Trending now

ក្រសួងពាណិជ្ជកម្មកម្ពុជា​កំពុង​ជំរុញ​ការ​ចរចា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

14:31 | 15/05/2020

កម្ពុជា​កំពុង​ខិតខំ​រៀបចំ​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​ជា​ច្រើន ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ការ​បង្កើត​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ជាមួយ​បណ្តា​ប្រទេស​នានា​​នៅ​លើ​ពិភព​លោក ខណៈ​ការ​ចរចា​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី ​១ របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ចិន ​អាច​នឹង​ត្រូវ​បញ្ចប់​ក្នុង​ខែ​មិថុនា​ ខាង​មុខ។

សកម្ម​ភាព​​​លើក​ទូកុងតឺន័រ​ទំនិញ​​ដាក់​លើ​រថយន្ត​នៅ​​កំពង់ផែ​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅ​ក្នុង​អំឡុង​ពេល​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​រៀបចំ​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កាល​​ពី​ថ្ងៃ​ពុធ បាន​និយាយ​ថា ការ​​រៀបចំ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ដៃគូ​ គឺ​ជា​ការងារ​ចម្បង​ដែល​ក្រសួង​​កំពុង​ធ្វើ​ ដើម្បី​​ពង្រឹង​ភាព​​ប្រកួត​ប្រជែង និង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទៅ​​ទីផ្សារ​អន្តរជាតិ​។

លោក​​បាន​បន្ត​ថា ការងារ​នេះ​ត្រូវ​បាន​កំណត់​​នៅ​ក្នុង​បរិស្ថាន​គ្រប​​ដណ្ដប់​​សម្រាប់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ នៃ​​រដ្ឋាភិបាល​ដែល​កំណត់ថា ដំណើរ​ឈាន​ឡើង​ទៅ​មុខ​របស់​កម្ពុជា ត្រូវ​ទាមទារ​ឲ្យ​​បន្ត​ខិតខំ​ពង្រឹង​សមត្ថភាព​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក។

លោក​ថ្លែង​ថា៖ ​«​ការ​ធ្វើ​សមាហរណកម្ម​ទាំង​នេះ គឺ​ក្នុង​​​បំណង​ពង្រីក និង​បើក​ច្រក​ចូល​ទីផ្សារ​សម្រាប់​ការ​នាំចេញ​​ឲ្យ​កាន់​តែ​ធំ​ទូលាយ​ថែម​ទៀត ដោយ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ដែល​មាន​លក្ខណៈ​អចិន្រ្តៃយ៍ ជាជាង​ពឹង​ផ្អែក​លើ​ការ​អនុ​គ្រោះ​ពាណិជ្ជកម្ម​ក្នុង​លក្ខណៈ​ទ្វេ​ភាគី ដែល​អាច​នឹង​​ងាយ​បាត់បង់​ទៅ​វិញ»។

លោក ឡុង កែម​វិចិត្រ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បង្កើត​​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លក្ខណៈ​ទ្វេ​ភាគី​រវាង​កម្ពុជា ជាមួយ​ប្រទេស​ណា​មួយ​នឹង​ផ្តល់​ឲ្យ​កម្ពុជា​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ ខណៈ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​ត្រឹមតែ​កិច្ច​ព្រមព្រៀង​ក្នុង​លក្ខណៈ​ក្របខ័ណ្ឌ​តំបន់​អាស៊ាន​ ជា​មួយ​នឹង​ប្រទេស​ដៃគូ​អាស៊ាន​តែ​ប៉ុណ្ណោះ​។

លោក​បន្ត​ថា៖ ​«​នេះ​ជា​ការ​ចាប់​ផ្តើម​ដំបូង​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​មាន​លក្ខណៈ​អចិន្ត្រៃយ៍»។

លោក​បាន​​ប្រាប់​ទៀត​ថា កន្លង​មក​កម្ពុជា​​ទទួល​បាន​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ជា​ឯកតោ​ភាគី​មួយ​ចំនួន​ពី​ប្រទេស​ដៃ​គូ​ តែ​ការ​ផ្តល់​ភាព​អនុគ្រោះ​បែប​នេះ គឺ​មិន​មាន​ភាព​ឋិតថេរ​ឡើយ​ដោយ​អ្នក​ផ្តល់​គេ​អាច​ដក​យក​វិញ​ភ្លាមៗ​បាន​គ្រប់​ពេល ព្រោះ​មិន​មាន​ការ​ចង​ជា​កាតព្វកិច្ច​ទេ​។

លោក​បាន​ថ្លែង​​ថា៖ ​«​ដើម្បី​ចៀស​វាង​ការ​ដក​យក​ទៅ​វិញ​ភ្លាមៗ​ យើង​ចាំបាច់​ត្រូវ​តែ​មាន​ការ​ចរចា​ដោយ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ដៃ​គូ​ ដោយ​មាន​ការ​ចង​ជា​កាតព្វកិច្ច​ក្នុង​ឯកសារ​គតិយុត្ត ​ដើម្បី​​អនុវត្ត​ការងារ​ជាមួយ​ដៃ​គូ»។

បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម បច្ចុប្បន្ន​មាន​ក្រុម​ការងារ​រៀបចំ​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ចំនួន ៨ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​សិក្សា និង​ចរចា​​ ឈាន​ទៅ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​

ប្រទេស​ចិន គឺ​ជា​ដៃ​គូ​ទី​១ ដែល​កម្ពុជា​កំពុង​ធ្វើ​ការ​ចរចា​កិច្ច​ព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​សេរី​ជាមួយ ដោយ​ពេល​នេះ​បាន​បញ្ចប់​ការ​ចរចា​ជុំ​ទី​២ រួច​​ហើយ និង​គ្រោង​បញ្ចប់​ការ​ចរចា​ទាំង​ស្រុង​នៅ​ខែ​មិថុនា ​នេះ។ ចំណែក​ក្រុម​ការងារ​ ២ ទៀត​កំពុង​ស្ថិត​​នៅ​ក្នុង​ដំណាក់​កាល​ពិនិត្យ​លទ្ធភាព​បង្កើត​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ និង​កម្ពុជា​សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ី​ (បែលឡារុស កាហ្សាក់ស្ថាន អាមេនី រុស្ស៊ី និង​កៀគីស្ថាន​)​។ ដោយ​ឡែក​ប្រទេស​​ចំនួន ​៥ ​ទៀត ​​រួម​មាន ចក្រភព​អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី និង​ឥណ្ឌា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​ចាប់​ផ្តើម​ទេ។ នេះ​បើ​តាម​លោក កែម​វិចិត្រ​។​

លោក គី សិរីវឌ្ឍ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ប្រាប់​ថា ការ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​បើក​ឱកាស​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ដែល​មាន​ឧត្តមភាព​​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ហត្ថលេខី​ ដោយ​មិន​ចាំបាច់​បង់​ពន្ធ និង​មាន​លក្ខខណ្ឌ​ពិសេស​មួយ​ចំនួន​ទៀត។ ការ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺ​ជា​ការ​ចាំបាច់​នៅ​ក្នុង​បរិបទ​នៃ​ការ​ដោះ​ដូរ​ទំនិញ​ជា​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន។​

លោក​ថ្លែង​ថា៖ «​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ គឺ​អាច​ឲ្យ​រដ្ឋាភិបាល​មាន​ឱកាស​ក្នុង​ការ​ជំរុញ​ទីផ្សារ​ផលិតផល​ណា​ដែល​ប្រទេស​ខ្លួន​មាន​សក្តានុពល​ខ្ពស់​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ដៃគូ​ក្នុង​កិច្ច​ព្រមព្រៀង​ តាម​រយៈ​ការ​មិន​យក​ពន្ធ ដែល​នឹង​នាំ​ឲ្យ​សមត្ថភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្ពស់​»។​

បើ​តាម​លោក សិរីវឌ្ឍ ខណៈ​ស្ថានភាព​ប្រទេស​កម្ពុជា ​មាន​សក្តានុពល​ខ្ពស់​លើ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​នោះ ការ​ពង្រឹង​វិស័យ​នេះ​ក៏​ជា​ឱកាស​ល្អ​ផង​ដែរ ប៉ុន្តែ​គុណភាព​កសិផល​ទាំង​អស់​នោះ​ត្រូវ​តែ​មាន​កម្រិត​តាម​ស្តង់ដា​អន្តរជាតិ។

ទោះ​យ៉ាង​ណា លោក​​បញ្ជាក់​ថា៖ ​«នៅ​ពេល​មាន​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នឹង​មាន​ការ​នាំចេញ​-នាំចូល​ទំនិញ​រវាង​គ្នា​កាន់​តែ​ច្រើន ហេតុ​នេះ​កម្ពុជា​ក៏​ត្រូវ​ជំរុញ​ការ​ផលិត និង​ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​ផង​ដែរ​»​។​

យោង​តាម​ទិន្នន័យ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ការ​នាំចូល​ និង​​នាំចេញ​ទំនិញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ ​២០១៩ មាន​​តម្លៃ​សរុប​ ៣៦,៧​ ពាន់​លាន​ដុល្លារ។ ក្នុង​នោះ​ការ​នាំចេញ​មាន​តម្លៃ ​១៤,៥៣ ​ពាន់​លាន​ដុល្លារ​ និង​នាំចូល​មាន​តម្លៃ​ ២២,១៩ ​ពាន់​លាន​ដុល្លារ កើន​ឡើង ​១២,៧ ​ភាគរយ និង ​១៨,៦ ​ភាគរយ ​​រៀង​គ្នា​បើ​ធៀប​នឹង​ឆ្នាំ ​២០១៨។

ទោះ​យ៉ាង​ណា​កម្ពុជា​នៅ​តែ​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៧,៦៦ ​ពាន់​លាន​ដុល្លារ កើន​ឡើង ៣១,៦ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៨៕​

(ប្រភពព័ត៌មាន: postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍