Trending now

រដ្ឋមន្រ្តីក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះស្ថានីយទូរទស្សន៍ PNN ក្នុងការរួមចំណែកក្នុងវិស័យព័ត៌មាន

15:43 | 04/06/2020 (សរុនដោយសាមេត)

នាព្រឹកថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំ គណ:ប្រតិភូ អញ្ចើញទៅទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN។ នៅទីនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហាញការចាប់អារម្មណ៍ចំពោះស្ថានីយទូរទស្សន៍ PNN ដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប លំដាប់ស្តង់ដារអន្តរជាតិ និងការផ្សាយតាមប្រព័ន្ធឌីជីថលមុនគេ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំ គណ:ប្រតិភូ អញ្ចើញទៅទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN

បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងទូទៅនៃស្ថានីយទូរទស្សន៍ ភីអិនអិន បាន​បង្ហាញ​ដល់​គណៈប្រតិភូក្រសួងព័ត៌មាន និងដឹកនាំទៅទស្សនាទីតាំងសំខាន់ៗ នៅក្នុង​ស្ថានីយ​ រួមមាន បន្ទប់​បច្ចេកទេសបំពាក់ដោយឧបករណ៍ទំនើបៗចុងក្រោយ បន្ទប់​កាត់​ត​សំឡេង បន្ទប់បញ្ចូល​សំឡេង បន្ទប់ថតកម្មវិធី ស្ទូតឌីយោ កន្លែងបញ្ចូល​សំឡេង​ភាពយន្ត​បរទេស រថយន្តផ្សាយ​ចល័ត រួមនឹងទីតាំងសំខាន់ៗជាច្រើនទៀត។ ទន្ទឹមនេះ ទូរទស្សន៍ ភីអិនអិន បានប្រមូលផ្តុំ​ដោយអ្នកជំនាញដែលមាន​បទពិសោធន៍ច្រើនឆ្នាំ ក្នុង​វិស័យ​សោត​ទស្សន៍ និង​វិស័យសារព័ត៌មាន ខណៈពេលដែលទូរទស្សន៍នេះ​ទើបតែបង្កើត​ថ្មីក្ដី ប៉ុន្តែបាន​ក្លាយជាប្រព័ន្ធផ្សព្វផ្សាយ​មួយឈានមុខគេនៅកម្ពុជា​ដែលបានផ្តល់ជូន សាធារណជន​នូវ​ព័ត៌មានប្រកប​ដោយ​វិជ្ជាជីវៈ និងការកម្សាន្តដ៏សម្បូរបែប។ ស្ថានីយ​ទូរទស្សន៍ ភីអិនអិន បានក្លាយជាកន្លែងទទួលស្វាគមន៍ដំណើរទស្សនកិច្ច ពីសំណាក់​សិស្ស និស្សិត មន្ត្រីរាជ​ការ ក្រុមហ៊ុនឯកជន រួមទាំងភ្ញៀវអន្តរជាតិជាបន្តបន្ទាប់។

លោក ប៉ែន បូណា និពន្ធនាយកផ្នែកព័ត៌មានរបស់ទូរទស្សន៍ ភីអិនអិន បាន​បញ្ជាក់​ប្រាប់គណៈប្រតិភូថា ស្ថានីយទូរទស្សន៍បានបង្កើតឡើងមកដល់ពេលនេះមាន​រយៈពេល​ជិត៥ ឆ្នាំហើយ ដោយ​បច្ចុប្បន្នមានបុគ្គលិកកំពុងបំពេញការងារប្រមាណជាង ៣០០នាក់។ លោកបានបន្ដថា ក្នុងស្ថានីយទូរស្សន៍នេះ មានស្ទូតឌីយោថតចំនួន០៥ ក្នុងនោះធំៗចំនួន ០៣ មានរថយន្តចល័ត០១ គ្រឿង ដែលអាចបំពាក់កាមេរ៉ា ថតផ្សាយបានចំនួន ៣២ គ្រឿង ដែលមានភាពងាយស្រួលក្នុងការថតនូវរាល់កម្មវិធីធំៗ រួមទាំងព្រឹត្តការណ៍​កីឡា​ផ្សេងៗបាន។ លោកបានបន្ថែមថា ទូរទស្សន៍នេះបានធ្វើការផ្សាយជាមួយនឹងបណ្តាញ​គ្រប​ដណ្តប់ការផ្សាយធំ​ទូលាយរហូតដល់ ៩៥ ភាគរយ នៃផ្ទៃ​ប្រទេសកម្ពុជា ដែលមា​ន​គុណភាពរូបភាពច្បាស់ល្អ និងធ្វើការផ្សព្វផ្សាយ​តាមបច្ចេកទេស ស្តង់ដារ ដែល​មិនធ្លាប់​មាន​ពីមុនមក។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនក្រសួងព័ត៌មាន ជាអ្នករៀបចំធ្វើការផ្លាស់​ប្តូរប្រព័ន្ធ​ផ្សាយទូរទស្សន៍ ពីអាណាឡូក ទៅជា ឌីជីថល ដែលជាកិច្ចការងារចាំបាច់សម្រាប់​កម្ពុជា​ត្រូវធ្វើ ជាពិសេស​ដោយសារនៅឆ្នាំ២០២៣ខាងមុខ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការ​ប្រកួត​កីឡាស៊ីហ្គេម ក្នុងនោះក៏ធានាឱ្យមានការផលិតឯកសារមួយចំនួន ដែលមានគុណភាព​ច្បាស់ប្រភេទ 4K ផងដែរ។


សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍ PNN មានទីតាំងស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានកសាងឡើងនៅ​លើផ្ទៃដី​ប្រមាណជាង ៥ ហិកតា ដែលមានបង្គោលអង់តែន កម្ពស់ ១៦០ ម៉ែត្រ កម្លាំងការផ្សាយ ១០ គីឡូវ៉ាត់ ហើយទូរទស្សន៍នេះ ដោយបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗ ទាន់ សម័យចុងក្រោយជាពិសេសការផ្សាយតាមប្រព័ន្ធឌីជីថលមុនគេនៅក្នុងប្រទេសកម្ពុជា៕




ស្ថានីយ៍ទូរទស្សន៍ PNN

(សរុនដោយសាមេត)

(សរុនដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន