Trending now

រាជរដ្ឋាភិបាល អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់បន្តចាយប្រាក់ដុល្លារតូចៗជាធម្មតា

19:46 | 29/05/2020 (សរុបដោយវិច្ឆិកា)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ និងផ្ញើសារជូនប្រជាពលរដ្ឋទាំងអស់ថា ក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ហើយមិនមានការកាត់ទឹកអ្វីទាំងអស់។

សម្តេចតេជោ ហ៊ុន សែន៖ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ហើយមិនមានការកាត់ទឹកអ្វីទាំងអស់។ (ប្រភព៖ Facebook ផ្លូវការនៃសម្តេចតេជោ ហ៊ុន សែន)

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឲ្យចាយ ដូចពាក្យចចាមអារាមនោះទេ»

លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធាននាយកប្រតិបត្តិ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ​បានមាន​ប្រសាសន៍បញ្ជាក់ថា ធនាគារ​ក៏ដូចជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ គឺនៅតែ​ទទួលយក​ក្រដាស​ប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារពី​អតិថិជន​ដដែលទេ។ ដូច្នេះសូមប្រជាពលរដ្ឋ​រក្សាភាពស្ងប់​ស្ងាត់ និងនៅ​តែបន្តចាយ​ក្រដាស​ប្រាក់​ដុល្លារ​តូចៗនេះ នៅតាមទីផ្សារ​ដូចសព្វដង ពីព្រោះវិធានការ​របស់​ធនាគារជាតិ​នៃកម្ពុជា មិនមែនមាន​ន័យថា ជាការហាមឃាត់​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារអាមេរិក​ប្រភេទតូចៗ​ទាំងនេះ លើទីផ្សារនោះទេ។

លោកឧកញ៉ាបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា​កាលពីថ្ងៃទី២៨​ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ហើយថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅតែចាយ​បាន​ដូច​ធម្មតា​នៅលើទីផ្សារ មិនមាន​ការហាម​ឃាត់នោះទេ ប៉ុន្តែអ្វីដែល​គ្រឹះស្ថានធនាគារ​ក៏ដូចគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវធ្វើនោះ គឺត្រូវ​ចំណាយ​ថវិកា​ខ្លះក្នុង​ការបង់ថ្លៃ​សេវា​ទៅ​ធនាគារជាតិ​ដូចដែល​បានដឹងហើយថា ត្រូវបង់ប្រាក់ ៣,៥​ភាគរយ​សម្រាប់ថ្លៃ​ដឹកជញ្ជូន​ក្រដាស​ប្រាក់ដុល្លារ​តូចៗនេះ​ទៅអាមេរិក​វិញ​តែប៉ុណ្ណោះ ក្រោយពីការសម្រេច​ទុកពេល៣​ខែបន្ទាប់ ចាប់ពីខែកញ្ញា​ឆ្នាំ២០២០​តទៅ»។

វិធានការរបស់​ធនាគារជាតិ​នៃកម្ពុជា លើប្រាក់ដុល្លារតូចៗនេះ គឺធ្វើឡើង​បន្ទាប់ពីមាន​កិច្ចប្រជុំ​ពិភាក្សាគ្នា​ជាមួយនឹង​តំណាង​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដោយពិនិត្យ​ឃើញថា ទាំងក្នុង​ឃ្លាំងគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិ​នៃកម្ពុជា មានការគរជន់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះត្រូវ​បាន​ធនាគារជាតិ បញ្ជាក់ថា តម្រូវការនៃ​ក្រដាស​ប្រាក់ទាំងនេះ មានកម្រិត​ទាបក្នុងទីផ្សារ។

បើតាម​ធនាគារជាតិ​នៃកម្ពុជា ក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ ប្រាក់រៀល ក៏ដូចជា​រូបិយបណ្ណ​ក្នុងតំបន់ បានធ្លាក់ចុះថ្លៃ គួរឲ្យកត់​សម្គាល់ ធៀបនឹងប្រាក់​ដុល្លារអាមេរិក។ ចំពោះប្រទេស​ក្នុងតំបន់ តម្លៃ រូបិយប័ណ្ណ​របស់គេ​ធ្លាក់ថ្លៃ គឺជាចម្បង​ដោយសារតែ​ការធ្លាក់ចុះនៃ​ការនាំចេញ និងលំហូរចេញ​នៃមូលធន។ ចំណែកឯ​កម្ពុជាវិញ ការធ្លាក់ចុះថ្លៃ​ប្រាក់រៀល គឺដោយសារតែ​តម្រូវការ ​ប្រាក់រៀល​ធ្លាក់ចុះ ដែលជាកត្តា​ចម្បង​បណ្ដាលមកពី ការថមថយ​នៃសកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និងការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ។ល។

ធនាគារជាតិទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមូលក្រដាសប្រាក់ ១$, ២$ និង ៥$ ដើម្បីដឹកចេញទៅក្រៅប្រទេស។

បើតាមធនាគារជាតិ ការធ្លាក់ថ្លៃ​ប្រាក់រៀល ធៀបនឹងដុល្លារ​អាមេរិកនេះ មានឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជាកសិករ ដែលមានចំណូល​ជាប្រាក់​រៀល។ ដូច្នេះ ដើម្បីជំរុញ​តម្រូវការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ចរន្ដសេដ្ឋកិច្ច ជាពិសេសសម្រាប់​ប្រតិបត្តិការ​ដែលមាន​ទំហំតូច ការប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារអាមេរិក ប្រភេទតូចៗគួរតែត្រូវ​ជំនួស​ដោយប្រើប្រាស់​ប្រាក់វៀល​វិញ។

លោកឧកញ៉ា ហ៊ួត អៀងតុង​បញ្ជាក់ទៀតថា ការសម្រេច​របស់ធនាគារជាតិ​នេះ គឺជាយន្តការមួយ ដែលអាច​ជួយបានច្រើន​ក្នុងដំណើរការ​ប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន ជួយឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានស្ថិរភាពល្អ និងអត្រាប្តូរ​ប្រាក់ក៏មាន​ស្ថិរភាពល្អដែរ ប្រសិនបើកម្ពុជា​បានប្រើប្រាស់​ប្រាក់រៀល​ទូលំទូលាយ។

លោកឧកញ៉ាបន្តថា យ៉ាងណាក៏ដោយ​ការសម្រេចរបស់​ធនាគារជាតិនេះ មានរយៈពេល​ខ្លីបន្តិច សម្រាប់ការ​ជូនដំណឹង​ទៅអតិថិជន​ក្នុងការផ្លាស់ប្តូរ​របៀប​នៃការប្រើប្រាស់​ប្រាក់ដុល្លារ​តូចៗនេះ។ ហើយនៅពេល​នេះដែរ សម្រាប់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ​ក៏គ្មានអ្វី​ជាឧបសគ្គនោះទេ ខណៈប្រាក់​ដុល្លារ​តូចៗ ដែលបាន​រក្សាទុក​ក្នុងទូរ​ចំនួនត្រឹម ៨ម៉ឺនដុល្លារ ក្នុងចំណោម​ប្រាក់បង្កក​ក្នុង​ទូរ​សរុបជាង ១លាន​ដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជា​បានអះអាងថា ធនាគារជាតិ​នឹងនៅតែបន្ដ​ពិភាក្សា​ជាមួយ​នឹងគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅ​កំណត់​ពេលវេលា​ណាមួយ​សមស្រប ដើម្បីផ្អាក​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចទាំង​ស្រុង ពីគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់