Trending now

ក្រសួង​ពាណិជ្ជកម្ម​ និង​ផ្សារ​ម៉ាក្រូ​សហការ​គ្នា​ដើម្បី​អភិវឌ្ឍ​ខ្សែ​ច្រវ៉ាក់​តម្លៃ​ម្ហូប​អាហារ​

15:06 | 01/10/2020

ក្រសួងពាណិជ្ជកម្ម​តាមរយៈ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (​អេ​ម​ស៍​-AIMS) បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​ម៉ាក្រូ (​ខេ​ម​បូ​ឌា​) ស្តីពី​ការ​ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​។​

កសិករប្រមូលបន្លែនៅខេត្តមួយ

ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងពាណិជ្ជកម្ម អគ្គនាយក​ក្រុមហ៊ុន Green Trade នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ម៉ាក្រូ (​ខេ​ម​បូ​ឌា​) អគ្គនាយក​ស្តីទី​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​ប្រធាន​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (​អេ​ម​ស៍​-AIMS)​។​

​ឯកឧត្តម កឹម ស៊ីថន បាន​មានប្រសាសន៍ថា​ករណី​នៃ​វីរុស​កូ​វីដ​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​និង​ប្រទេស​កម្ពុជា​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោ​កថា​ប្រទេស​កម្ពុជា​បាន​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ខិតខំ​ធ្វើការ​ដាំ​ដុះ និង​លើកកម្ពស់​ផលិតកម្ម​កសិកម្ម​រួម​មានការ​ចិញ្ចឹមសត្វ ផលិតកម្ម​ស្រូវ និង​ការដាំដុះ​ដំណាំ​ផ្សេងៗ​ទៀត​ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​ថ្មី​សម្រាប់​កសិករ​ដែលជា​កា​លា​នុ​វត្ត​ភាព​ប្រកបដោយ​សក្តានុពល​សម្រាប់​ផលិតកម្ម​កសិកម្ម ខណៈដែល​គម្រោង AIMS បាន​ដើរតួនាទី​យ៉ាងសំខាន់​។​ លោ​កថា​ការចុះហត្ថលេខា​នេះ​មាន​គោលបំណង​បង្កើត​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​លើកកម្ពស់​ផលិតផល​របស់​ប្រទេស​កម្ពុជា​តាមរយៈ​ដៃគូ​នានា កំណត់​ឱកាស​សម្រាប់​សកម្មភាព និង​កម្មវិធី​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ដល់​ភាគី​ទាំងពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​និង​និរន្តរភាព​ក្នុង​បរិបទ​ផលិត​កម្មក​សិ​-​ពាណិជ្ជកម្ម ផលិតផល​កែច្នៃ​ក្នុងស្រុក ផលិតផល​របស់​សហ​គ្រាស​ខ្នាតតូច​និង​មធ្យម និង​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​។​

​លោក​បន្តថា​ការងារ​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​រវាង​ភាគី​ទាំងពីរ​។​ លោក​បន្ថែមថា​៖ «​គម្រោង​នេះ​នឹង​ពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​និង​ផលិតផល​សម្រេច​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​កម្ពុជា​ដទៃ​ទៀត​ដើម្បី​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជន ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម ជាពិសេស​ជំរុញ​យុទ្ធនាការ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច គឺជា​គម្រោង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD)​។ គម្រោង​នេះ​ដឹកនាំ​ប្រតិបត្តិ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​មាន​គោលដៅ​លើកស្ទួយ វិបុលភាព​កសិករ​ខ្នាតតូច​កម្ពុជា តាមរយៈ​បង្កើន​ផលចំណេញ​កាន់តែច្រើន​ដោយ​ត​ភ្ជាប់​ក​សិ​-​ពាណិជ្ជកម្ម និង​ទីផ្សារ ដោយ​ប្រតិបត្តិការ​នៅ ១៨​ខេត្ត និង​អន្តរា​គម​លើ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ទំនិញ​ពាណិជ្ជ​ចំនួន​៥ ដូចជា បន្លែ មាន់​ស្រែ ស្រូវ ដំឡូង​មី និង​សូត្រ​ឆៅ​។​

​ជាមួយគ្នានេះ​ផងដែរ ផ្សារ​ម៉ាក្រូ​ក្នុង​ខេត្តសៀមរាប បានទទួល​ទិញ​បន្លែ​សុវត្ថិភាព​ពី​ក្រុម​កសិករ​ផលិត​របស់​គម្រោង​អេ​ម​ស៍​ចំនួន ៤,៣២០​គីឡូក្រាម និង​បាន​ទិញ​មាន់​ស្រែ​ចំនួន ១៥៦​គីឡូក្រាម ខណៈដែល​ផ្សារ​ម៉ាក្រូ​នៅ​ភ្នំពេញ បានទទួល​ទិញ​បន្លែ​ពី​ក្រុម​កសិករ​ផលិត​នៅ​ការិយាល័យ​មណ្ឌល​ភូមិភាគ​បូព៌ា និង​ឦសាន ពិសេស​ក្រុម​កសិករ​ផលិត​នៅក្នុង​ខេត្តកំពង់ចាម​៕

(ប្រភពព័ត៌មាន: Khmertimes)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម