Trending now

ខេត្តកំពតផលិតអំបិលបានជិត៨,៤ម៉ឺនតោន ក្នុងឆ្នាំ២០២០

17:11 | 11/08/2020 (បូកសរុបដោយឌីណា)

អំបិល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ខេត្តកំពត​ និង​ខេត្ត​​កែប​ ជា​កន្លែង​ដែល​ទឹកសមុទ្រ​ត្រូវ​បាន​បង្ហូរ​ចូល​ក្នុង​ស្រែ​ហាល​ធំៗ​ ហើយ​បង្ហូរ​បន្ត​ទៅ​ក្នុង​វាលស្រែ​បណ្ដុះ​។​ នៅ​ពេល​ដែល​ទឹកសមុទ្រ​ហួត​អស់​ ក្រាម​អំបិល​ស្ដើងៗ​បាន​ដុះ​ពាសពេញ​ដីស្រែ​នោះ​ ហើយ​ត្រូវ​បាន​កម្មករ​គៀងគរ​ប្រមូល​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​។​

ស្រែអំបិល​ក្នុង​ខេត្តកំពត​។ (រូបថត៖ Thmey Thmey.com.khmer)

ខេត្តកំពត​ផលិត​អំបិល​បាន​សរុប ៨៣,៩៦៩​តោន សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​នានា​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ បរិមាណ​នៃ​ផល​អំបិល​នេះ គឺជា​កំណើន​១០០​ភាគរយ បើ​នឹង​រយៈពេល​២​មុន​(​ឆ្នាំ​២០១៨-​ឆ្នាំ​២០១៩) ដែល​កម្ពុជា​មិនអាច​ផលិត​អំបិល​បាន​ព្រោះតែ​ជួប​គ្រោះធម្មជាតិ ដោយមាន​ភ្លៀង​ធា្ល​ក់រ​ហូត​នៅ​ចំពេល​ប្រមូល​ផល​អំបិល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​ស្រែអំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម បច្ចេកទេស និង​នវានុវត្តន៍​ខេត្តកំពត​។​

​ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ផល​អំបិល​ទាំង​ជិត​៨,៤​ម៉ឺន​តោន​នេះ គឺ​ប្រមូលបាន​ដោយ​ប្រជាពលរដ្ឋ​ជា​អ្នក​ផលិត​ចំនួន​១៦៩​ក្រុម ក្នុង​ផ្ទៃដី​៣,៧២៦​ហិកតា​។ លោក កឹង ស៊ុន​ធាង ប្រធានការិយាល័យ​ស្រែអំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម​កំពត បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថ្ងៃទី​១០​សីហា ថា​អំបិល​ទាំងនោះ ត្រូវបាន​ក្រុម​អ្នក​ផលិត​នាំគ្នា​សម្រុក​ផលិត​និង​ប្រមូល​ផល​បានជា​បន្តបន្ទាប់ ចាប់​ខែមករា​រហូតដល់​ចុងខែ​កក្កដា​។​

«​អំបិល​ឆ្នាំនេះ ផលិត​បាន​ច្រើន​ហើយ​ថែមទាំង​មានគុណ​ភាព និង​ពណ៌​ស​ល្អ​ទៀត​»​។ បើតាម​លោក ស៊ុន​ធាង ក្នុងអំឡុងពេល​ផលិត និង​ប្រមូល​ផល​អំបិល គឺមាន​អាកាសធាតុ​ក្តៅ​រហូត​ដែលជា​កត្តា​អំណោយផល​យ៉ាង​ចម្បង​ដល់​ក្រុម​អ្នក​ផលិត​មានឱកាស​ផលិត និង​ប្រមូល​អំបិល​បាន​ច្រើន​។

​ប្រធានការិយាល័យ​ស្រែអំបិល​នៃ​មន្ទីរ​ឧស្សាហកម្ម​កំពត​រូបនេះ បាន​បញ្ជាក់ថា អំបិល​ដែល​ប្រជាកសិករ​ប្រមូលបាន​ជិត​៨,៤​ម៉ឺន​តោន​នេះ គឺមាន​៤៤,៨២២​តោន បាន​លក់​និង​ចែកចាយ​នៅ​ទូទៅ​ប្រទេស និង​មាន​នៅសល់​ជាង​៣,៩​ម៉ឺន​តោន​ទៀត មាននៅ​ឃ្លាំង សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បន្តបន្ទាប់​។ លោក​បាន​បន្ថែមថា អំបិល​ក្នុង​មួយ​បាវ​ដែលមាន​ទម្ងន់​៥០ មានតម្លៃ​ពី​៨,០០០ ទៅ​១០,០០០​រៀល​។

សូមរំលឹក​ថា ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​នាំ​ចេញ​អំបិល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​បន្តបន្ទាប់​។​ នៅ​ដើមឆ្នាំ​ ២០១៧​ ខែកុម្ភៈ​ ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បារាំង​ឈ្មោះ​ Le​ Guerandais​ កម្ពុជា​បាន​នាំ​ចេញ​អំបិល​ចំនួន​ ២០​ តោន​ទៅ​កាន់​ទីផ្សារ​បារាំង​ ដែល​ជា​ការ​នាំ​ចេញ​លើក​ដំបូង​បង្អស់​ និង​លក់​បាន​ក្នុង​តម្លៃ​ ៥៨​ ដុល្លារ​ក្នុង​មួយ​តោន​។​ យោង​តាម​​មូល​ដ្ឋាន​​ទិន្នន័យ​របស់​ United​ Nations​ Comtrade​ Database​ អំបិល​របស់​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​​ទៅលក់​ក្នុង​ទីផ្សារ​របស់​ប្រទេស​ ហូ​ឡង់​ ចំនួន​ប្រហែល​ ៩០០​ តោន​ ដែល​មាន​តម្លៃ​ស្មើរ​នឹង​ទឹកប្រាក់​ ៧៥០​.០០០​ ដុល្លារ​ នៅឆ្នាំ ២០១៦./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ