Trending now

កម្មករ​ជិត​ ២ ​ពាន់​នាក់​ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​​ដោយ​ក្រសួង​ការងារ

11:41 | 14/07/2020

កម្មករ-កម្មការិនី​ប្រមាណ​ជិត ២ ​ពាន់​នាក់​ មកពី​រោងចក្រ​ចំនួន​ ៥ នៅ​ក្រុង​បាវិត​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ​ស្តីពី​ជំនាញ​ពាក់ព័ន្ធ​ការងារ​មួយចំនួន​ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ​ក្នុង​ការត្រៀមខ្លួន​សម្រាប់​ការងារ​ថ្មី​ជាច្រើន​ទៀត​នាពេល​ខាងមុខ​។

កម្មករ-កម្មការិនី​រោងចក្រ​ពេល​ទទួលបាន​ការបណ្ដុះបណ្ដាល​ចំណេះដឹង និង​ជំនាញ​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ខែមិថុនា​

លោក​ អ៊ូ សុខឿន ​ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ស្វាយរៀង​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​ការងារ​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​កម្មករ​រោងចក្រ​ចំនួន ៥ ដែល​បាន​ព្យួរ​ការងារ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ដោយ​តំណាង​ក្រុមហ៊ុន​បាន​បញ្ជូន​កម្មករ​សរុប​ចំនួន ១ ៨៤៨ ​នាក់មក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។

លោក​ថា​៖ "​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ដល់​កម្មករ​និយោជិត​នាពេលនេះ ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធភាព​ការងារ​មាន​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កន្លែង​ធ្វើការ​ផង និង​ត្រៀមខ្លួន​សម្រាប់​ការងារ​ថ្មី​ផង​។ កាលដែល​រៀន​នេះ​គឺ​ពួកគាត់​បំពេញ​លក្ខខណ្ឌ​តាម​សេចក្ដី​ណែនាំ​លេខ​ ១៤ ព្រោះ​កម្មករ​ទាល់តែ​បាន​ទទួល​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​ទន់​នេះ​ទើប​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​"​។

មន្ត្រី​ក្រសួង​ការងារ​ម្នាក់​ដែល​សម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​នេះ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រសួង​ការងារ​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១១ និង​ថ្ងៃទី​ ១២ ​ខែ​កក្កដា​ដោយ​មាន​រោងចក្រ​សហគ្រាស​ចំនួន​ ៥ ​បាន​បញ្ជូន​កម្មករ​សរុប​ជិត​ ២ ​ពាន់​នាក់​មក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។

លោក​ថា គោលបំណង​នៃ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ដល់​កម្មករ​និយោជិត​នាពេលនេះ ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធភាព​ការងារ បង្កើន​សុខដុមរមនា ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កន្លែង​ធ្វើការ​ផង​ និង​ត្រៀមខ្លួន​សម្រាប់​ការងារ​ថ្មី​ផង ខណៈ​ឧស្សាហកម្ម​នឹង​ត្រឡប់​មកជា​ប្រក្រតី​វិញ​នានា​ពេល​ឆាប់ៗ​ខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​យើង​បង្រៀន​ពាក់ព័ន្ធ​ការងារ​ដូចជា ជំនាញ​នៃ​ការទំនាក់ទំនង និង​សិល្បៈ​នៃ​ការចរចា ការបំពេញ​ការងារ​ជា​ក្រុម មូលដ្ឋាន​ច្បាប់​ស្ដីពី​ការងារ នីតិវិធី​ដោះស្រាយ​វិវាទ​ការងារ សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត អត្ថប្រយោជន៍ ប.ស.ស និង​សុវត្ថិភាព និង​សុខភាព​ការងារ ជាពិសេស​វិធានការ​បង្ការ​ជំងឺ​កូវីដ​​​ ១៩»​។

លោក វ៉ែន សាវាណ្និ សកម្មជន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ​យូលី​នៅ​ក្រុង​បាវិត​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​អត់​ដឹងថា កម្មករ​យើង គាត់​អាច​យល់​បាន​ប៉ុន្មាន​ភាគរយ​ទេ ប៉ុន្ដែ​ចំពោះ​ខ្ញុំ​គឺ​ល្អ​ដែល​ក្រុមការងារ​ក្រសួង​គាត់​មក​បង្ហាត់​បែបនេះ ព្រោះ​វា​ជា​ចំណេះដឹង​ដែល​ទាក់ទង​ការងារ​យើង​ច្រើន បើ​យើង​បាន​យល់​អ៊ីចឹង​ទៅ វា​ងាយស្រួល​ដល់​ការគិត​។ ជាក់ស្ដែង​គឺ​មុននឹង​យើង​ធ្វើ​កូដកម្ម ត្រូវ​គិត​លើ​ច្បាប់ ហើយ​បើ​មាន​គេ​រំលោភ​លើ​សិទ្ធិ​យើង យើង​ត្រូវ​គិត​តវ៉ា​របៀប​ណា​? ខ្ញុំ​គិតថា ល្អ​ច្រើន​»​។

លោក អែម សារ៉ាត់ កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ជិត ២ ​ពាន់​នាក់​ថ្លែងថា លោក​បាន​ទទួល​ចំណេះដឹង និង​ជំនាញ​ច្រើន​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ ដោយ​បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ការងារ​ដែល​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ធ្វើឲ្យ​លោក​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទៀត​សម្រាប់​យក​ទៅ​ប្រើប្រាស់​នៅក្នុង​ការងារ​ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ "​ក្រោយពី​បាន​ចូលរួម​ក្នុង​វគ្គបណ្តុះបណ្តាល​នេះ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ព្រោះ​បាន​ធ្វើឲ្យ​ខ្ញុំ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​បណ្ណ ប.ស.ស ចេះ​បង្ការ និង​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​ និង​ធ្វើឲ្យ​ខ្ញុំ​យល់ដឹង​ពី​របៀប​នៃ​ការចរចា​ធ្វើការងារ​ជា​ក្រុម​ និង​ច្បាប់​ស្តីពី​ការងារ​ផងដែរ​"៕

(ប្រភពព័ត៌មាន: postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស