Trending now

ជំរុញឧស្សាហកម្ម ៤.០ កម្ពុជាឆ្ពោះទៅមុខ

12:52 | 27/06/2019 (យោងតាម postkhmer.com សរុបដោយវិច្ឆិកា)

មុខវិជ្ជា​ដំឡើង​គ្រឿងចក្ររ៉ូបូត​សម្រាប់​កុមារ​ ជួយ​ជំរុញ​ឧស្សាហកម្ម ៤.០ កម្ពុជា​ឆ្ពោះ​ទៅ​មុខ

កុមារ​បញ្ជា​គ្រឿងយន្ត​ពី​កម្មវិធី​បច្ចេកវិទ្យា​លាយ​នឹង​ការកម្សាន្ត​។

ស្ថិត​ក្នុង​ចំណោម​សិស្សានុសិស្ស​ចំនួន ១០ នាក់​យុវតី សំឡូត រីណា និង រិទ្ធ សុខានាថ បង្ហាញ​ទឹកមុខ​រីករាយ​នៅពេល​ឃើញ​រ៉ូបូត​រថយន្ដ​កង់​ ២ ​របស់​ខ្លួន​ដំណើរការ​យ៉ាង​រលូន​ទៅ​តាម​ការបញ្ជា​លើ​កម្មវិធី​ទូរស័ព្ទដៃ ក្រោយពី​ចំណាយ​ពេល​ប្រមាណ​កន្លះ​ម៉ោង​ផ្គុំ​បំណែក​គ្រឿងចក្រ​តូចៗ​ក្រោម​ការបង្ហាត់បង្ហាញ​របស់​គ្រូជំនាញ​។

និយាយ​បណ្ដើរ ដៃ​បញ្ជា​រ៉ូបូត​រថយន្ដ​ប៉ុន​បាតដៃ​រត់​លើ​តុ​ដែល​ពោរពេញ​ដោយ​គ្រឿងបន្លាស់​យានយន្ដ​តូចៗ​បណ្ដើរ យុវតី សំឡូត រីណា មកពី​សាលា​ឯកជន​មួយ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការសិក្សា​​រ៉ូបូត​បាន​ប្រាប់ថា​៖ "វា​មាន​លក្ខណៈ​ប្លែក បែប​វិទ្យាសាស្ដ្រ និង​ពិតជា​អស្ចារ្យ​។ វា​គ្រាន់តែ​ជា​គ្រឿងបន្លាស់​តិចតួច​ដែល​យើង​ផ្គុំ​ចូល យើង​អាច​បញ្ជា​វា​បាន​ជាមួយ​កម្មវិធី​ទូរស័ព្ទ​។ វា​ជួយ​ដល់​ការត្រិះរិះ​ពិចារណា​"។

ការដំឡើង​គ្រឿងយន្ដ ឬ​រ៉ូបូត​ជា​មុខវិជ្ជា​សិក្សា​ថ្មី​មួយ​បែប STEM ដែល​ផ្ដោត​ការអប់រំ​ផ្នែក​បច្ចេកវិទ្យា​ផ្នែក​វិទ្យាសាស្ដ្រ​វិស្វកម្ម និង​គណិតវិទ្យា​គ្រោង​ដាក់​ដំណើរការ​សាកល្បង​នៅ​សាលា​បឋមសិក្សា​ព្រះនរោត្ដម​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ខាង​មុខ​។

យោង​តាមលោក គុយ ប៉ាន់ឆ័យ ហៅ ខេវីន ​ស្ថាបនិក​រ៉ូបូស៊ីង​កម្ពុជា​បានឲ្យដឹងថា​កម្មវិធី​បែប​បច្ចេកវិទ្យា​សាស្ត្រ​របស់​លោក​បាន​ជំរុញ​ដល់​ការអភិវឌ្ឍ​ក៏​ដូចជា​ការឆ្លើយតប​ចំពោះ​ឧស្សាហកម្ម ៤.០ ដែល​ពិភពលោក​កំណត់​សម្គាល់​ថា​ជា​បដិវត្ដន៍​លើ​ការបញ្ជា​មនុស្សយន្ដ​ដោយ​ស្វ័យប្រវត្ដិ ការបើក​ឡាន​ដោយ​ស្វ័យប្រវត្ដិ និង​បច្ចេកវិទ្យា​ទំនើបៗ​ដែល​អភិវឌ្ឍ​ចុងក្រោយ​បំផុត​ពាក់ព័ន្ធ​បច្ចេកវិទ្យា AI ការព្រីន 3D​។

លោក ខេវីន ​បាន​រៀបរាប់​អត្ថប្រយោជន៍​ត្រួសៗ​សម្រាប់​កុមារ​ដែល​បាន​ចូល​សិក្សា​វគ្គ​ដំឡើង​រ៉ូបូត​ថា ពួកគេ​អាច​ផលិត​យានយន្ដ រថក្រោះ សត្វ​មាន​ចលនា​ដូចជា ពីងពាង ខ្លា ក្រពើ គ្រឿងចក្រ​ពាក់ព័ន្ធ​សំណង់​រួមមាន​ដងសន្ទូច​លើក​វត្ថុ​ធ្ងន់ៗ​ឡើង​លើ​អគារ ព្យ៉ាណូ ម៉ាស៊ីន​ចាប់​តុក្កតា ដ្រូន​ហោះ យន្ដហោះ ឧទ្ធម្ភាគចក្រ អគារ​សួនសត្វ​ដើមឈើ​ផ្សេងៗ​។

ជាមួយ​វត្ដមាន ១០ ​ប្រទេស និង​ជាង ៣០ ​មជ្ឈមណ្ឌល​អប់រំ​ទូទាំង​ពិភពលោក ដែល​កម្ពុជា​គឺជា​ប្រទេស​ទី​ ២ (​បន្ទាប់ពី​ម៉ាឡេស៊ី​) នៅ​អាស៊ីអាគ្នេយ៍ និង​ជា​ប្រទេស​ ៥ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក RoboThink ដែល​ផ្ដោត​សំខាន់​សម្រាប់​កុមារ​អាយុ​ពី ៦ ដល់ ១៤ ឆ្នាំ ឬ​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី ៨ ជា​កម្មវិធីសិក្សា​បច្ចេកវិទ្យា​លាយ​នឹង​ការកម្សាន្ត​។

លោកស្រី Anna Sosanna Paulina van Zyl នាយិកា​គ្រប់គ្រង​ទូទៅ RoboThink learning centre-Urban Space បាន​និយាយ​ថា​៖ «​ពួកគេ​ប្រើប្រាស់​ស្នាដៃ​ផ្ទាល់​ខ្លួន​ដើម្បី​សង់​គ្រឿងចក្រ ឬ​រ៉ូបូត​ដោយ​ខ្លួនឯង​ហើយ​ពួកគេ​មាន​ចំណង់​បង្កើត​នូវ​អ្វី​ដែល​ខ្លួន​ចង់​។ ពួកគេ​ប្រាកដ​ជា​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​។ វា​ក៏​បាន​ជួយ​ពួកគេ​លើ​ជំនាញ​ទំនាក់ទំនង ការងារ​ជា​ក្រុម និង​អភិវឌ្ឍ​ក្ដី​ស្រមៃ​ផងដែរ​។ ខ្ញុំ​គិតថា វា​គឺជា​កម្មវិធី​ដ៏អស្ចារ្យ​សម្រាប់​កុមារ​»​។

លោកស្រី Anna Sosanna Paulina van Zyl និង​លោក ខេវីន ស្ថាបនិក​ក្រុមហ៊ុន​នាំចូល​កម្មវិធី RoboThink​

ដោយសារ​កម្មវិធីសិក្សា​ផ្ដោត​លើ​រ៉ូបូត​នេះ​ជា​មុខវិជ្ជា​ថ្មី​ដែល​ដាក់​ឲ្យ​ដំណើរការ​ទាំង​ក្នុង​កម្មវិធី​របស់​ក្រសួង​ផង និង​មេរៀន​ក្រៅ​ម៉ោង​ផង សិស្សានុសិស្ស​អាយុ​ចាប់ពី ៦ ទៅ ១៤ ​ឆ្នាំ​ត្រូវ​ចាប់ផ្ដើម​ពី​វគ្គ​ដំបូង​ដូច​គ្នា​។

បើ​ទោះបី​ជា​សម្ភារ និង​ឧបករណ៍​សិក្សា​សម្រាប់​ដំឡើង​ជា​រ៉ូបូត​ដូចជា គ្រឿងបន្លាស់​ផ្សេងៗ​សុទ្ធតែ​មាន​ស្រាប់ៗ​យ៉ាងណា​ក៏ដោយ ក៏​ការ​ផ្គុំ​សម្ភារ​ទាំងនោះ​មិន​ងាយស្រួល​ប៉ុន្មាន​សម្រាប់​កុមារ​តូចៗ​ឡើយ​។

គួរ​បញ្ជាក់​ថា​ការបញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​សាលា​រដ្ឋ​មុខវិជ្ជា RoboThink មាន​រយៈពេល ៨ ​ឆ្នាំ​សម្រាប់​សិស្សានុសិស្ស​សិក្សា​រហូត​ដល់​ចប់​។ ចំពោះ​ការសិក្សា​ក្រៅ​ម៉ោង និង​ថ្នាក់​បវេសនកាល​ការសិក្សា​មាន​រយៈពេល ១៥៦ ​សប្ដាហ៍ ឬ ៣ ​ឆ្នាំ​កន្លះ​។ វា​មាន​តម្លៃ​សិក្សា ១៥០ ដុល្លារ​ក្នុង​ ១ ​ត្រីមាស​ជាមួយ​ការសិក្សា​ ១ ​សប្ដាហ៍​រយៈពេល ១ ​ម៉ោង​កន្លះ​។

បើ​ទោះបី​ជា​សិស្ស​អនុវិទ្យាល័យ​រៀន​ថ្នាក់​ទី ៨ វ័យ ១៦ ឆ្នាំ​ទាំង​ ២ ​នាក់​មាន​បំណង​ប្រាថ្នា​អនាគត​ជា​អ្នក​ជំនួញ និង​អ្នក​គ្រូពេទ្យ​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ ដែល​ពិភពលោក​កំពុង​តែ​បោះជំហាន​ទៅ​មុខ​យ៉ាង​លឿន​៕

(យោងតាម postkhmer.com សរុបដោយវិច្ឆិកា)

(យោងតាម postkhmer.com សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន