តំណាងប្រទេសនានាបានឯកភាពនឹងសំណើរបស់កម្ពុជាក្នុងការលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១ ដោយសារហានិភ័យនៃការរីករាលដាលនៃ COVID-១៩ ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រធានគណៈប្រតិភូ អញ្ជើញថតរូបរួម នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ២ នៃកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុបលើកទី ១២ (ASEM ១២) ថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៨ នៅទីក្រុង Brussels (នៃប្រទេសបែលហ្ស៊ិក) ។ (រូបថត៖ VNA)
នាថ្ងៃទី ៤ ខែមីនា ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាប្រទេសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានចេញការសម្រេចនេះ ក្នុងកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៉ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៉ី-អឺរ៉ុប និងមានការចូលរួមពីឧត្តមមន្រ្តី ទទួលបន្ទុកកិច្ចប្រជុំអាស៉ី-អឺរ៉ុប នៃបណ្តាប្រទេស និងស្ថាប័នតំបន់ជាដៃគូ ASEM ទាំងអស់ផងដែរ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៉ី-អឺរ៉ុប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចប្រជុំបានគាំទ្រជាឯកច្ឆ័ន្ទដល់កម្ពុជា លើកកាលបរិច្ឆេទកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ទៅចុងឆ្នាំ២០២១ វិញ ដោយសារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩ នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ»។
សេចក្តីប្រាកសបានបន្ថែមថា លើសពីនេះ ការលើកពេលនេះ គឺមិនគ្រាន់តែមានគោលបំណងធានាសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ASEM អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យបានថាអន្តរទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ គឺប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ហើយធ្វើការផ្លាស់ប្តូរទស្សនៈដោយត្រង់ទៅត្រង់មក និងមានលក្ខណៈស្ថាបនា លើបញ្ហាតំបន់ និងសកលទាំងឡាយណា ដែលប៉ះពាល់ប្រយោជន៍រួម ថែមទៀតផង។ មានតែការរៀបចំកិច្ចប្រជុំកំពូលជារូបវ័ន្តប៉ុណ្ណោះ ទើបអាចសម្រេចបានគោលបំណងខាងលើនេះ។
ទោះជាយ៉ាងនេះក្តី ឧត្តមមន្ត្រីអាស៉ី-អឺរ៉ុប បានសម្ដែងការសាទរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបន្តប្ដេជ្ញារៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ក្នុងទម្រង់ជារូបវ័ន្ត ក៏ដូចជាបន្តរក្សាវឌ្ឍនភាពនៃដំណើរការ ASEM ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃការកើតមានជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតជុំវិញពិភពលោកយ៉ាងណាក៏ដោយ./.
(បូកសរុបដោយឌីណា)
មតិពីមិត្តអ្នកអាន