Trending now

ផ្ទេរ​សមត្ថកិច្ច​ពី​អធិការ​ទៅ​មេ​ប៉ុស្តិ៍ ដើម្បី​ផ្តល់​សៀវភៅ​ស្នាក់នៅ​ជូន​ពលរដ្ឋ​រហ័ស

15:57 | 03/07/2020 (សរុបដោយវិច្ឆិកា)

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាស ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០២ បានឲ្យដឹងថា ប្រកាសនេះមានគោលដៅកំណត់ អំពី ការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែលលំនៅឋាននៅកម្ពុជា។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​សម្រាប់​សៀវភៅ​ស្នាក់នៅ ទុតិយតា​សៀវភៅ​ស្នាក់នៅ លិខិត​បញ្ជាក់​ទីលំនៅ ការប្រែប្រួល​នៃ​សមាជិកគ្រួសារ​ការផ្លាស់ប្តូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​កំណត់​គឺ​ក្រសួង​មហាផ្ទៃ​ត្រូវ​ផ្ទេរ​សមត្ថកិច្ច​ពី​អធិការ​នគរបាល​ក្រុង ស្រុក និង​ខណ្ឌ​ជូន​ទៅ​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ការពិនិត្យ សម្រេច​ផ្ដល់​សៀវភៅ​ស្នាក់នៅ ទុតិយតា​សៀវភៅ​ស្នាក់នៅ លិខិត​បញ្ជាក់​ទីលំនៅ ការប្រែប្រួល​នៃ​សមាជិក​គ្រួសារ ការផ្លាស់ប្ដូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​កំណត់​។

ស្រដៀង​គ្នា​នេះ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ផ្ទេរ​សមត្ថកិច្ច​ពី​ស្នងការ​នគរបាល​រាជធានី-ខេត្ត ជូនទៅ​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ ​ក្នុង​ការពិនិត្យ​សម្រេច​ផ្ដល់​សៀវភៅ​គ្រួសារ ទុតិយតា​សៀវភៅ​គ្រួសារ ការប្រែប្រួល​នៃ​សមាជិក​គ្រួសារ និង​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​គ្រួសារ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​កំណត់​។

ក្រសួង​បញ្ជាក់​ដែរថា បែបបទ និង​នីតិវិធី​នៃ​ការចុះបញ្ជី​សៀវភៅ​ស្នាក់នៅ ចុះបញ្ជី​សៀវភៅ​គ្រួសារ ការលុប ឬ​បំពេញ​បន្ថែម​សមាជិក ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​សៀវភៅ​ស្នាក់នៅ​ក្នុង​បញ្ជី​សៀវភៅ​គ្រួសារ ការផ្ដល់​ទុតិយតា ការផ្លាស់ប្ដូរ ទីលំនៅ និង​ការចុះបញ្ជី​ស្នាក់នៅ​បណ្ដោះអាសន្ន​ត្រូវ​កំណត់ ដោយ​សេចក្ដី​ណែនាំ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ដែល​បាន​ផ្ដល់​ជូន​កន្លងមក​មានតម្លៃ​គតិយុត្ត​ក្នុង​ការប្រើប្រាស់​រហូត​ដល់​ការផ្លាស់ប្ដូរ​ថ្មី​។ ប្រកាស និង​សេចក្ដី​ណែនាំ​ដែល​បាន​អនុវត្ត​ក្នុង​ការចុះបញ្ជី​ស្នាក់នៅ និង​បញ្ជី​គ្រួសារ​កន្លងមក​នៅ​បន្ត​មាន​តម្លៃ​គតិយុត្ត​អនុវត្ត​រហូត​ដល់​មាន​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​ជំនួស លើកលែង​តែ​បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​ពី​ប្រកាស​នេះ​»​។

លោក​ កង សុខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

នគរបាល​នៅ​ខេត្ត​ព្រៃវែង​ផ្តល់​សៀវភៅ​គ្រួសារ​ដល់​ពលរដ្ឋ​។ (រូបថត postkhmer)

លោក​ ឡាំ សុជាតិ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ (API) ​​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ការផ្ទេរ​សមត្ថកិច្ច​ធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជូនទៅ​ឲ្យ​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ និង​សង្កាត់ ដើម្បី​បង្ខិត​សេវា​សាធារណៈ​ឲ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពស្មុគស្មាញ​មួយកម្រិត​ថែមទៀត​។

លោក​ជំរុញ​ឲ្យ​មន្ត្រី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់​ទាំងអស់ យកចិត្ត​ទុកដាក់​បំពេញ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​។ ជាពិសេស​គោរព​តាមច្បាប់ និង​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​កន្លងមក​ដោយ​ចៀសវាង​បាតុភាព​ណាមួយ​កើតឡើង​។

លោក​បញ្ជាក់ថា​៖ «​ទាំង​សេវា ទាំង​មុខងារ ទាំង​សិទ្ធិអំណាច ផ្ទេរ​ពី​ថ្នាក់លើ​ទៅ​ថ្នាក់ក្រោម​កាន់តែ​កៀក​ជាមួយ​ប្រជាជន​គឺ​វា​ជា​ចំណុច​ល្អ ដែល​យើង​ទាំងអស់​គ្នា​ចង់​បាន​ជា​យូរហើយ​។ ការផ្ដល់​អំណាច​ទៅ​ថ្នាក់ក្រោម​កាន់តែច្រើន កាន់តែ​ល្អ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹងថា មន្ត្រី​ថ្នាក់ក្រោម​ដែល​ទទួល​តួនាទី​ហ្នឹង បំពេញ​ការងារ​ច្បាស់លាស់ ត្រឹមត្រូវ​តាមច្បាប់ ឬ​បទដ្ឋាន​គតិយុត្ត​កម្រិត​ណា​ទេ​»​។

លោក​បន្ថែម​ថា​៖ «​យើង​មាន​ការបារម្ភ​ពី​ការ​ក្លែងបន្លំ​ឯកសារ ឬ​ឃុបឃិត​ជាមួយ​ជន​អន្តោប្រវេសន៍​ធ្វើ​ឯកសារ​ទាំងអស់​ហ្នឹង​។ អ៊ីចឹង​ទេ មន្ត្រី​ជំនាញ​ថ្នាក់លើ គួរ​យកចិត្ត​ទុកដាក់​ចំណុច​ហ្នឹង​ឲ្យ​មែនទែន​»​។

លោក​ ឃួន ខន នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បានឃើញ​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​នេះ​នៅឡើយ​ទេ​។ ប៉ុន្ដែ​កន្លងមក ប្រសិន​បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ត្រូវដាក់​ពាក្យ​ស្នើសុំ​តាមរយៈ​មេភូមិ មេឃុំ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ ឬ​សង្កាត់​។ បន្ទាប់មក​ដាក់បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ឬ​ខណ្ឌ ដើម្បី​មន្ត្រីជំនាញ​ចុះហត្ថលេខា​ផ្ដល់ជូន​ជា​ផ្លូវការ​។

លោក​បាន​បន្តថា ជាទូទៅ​ការធ្វើ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ​នឹង​ត្រូវការ​រយៈពេល ១ ​សប្ដាហ៍ ឬ​លើស​ពី​នេះ​រយៈពេល ៣ ឬ​ ៤ ​ថ្ងៃ​ទៀត អាស្រ័យ​លើ​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រវល់​ការងារ​ផ្សេងៗ ឬ​មិន​រវល់​តែប៉ុណ្ណោះ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា បើ​ក្រសួង​មហាផ្ទៃ​គាត់​ផ្ទេរ​មក​ឲ្យ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ ឬ​សង្កាត់​ជា​អ្នកធ្វើ ឬ​សម្រេច​បែប​នេះ គឺជា​ការសម្រួល​នូវ​នីតិវិធី​ច្រើន​ជូន​ប្រជាពលរដ្ឋ​យើង ហើយ​យើង​នឹង​មិន​ចំណាយ​ពេលវេលា​រង់ចាំ​យូរថ្ងៃ​ដូច​មុន​ទៀតផង​។ ពីមុន​យើង​ត្រូវ​រង់ចាំ​ចាប់ពី​ ១ ​សប្ដាហ៍​។ ក្រោយមក​មន្ត្រី​ប៉ុស្ដិ៍​ពួកខ្ញុំ​ត្រូវ​យក​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​ទៅជូន​ពលរដ្ឋ​យើង​ផ្ទាល់​តែម្ដង​»​។

តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​ ១៩៩៧ បាន​ចែងថា សៀវភៅ​គ្រួសារ​ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​បញ្ជាក់​ពី​សមាជិក​គ្រួសារ​ដែលមាន​សញ្ជាតិ​ខ្មែរ និង​ពី​ចំណង​ញាតិភាព​នៃ​គ្រួសារ​នីមួយៗ រួមមាន​សហព័ទ្ធ និង​កូនបង្កើត ឬ​កូនសុំ​។ គ្រួសារ​នីមួយៗ​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ត្រូវ​មាន​សៀវភៅ​គ្រួសារ​មួយ​។ រីឯ​ជនបរទេស​គ្មាន​សិទ្ធិ​កាន់កាប់ ប្រើប្រាស់​សៀវភៅ​គ្រួសារ​នេះ​ទេ​។

ជន​ណា​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ ហើយ​ក្លែងបន្លំ​តាម​រូបភាព​ណាក៏ដោយ ដើម្បី​កាន់កាប់​សៀវភៅ​គ្រួសារ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា ដែល​អនុវត្ត​ភារកិច្ច​នេះ​ផ្ទុយ​ពី​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​ស្តីពី​សៀវភៅ​គ្រួសារ​នេះ ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ