Trending now

ក្រុមហ៊ុនធំៗរបស់អាមេរិក បង្ហាញជំហរវិនិយោគនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មនៅតែកើន ទោះមានវិបត្តិកូវីដ១៩

08:49 | 30/09/2020 (ហេង វុធ្ធី)

ក្រុមហ៊ុនធំៗរបស់អាមេរិក បានបង្ហាញអារម្មណ៍សោមនស្សចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយបានបង្ហាញជំហរសុទិដ្ឋិនិយមសម្រាប់ការបន្តវិនិយោគនៅកម្ពុជាផងដែរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ការអះអាងរបស់ក្រុមហ៊ុនធំៗរបស់អាមេរិកទាំងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសរដ្ឋអាមេរិក-អាស៊ាន តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ កិច្ចពិភាក្សាដែលធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជា និងអាមេរិកនេះ ក៏មានការចូលរួមពីមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀតរួមមាន៖ ConocoPhillips, Ford Motor, Amazon, Herbalife Nutrition, Pernod Ricard, Visa និងក្រុមហ៊ុន Google ជាដើម។

យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនដែលចូលរួមក្នុងកិច្ចប្រជុំ បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងបានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា។ ជាពិសេស គឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។

ក្នុងជំនួបនេះ លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលមានដូចជា៖ ការចូលជាធរមាននៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ការផ្លាស់ប្តូររចនាសម្ព័ន្ធនិងមុខងាររបស់CAMCONTROL ទៅជាអគ្គនាយកនៃការការពារអ្នកប្រើប្រាស់ការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំប្រកបដោយភាពជោគជ័យ។

លោករដ្ឋមន្ត្រី បានលើកឡើងថា កាលពីខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាបានដាក់ចេញនូវកម្មវិធីថ្មីមួយ(New Platform) សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ និងការចុះបញ្ជីការងារក្នុងពេលតែមួយ ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិន ជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្ម និងដាក់ដំណើរការឯកសារពាក់ព័ន្ធនៃការចុះបញ្ជីរបស់ពួកគេ។

លោករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពជូនគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន អំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣ខាងមុខ។ លោកបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាបានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP ឆ្នាំ២០១៩-២០២៣) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម(IDP ឆ្នាំ២០១៥-២០២៥)។

ក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូនេះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាននៅកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ។ លោក ប៉ាន សូរស័ក្តិ បានសម្តែងសុទិដ្ឋិនិយម និងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នឹងបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា៕

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់បើទោះបីកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី។ គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួន ៣,៥៧០.៩០លានដុល្លារ កើនឡើងប្រមាណ ១៧.០៤ ភាគរយ បើប្រៀបធៀបនឹង៧ខែ ឆ្នាំ២០១៩៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស