Trending now

កម្ពុជានិងអូស្ត្រាលី ពិភាក្សាគ្នាពីការពង្រីកទំហំពាណិជ្ជកម្ម

17:56 | 28/11/2019 (សរុបដោយវិច្ឆិកា)

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា។ នៅក្នុងជំនួបនេះភាគីទាំអពីបានពិភាក្សាក្នាពិការពង្រឹកទំហំពាណិជ្ជកម្មដោយសារនៅមានកម្រិតទាប។

លោកស្រី Angela Corcoran និង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៕ (ប្រភព៖ FN)

ក្រោយបញ្ចប់ជំនួបនេះ លោក កុយ គួង អ្នកនាំពាក្យសួងការបរទេស បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី មានទំហំនៅតូចខ្លាំងណាស់ បើប្រៀបធៀបនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀត។ ទោះបីជាមានទំហំតូច ក៏គេកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ មានលក្ខណៈល្អប្រសើរ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រីកនូវទំហំពាណិជ្ជកម្ម ការវិនិយោគនៃប្រទេសទាំងពីរផងដែរ ពីព្រោះកន្លងមក ទោះបីជាកំណើនរវាងប្រទេសទាំងពីរ មានការកើនឡើងក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្ម នៅតិចតួចនៅឡើយ។ ចាប់ពីកម្ពុជា និងអូស្ត្រាលី ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មយើងឃើញថា មិនសូវជាច្រើនទេ មានប្រមាណ ៣០លានដុល្លារ ប៉ុន្តែជាបន្តបន្ទាប់មកកើនប្រមាណ ១០០លានដុល្លារ ដែលនៅឆ្នាំ២០១៧ មានប្រមាណ ១៣០លានដុល្លារ នៅឆ្នាំ២០១៨ មានប្រមាណ ១៥០លានដុល្លារ»។

លោកបន្តថា «ពាណិជ្ជកម្មវាកាន់តែកើនឡើង ប៉ុន្តែយ៉ាងណាក៏ដោយ បើយើងប្រៀបធៀបទំហំពាណិជ្ជកម្ម កម្ពុជានិងប្រទេសដទៃទៀត ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអូស្ត្រាលី ក៏មានកម្រិតទាបដែរ។ អញ្ចឹងហើយទើបកម្ពុជានិងអូស្ត្រាលី ខិតខំធ្វើយ៉ាងណាជំរុញឲ្យទំហំពាណិជ្ជកម្ម ឲ្យកាន់តែកើនឡើងថែមទៀត»។

បើតាមលោក កុយ គួង ក្នុងជំនួបព្រឹកមិញនេះ កម្ពុជានិងអូស្ត្រាលីក៏បានពិភាក្សាគ្នា ពីវិស័យទេសចរណ៍ផងដែរ។ ភាគីទាំងពីរ ប្តេជ្ញាជំរុញធ្វើយ៉ាងម៉េចឲ្យអ្នកទេសចរអូស្ត្រាលី មកលេងប្រទេសកម្ពុជាឲ្យច្រើន ព្រោះជាមធ្យមកន្លងមក អ្នកទេសចរអូស្តា្រលី មកលេងកម្ពុជាមានប្រមាណតែ ១៣ម៉ឺននាក់ប៉ុណ្ណោះ។

លោកស្រី Angela Corcoran បានបញ្ជាក់ថា អ្នកទេសចរអូស្ត្រាលី មកលេងក្នុងតំបន់អាស៊ាននេះ គេផ្តោតមកលើប្រទេសកម្ពុជាសិន មុនគេសម្រេចចិត្តទៅលេងប្រទេសផ្សេងៗទៀត ដោយសារគេចាប់អារម្មណ៍ខ្លាំងមកលើប្រទេសនេះ។ លោកស្រីថ្លែងថា វិស័យទេសចរណ៍នេះ គឺជាវិស័យមួយ ដែលជំរុញឲ្យមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់តែមានភាពស្និតស្នាលថែមទៀត។

អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងទៀតថា ជំនួយអភិវឌ្ឍន៍ ODA គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៨នេះ មានប្រមាណ ១០០០លានដុល្លារអាមេរិក។ ជំនួយទាំងនោះ ផ្តោតលើវិស័យជាច្រើន មានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម ជលផល ទឹក អប់រំ សុខាភិបាល ដោះមីន ក៏ដូចជាការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណអូស្ត្រាលី ដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ដើម្បីជួយឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច រហូតមកដល់ពេលនេះ។ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កម្ពុជាក៏នឹងត្រៀមធ្វើការជាមួយ ឯកអគ្គរដ្ឋទូតថ្មីបន្តទៀត ដែលគាត់នឹងមកជំនួសលោកស្រី Angela Corcoran។

ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអបអរសាទរចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកចាត់ទុកថា បេសកកម្មការទូតលោកស្រី បានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងរាជដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី កាន់តែមានភាពល្អប្រសើរ។

លោកស្រី Angela Corcoran បានសម្តែងនូវសេចក្តីរីករាយ ដែលក្នុងរយៈពេលលោកស្រីបំពេញការងារការទូតនៅកម្ពុជាជាង ៣ឆ្នាំនេះ លោកស្រីពេញចិត្តយ៉ាងខ្លាំង ដោយសារមានកិច្ចសហប្រតិបត្តិការល្អពីភាគីកម្ពុជា ជាពិសេសពីក្រសួងការបរទេស៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍