Trending now

តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹង​អាច​សម្រាល​បន្ទុក ក្រោយ​ពី EBA ត្រូវ​បាន​ដក​ផ្នែក​ខ្លះ ដែរ​ឬទេ?

15:25 | 19/02/2020 (សរុបដោយវិច្ឆិកា)

ក្រោយពីសហភាពអឺរ៉ុប ប្រកាសថាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នោះ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ សេចក្ដីប្រកាសដកនេះ នឹងចូលធរមានហើយ មានន័យថា ផលិតផលវិស័យកាត់ដេរប្រមាណ ២០% នឹងត្រូវតម្រូវឲ្យបង់ពន្ធនាំចូលទៅអឺរ៉ុប។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជាឯណេះវិញ ក៏មិននៅស្ងៀមដែរ ពោលគឺបាននិងកំពុងខ្នះខ្នែងស្វែងរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិន ដោយរំពឹងថា នឹងអាចបញ្ចប់កិច្ចចរចានៅពាក់កណ្ដាលឆ្នាំនេះ និងចុះហត្ថលេខានៅចុងឆ្នាំនេះផងដែរ។

បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ចង្អៀត​គណៈកម្មការ​ធិ​ការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ កាលពី​ពេល​ថ្មី​ៗ​នេះ ស្ដី​ពី​លទ្ធផល​នៃ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន និង​គោលការណ៍​សម្រាប់​ការ​ចរចា​បន្ដ ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អន្តរក្រសួង ឃើញ​ថា អង្គប្រជុំ​នេះ បាន​ឯកភាព​លើ​គម្រោង​បញ្ចប់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០​ខាង​មុខ​នេះ នឹង​គ្រោង​ចុះហត្ថលេខា​នៅ​ដំណាច់ឆ្នាំ​២០២០​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ការ​ប្រកាស​ពី​គម្រោង​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០​ខាង​មុខ​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​ភាគី​ទាំង​ពីរ បាន​ជួប​ពិភាក្សា​ក្នុង​ដំណើរការ​ទាក់ទង​នឹង​ការ​ចរចា​នេះ ចំនួន ២​ដង​រួច​មក​ហើយ​។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បើក​កិច្ចប្រជុំ​ចង្អៀត​មួយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ការ​ដក​ផ្នែក​ខ្លះ នៃ​ការ​អនុគ្រោះ​ពន្ធ EBA ហើយ​ក្រសួង​សេដ្ឋកិច្ច ក៏​បាន​រំលេច​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ពី​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នេះ​ផង​ដែរ​។ក្រសួង​សេដ្ឋកិច្ច បាន​អះអាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា «​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ សេវា និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​២​។​»

លោក គុណ ញឹម ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ស្តីពី​គយ​កម្ពុជា​កាលពី​ម្សិលមិញ​។ (ប្រភព៖​ postkhmer)

ក្នុង​ឱកាស​ចូលរួម «​វេទិកា​ស្តីពី​គយ​កម្ពុជា​លើក​ទី​ ១» ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ខណៈ​បច្ចុប្បន្ន​មាន​មនុស្ស​ជាច្រើន​កំពុង​និយាយ​ពី​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ភាពអនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នោះ​អ្វីៗ​នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​នៅពេល​ដែល​កម្ពុជា​អាចឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​កម្ពុជា​កំពុងតែ​ចរចា​ជាមួយ​មិត្ត​ចិន ដើម្បី​ធ្វើ FTA​។ បើសិន​កម្ពុជា​មាន​កិច្ចព្រមព្រៀង FTA ជាមួយ​មិត្ត​ចិន ខ្ញុំ​ជឿថា​រាល់ដង​ដែល​យើង​តែង​និយាយ​ពី EBA នោះ​យើង​នឹង​ឈប់​និយាយ ព្រោះ​ពេល​ដែល​យើង​មាន FTA ជាមួយ​ចិន ខ្ញុំ​ជឿថា​ចំនួន​រោងចក្រ​ថ្មីៗ​នៅ​កម្ពុជា​នឹង​កើន​ឱកាស​ការងារ​ក៏​មាន​ច្រើន​ដែរ​»​។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ៕ (ប្រភព៖​ cambodiaproperty)

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ថា តើ​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន អាច​នឹង​ជួយ​សម្រាល​បន្ទុក EBA ដែល​ទើបតែ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ប្រកាស​ម្រេច​ដក​ផ្នែក​ខ្លះ កាលពី​ពេល​ថ្មី​ៗ​ដែរ ឬ​យ៉ាងណា? លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​អះអាង​ថា មាន EBA ឬ​អត់ EBA វា​មិនមែន​ជា​បញ្ហា តែ​វា​អ្វី​ដែល​សំខាន់ គឺ​សមត្ថភាព​នៃ​ការ​ធ្វើ​ពិ​ធិ​កម្ម​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា​។ លោក​បន្ថែម​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នេះ ក៏​ជា​រឿង​មួយ​ល្អ​ដែរ ក្នុង​ការ​ទប់ទល់​នឹង​ហានិភ័យ​សេដ្ឋកិច្ច​។

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បាន​ប្រសាសន៍​ថា «​បើ​យើង​គិត​ឲ្យ​ទូលាយ មាន ​EBA ឬ​មិន​មាន វា​អត់​ជា​បញ្ហា​ទេ យើង​ត្រូវ​តែ persify (​ធ្វើ​ពិពិធ​កម្ម​) ឲ្យ​មាន​គ្រប់​ជ្រុងជ្រោយ គ្រប់កន្លែង​ទាំងអស់ ឲ្យ​ច្រើន​។ អ៊ីចឹង​ទៅ ធ្វើ​ជាមួយ​ចិន​អី​បាន​ខ្លះទៅ? វា​ល្អ​សម្រាប់​យើង វា​បាន​មួយ​អត់​មួយ អាហ្នឹង​ជា​គោលនយោបាយ ដែល​ជួយ​សម្រួល​កុំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ប្រទេស​យើង ដូចនេះ​វា​ល្អ​តើ​!»​។

ទោះ​យ៉ាងណា ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ បាន​បន្ថែម​ទៀត​ថា កម្ពុជា​ក៏​មិន​ត្រូវ​ផ្ដោត​តែ​លើ​ទីផ្សារ​ចិន​តែ​មួយ​នោះ​ដែរ ពោល​គឺ​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ជា​យុទ្ធសាស្ត្រ​ត្រៀម​ទុក​មុន ពី​ការ​ប្រឈម​នឹង​ហានិភ័យ​នៅ​ពេល​អនាគត​។

ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​បាន​មើល​ការ​សែត​ជប៉ុន​មួយ​បាន​សរសេរ​ថា EU បន្តឹង​EBA​ទៅ ឲ្យ​ខ្មែរ​នឹងរ​ត់រក​ចិន​។ គឺ​វា​អ៊ីចឹង​មែន បើ​មិន​ចឹ​ង​ទេ​ខ្មែរ​យើង​ងាប់ តែ​យើង​មិនមែន​ទទួល​ចិន​តែ​មួយ​មុខ នរណា​ៗ​ក៏​ត្រូវ​តែ​ទទួល​ដែរ គឺ​ត្រូវ​មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ បើ​គិត​ពី​ចិន​តែ​មួយ​មុខ នៅ​ពេល​ដែល​ចិន​ឈ្លោះ​ជាមួយ​យើង​ទៅ ចិន​ធ្វើ​ដូច EBA យើង​នឹង​មាន​បញ្ហា​មិន​ខាន​»​។

ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ (ប្រភព៖​ ខេ​ម​បូ​ណូ​មី​ស)

ទាក់ទិន​នឹង​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ឯកឧត្តម ស៊ា​ង ថៃ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចរចា​ច្រើន​លើក​ច្រើន​សារ កម្ពុជា​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។ ឯកឧត្តម ស៊ា​ង ថៃ មាន​ប្រសាសន៍​ថា «​វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន ហើយ​វា​មិន​ចាំបាច់​សំដៅ​តែ​លើ EBA ទេ កាលណា​យើង​ធ្វើ​សេរី​ជាមួយ​គ្នា​បាន អ្វី​ៗ​វា​នឹង​ប្រសើរ​ទាំងអស់ ពីព្រោះ​សព្វថ្ងៃ ឧទាហរណ៍​ថា ផលិតផល​ដែល​កម្ពុជា​មាន​ហើយ តែ​អាច​នាំ​ទៅ​ប្រទេស​ចិន​ហ្នឹង​បាន តែ​វា​ជាប់​របាំង​មិនមែន​ពន្ធ នាំ​ទៅ​អត់​បាន​ចំពោះ​ទំនិញ​មួយ​ចំនួន ដោយសារ​តែ​វា​ពាក់ព័ន្ធ​ទៅ​នឹង​អនាម័យ​។ អ៊ីចឹង​កិច្ចព្រមព្រៀង​ដែល​យើង​កំពុង​តែ​ចរចា​នេះ នឹង​ជួយ​សម្រួល​ដល់​នាំ​ចេញ​នូវ​ទំនិញ​មួយ​ចំនួន​ដែល​កំពុង​តែ​មាន​របាំង​ហ្នឹងឯង​»​។

ប្រទេស​ចិន​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ដៃគូរ​វិនិយោគ​ដ៏​ធំ​របស់​កម្ពុជា និង​ជា​ដៃគូ​នាំ​ចូល​ទំនិញ​ធំ​ជាងគេ​មក​កម្ពុជា ប៉ុន្ដែ​ចិន មិន​បាន​ជាប់​តំណែង​ជាទី​ផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​នោះ​ទេ​។ ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន បាន​យក​វិស័យ​ចំនួន​១០ មក​ចរចា​គ្នា ដែល​ត្រៀម​ច​ចារ​បញ្ចប់​ពាក់កណ្តាល​ឆ្នាំ​នេះ និង​ចុះហត្ថលេខា​នៅ​ចុងឆ្នាំ​២០២០ នេះ​ផង​ដែរ​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់