រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានទឹកប្រាក់សរុបជាង ៧០០ លានដុល្លារលើ ១៦ គម្រោង ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នេះដោយបានបង្កើតការងារថ្មីជាង ១ ម៉ឺនកន្លែង បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែតាមយាយីសេដ្ឋកិច្ចកម្ពុជាក្នុងតំបន់ និងពិភពលោកក្តី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគជាង $៧០០ លាន ក្នុងខែកុម្ភៈ
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១៦ ដែលមានទុនវិនិយោគចំនួន ៧០២,៥ លានដុល្លារបង្កើតបានការងារថ្មីចំនួន ១១ ៤១៤ កន្លែង។
សម្រាប់គម្រោងវិនិយោគថ្មីទាំង ១៦ នោះគឺទៅលើការបង្កើតរោងចក្រក្នុងវិស័យកាត់ដេរ វាយនភណ្ឌ កាបូប រោងចក្រផលិតសម្បកកង់យានយន្ត រោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ គម្រោងបង្កើតរោងចក្រផលិតសម្ភារបរិក្ខារសម្រាប់ចង្ក្រាន BBQ, ផ្គុំដំឡើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស និងគម្រោងបង្កើតរោងចក្រផលិតក្រដាស។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Cambodian Investment Management បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា កម្ពុជា សម្រេចបានកំណត់ត្រានៃការទប់ស្កាត់ជំងឺកូវីដ១៩គួរកោតសរសើរ ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អ ទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ និងស្ថិរភាពនយោបាយដែលនោះជាសមិទ្ធផលទាក់ទាញក្រុមវិនិយោគិនអន្តរជាតិឱ្យជ្រើសរើសទិសដៅសម្រាប់ការវិនិយោគដែលច្បាស់លាស់នឹងមានការកត់សម្គាល់ និងជាកន្លែងដែលកម្ពុជានឹងទទួលបានពិន្ទុខ្ពស់បំផុត ដោយសារតែការរកឃើញបញ្ហានៅក្នុងតំបន់។
លោកថ្លែងថា៖ «នៅពេលនេះ កម្ពុជាគឺជាសសរស្ដម្ភមួយនៃស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដ៏រឹងមាំជាមួយនឹងការកែលម្អជាប្រចាំផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការធ្វើឱ្យប្រសើរឡើងកម្លាំងពលកម្មរបស់ខ្លួន ដែលនៅតែមានតម្លៃទាប និងការកាត់បន្ថយតម្លៃអគ្គិសនី»។
លោកបន្ត៖ «ដោយសារតែប្រទេសជិតខាងដែលកំពុងជួបពេលវេលាវឹកវរ ប្រទេសកម្ពុជាកំពុងធ្វើឱ្យមានភាពភ្លឺថ្លាជាសម្ទុះសម្រាប់ប្រទេស។ នេះគឺទិសដៅវិជ្ជមានសម្រាប់ការត្រួតពិនិត្យភាគច្រើនសម្រាប់ការវិនិយោគបរទេស។ ការចូលមករបស់ឧស្សាហកម្មនានា ពិតប្រាកដណាស់គឺជាអ្វីដែលប្រទេសកម្ពុជាត្រូវការ ផលិតកម្ម វេជ្ជសាស្ដ្រ រថយន្ត និងគ្រឿងសង្ហារិម។ នេះគឺជាការទទួលស្គាល់ថា ប្រទេសកម្ពុជា នៅពេលនេះអាចប្រកួតប្រជែងក្នុងតំបន់លើការវិនិយោគប្រាក់ដុល្លារនៅក្នុងវិស័យទាំងនេះ»។
លោក Jong Weon Ha អនុប្រធានក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា វិនិយោគិន ឬសហគ្រិនតែងតែស្វែងរកឱកាសក្នុងកាលៈទេសៈនេះ។ ជាឧទាហរណ៍នៅក្នុងវិបត្តិជំងឺកូវីដ ១៩ លោក Jeff Bezos បានក្លាយជាបុរសដែលមានទ្រព្យច្រើនជាងគេបំផុត ដោយសារតែប្រជាជនបង្កើនការទិញអនឡាញរបស់ពួកគេ។
លោកបន្តថា អាស្រ័យហេតុនេះមានប្រជាជនជាច្រើនបានយល់ថា ការរីករាលដាលជំងឺកូវីដ ១៩ គឺជាឱកាសមួយ។ ដោយសារតែភាគច្រើនក្នុងចំណោមពួកយើងបានយល់ថា ការរីករាលដាលកូវីដ ១៩ អាចបញ្ចប់ក្នុងពេលឆាប់ៗ ដោយសារតែការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ឱកាសវិនិយោគថ្មីៗជាច្រើនកំពុងចូលមកផងដែរ។ វិស័យបដិសណ្ឋារកិច្ច អនាម័យ បច្ចេកវិទ្យា ផលិតផលថ្នាក់មធ្យម និងថ្នាក់ខ្ពស់។ល។ គឺជាវិស័យ និងទីផ្សារ ដែលកើនឡើងនៅពេលខាងមុខ ដោយសារតែជំងឺកូវីដ ១៩។
លោកបញ្ជាក់៖ «គម្រោងវិនិយោគមានតម្លៃ ៧០០ លានដុល្លារ ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺជាសញ្ញាដ៏ល្អមួយនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងសុទិដ្ឋិនិយម ចំពោះជំងឺកូវីដ១៩។ ដោយសារតែកម្ពុជា គឺជាប្រទេសដែលរីកចម្រើនរហ័សនឹងមានការវិនិយោគកាន់តែច្រើនឡើងៗចូលមកប្រទេសនេះជាមិនខាន។ ទន្ទឹមនឹងនេះ ច្បាប់វិនិយោគថ្មីត្រូវបានរំពឹងថា នឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ»។
លោកថា៖ «ច្បាប់នេះនឹងទាក់ទាញការវិនិយោគ និងការផលិតបរទេសកាន់តែច្រើននៅក្នុងប្រទេសនេះ ដោយសារតែក្រុមហ៊ុននានាមិនចាំបាច់ត្រូវបង់ពន្ធលើការនាំចូលធាតុចូលផលិតនោះទេ»។
ក្នុងឆ្នាំ ២០១៩ CDC បានអនុម័តគម្រោងវិនិយោគមានតម្លៃ ៩,៤០ ពាន់លានដុល្លារ ក្នុងនោះក្រុមវិនិយោគិនជនជាតិចិនដីគោកឈរលំដាប់លេខ ១ មានចំនួន ២,៧៥ ពាន់លានដុល្លារ។ ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំនួន ៩១២,៥៥ លានដុល្លារ ខណៈជប៉ុនជាប់ចំណាត់ថ្នាក់ទី ៣ មានចំនួន ២៩៨,៨៤ លានដុល្លារ៕
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន