Trending now

"ដំរី​ឯកា​បំផុត"​របស់​ពិភពលោក ទីបំផុត​ បាន​មកដល់ផ្ទះថ្មី នៅលើទឹកដី​កម្ពុជា​ហើយ

09:46 | 30/11/2020 (សរុបដោយវិច្ឆិកា)

នៅថ្ងៃទី៣០ វិច្ឆិកា នេះ ដំរី​​​អាយុ ៣៥ឆ្នាំ ឈ្មោះ Kaavan (ខាវ៉ាន់) ដែល​គេ​ឲ្យ​ឈ្មោះ​ថា "ដំរី​ឯកា​បំផុត​នៅលើ​ពិភពលោក" បាន​មក​ដល់​ផ្ទះថ្មី នៅ​លើ​ទឹក​ដី​ភាគពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ហើយ បន្ទាប់ពី​រស់នៅក្នុងស្ថានភាព​លំបាក​លំបិន​អស់រយៈពេល​ជាច្រើន​ឆ្នាំ នៅឯ​សួនសត្វមួយ ក្នុង​ប្រទេសប៉ាគិស្ថាន ។

រូបភាព ដំរី ខាវ៉ាន់ នៅ​ក្នុង​សួនសត្វមួយ នៅប៉ាគិស្ថាន មុនពេល​សង្គ្រោះ​និង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា។ រូបភាព ៖ FOUR PAWS

គេហ​ទំព័រ អង្គការ Four Paws ដែល​បាន​ធ្វើការងារ​ក្នុងការជួយ​សង្គ្រោះ​ដំរី​ ខាវ៉ាន់ និងដឹក​ជញ្ជូន​មក​កម្ពុជា នៅថ្ងៃ​នេះ បានសរសេរថា "ខាវ៉ាន់ ត្រូវបាន​ជួយ​សង្គ្រោះ​ហើយ ! គាត់​បាន​មក​ដល់​​ដែន​ជម្រក​សត្វ​ព្រៃ​មួយកន្លែង នៅ​កម្ពុជា ដោយ​សុវត្ថិភាព​ហើយ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ឆាកជីវិតថ្មី !"

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ព័ត៌មាន AKP ដំរី ខាវ៉ាន់ បាន​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ មន្ត្រី​ជាន់ខ្ពស់​តំណាង​ក្រសួង​បរិស្ថាន​កម្ពុជា លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​ចូលរួម​ជាអធិបតី​ពិធី​ទទួលស្វាគមន៍​ដំរី ខាវ៉ាន់ មកកាន់​ផ្ទះថ្មី នៅ​កម្ពុជា រួមជាមួយនឹងមន្ត្រី​អង្គការស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនទៀត។

នៅក្នុង​ដំណើរមក​ដល់នៃ​ដំរី​ ខាវ៉ាន់ នៅព្រលានយន្តហោះ​អន្តរជាតិសៀមរាប គេឃើញ​វត្តមាន​តារា​ចម្រៀង​និង​ជាតាភាពយន្ត​របស់​សហរដ្ឋ​អាមេរិក អ្នកនាង Cher ដែល​បាន​ស្វាគមន៍​ការមកដល់របស់ ខាវ៉ាន់ ។ អ្នកនាង​ Cher គឺ​ជា​អ្នក​ផ្ដួចផ្ដើម​យុទ្ធនាការ​ពិភពលោក​មួយ ដើម្បីជួយសង្គ្រោះ​ ខាវ៉ាន់ ដែល​បានចាប់ផ្ដើម​កាលពីប្រមាណជាង ៤ឆ្នាំ​មុន ។

ដំរីឈ្មោល ខាវ៉ាន់ ត្រូវបានគេ​នាំ​យកទៅកាន់ប្រទេស​ប៉ាគិស្ថាន កាលវា​មានអាយុ​បាន​មួយខួប ដែលជា​អំណោយ​របស់​ប្រទេស​ស្រីលង្កា ។ កាលពីឆ្នាំ​២០១២ ខាវ៉ាន់ បាន​បាត់បង់​ដំរី​ញី​ជា​ដៃគូ​របស់ខ្លួន ឈ្មោះ សាហែលី ដែលស្លាប់​ដោយសារ​ដំបៅក្លាយ​នៅ​លើជើង ដែល​បង្ក​ឡើង​ដោយ​ច្រវាក់​ដែលគេទាក់ជើង​របស់​វា ។ គ្រានោះ រូបភាព​ដ៏គួរឲ្យ​សង្វេគ​ដែល​ ខាវ៉ាន់ ឈរ​នៅពី​លើ​សាកសព​ដំរី​ដៃគូ​របស់វា បានធ្វើ​ឲ្យ​ពិភព​លោក​រន្ធត់ចិត្ត ។ ហើយ​តាំងពីពេល​នោះ​មក ខាវ៉ាន់ ត្រូវបាន​ដាក់​ឈ្មោះឲ្យ​ថា ជា​ដំរី​ដែល​ឯកា​បំផុត​ នៅ​លើ​ពិភព​លោក ។ ម្យ៉ាងទៀត ខាវ៉ាន់ ក៏ជា​ដំរី​អាស៊ី​តែមួយគត់ ដែល​ស្ថិតនៅ​ក្នុង​ប្រទេស​​ប៉ាគិស្ថាន ផងដែរ ។

រូបភាព ដំរី ខាវ៉ាន់ នៅ​ក្នុង​សួនសត្វមួយ នៅប៉ាគិស្ថាន មុនពេល​សង្គ្រោះ​និង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា។ រូបភាព ៖ FOUR PAWS

ការជួយសង្គ្រោះ​ដំរី ខាវ៉ាន់ និង​ការនាំមក​កាន់​ផ្ទះ​ថ្មី នៅកម្ពុជា គឺ​ជា​កិច្ច​ប្រឹងប្រែង​របស់​តារាចម្រៀងអាមេរិក អ្នកនាង Cher និង​អង្គការ​សង្គ្រោះ​សត្វព្រៃ ឈ្មោះ FOUR PAWS ។ អ្នកចម្រៀង​អាមេរិក​រូប​នេះ បានធ្វើការជាមួយ​អង្គការ FOUR PAWS ដោយបានធ្វើ​ដំណើរទៅកាន់​ទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគិស្ថាន ដើម្បី​ពិនិត្យ​ស្ថានភាព​សុខភាព​របស់​ដំរី ខាវ៉ាន់ ។

ក្រោយ​មក​ទៀត តាមរយៈ​កិច្ច​ប្រឹងប្រែង​ផ្នែក​ផ្លូវ​ច្បាប់ និង​សេចក្ដីសម្រេច​របស់តុលាការ​ជាន់ខ្ពស់​របស់​ទីក្រុង​អ៊ីស្លាម៉ាបាដ ទីបំផុត ការជួយ​សង្គ្រោះ​ ខាវ៉ាន់ ចេញពី​សួនសត្វ​ដែល​មានស្ថានភាព​ដ៏អាក្រក់ ក៏ទទួលបាន​ជោគជ័យ ។

ហើយ​ ដំរី ខាវ៉ាន់ ក៏បានធ្វើដំណើរ​ដោយ​សុវត្ថភាព​មក​ដល់​កម្ពុជា ដែល​ជាបន្ទាប់ ខាវ៉ាន់ នឹង​ត្រូវគេ​យកទៅ​កាន់​ផ្ទះ​ថ្មី គឺ​នៅ​ដែនជម្រកសត្វ​ព្រៃ គូលែនព្រហ្មទេព នៅភាគពាយ័ព្យ នៃ​ប្រទេស​កម្ពុជ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ