និងក្របខ័ណ្ឌនៃកិច្ចសហការជាអន្តរជាតិផ្សេងទៀត ហើយក៏ជាដំណើរបញ្ច្រាស់ទិសនៃកិច្ចប្រឹងប្រែងសំដៅសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានឱ្យដឹងថា អ្វីដែលរដ្ឋាភិបាលកម្ពុជាត្រូវតែខ្នះខ្នែង គឺគួរស្វែងរកជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អន្តរជាតិ និងប្រទេសនៅក្នុងតំបន់ឱ្យបានច្រើនបំផុត ដើម្បីយកមកធ្វើការអភិវឌ្ឍប្រទេសឱ្យប្រែក្លាយទៅប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់។
លោក ឡៅ ម៉ុងហៃ បានអះអាងថា ដើម្បីឱ្យប្រទេស ១ នេះទៅជាប្រទេសអភិវឌ្ឍន៍ គឺគម្រោងកសាងមូលដ្ឋាននៃផលិតផលសម្រេចសម្រាប់នាំចេញទៅលក់នៅទីផ្សារក្រៅប្រទេស រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទាក់ទាញ និងទ្រទ្រង់វិនិយោគទុនក្នុងវិស័យសិប្បកម្ម និងឧស្សាហកម្មកែច្នៃឱ្យផលិតទំនិញមានគុណភាព និងតម្លៃដែលអាចប្រកួតប្រជែងនៅទីផ្សារក្រៅប្រទេសបាន៕
(ប្រភពព័ត៌មាន: Postkhmer)
មតិពីមិត្តអ្នកអាន