Trending now

កម្ពុជានិងសហជីព​ធំ​មកពី​អាមេរិក ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​​ឱ្យបាន​ប្រសើរ​បន្តទៀត

07:16 | 16/01/2020 (សរុបដោយវិច្ឆិកា)

សហព័ន្ធ​សហជីព​ការងារ​អាមេរិក និង​សភា​នៃ​អង្គការ​ឧស្សាហកម្ម (AFL-CIO) បានបង្ហាញ​ឆន្ទៈ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​លក្ខខណ្ឌ​ការងារ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ រួមទាំង​ការចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ ដូចជា​ការពង្រឹង​មន្ត្រី​អធិការកិច្ច ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ជាដើម​។​

លោកស្រី Cathy Feingold ក្នុងជំនួប​ជាមួយ​លោក អ៊ិត សំហេង កាលពី​ថ្ងៃ​ចន្ទ​។


យោងតាម​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ការបង្ហាញ​ឆន្ទៈ​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ជំនួប​រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ជាមួយ​លោកស្រី​ ខេតធី ហ្វេនហ្គោល (Cathy Feingold) នាយិកា​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ AFL-CIO កាលពី​ថ្ងៃ​ចន្ទ ។

ក្រសួង​បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក​ថា​៖ «AFL-CIO ​បានបង្ហាញ​ឆន្ទៈ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​លក្ខខណ្ឌ​ការងារ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​​រួមទាំង​ការចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​ដូចជា ការពង្រឹង​មន្ត្រី​អធិការកិច្ច ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ជាដើម​»​។

លោក អ៊ិត សំហេង ថ្លែងថា​ដើម្បី​លើក​កម្ពស់ និង​សម្រួល​ដល់​ការកសាង​សមត្ថភាព​រូបវន្ត និង​ស្ថាប័ន​ក្នុងការ​បង្កើត​សុខដុមរមនា​នៅ​កន្លែង​ការងារ ក្រសួង​ការងារ និង​មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​ (ACILS) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាលពី​ឆ្នាំ​ ២០១៨ ​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​បច្ចេកទេស​រវាង​​ក្រសួង និង ACILS ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។

ហ្វេសប៊ុក​ក្រសួង​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី​ [​លោក​ អ៊ិត សំហេង​] ​បាន​ជំរុញ​​ឱ្យ​ ACILS អនុវត្ត​កាតព្វកិច្ច​ការចុះបញ្ជី​ឱ្យស្រប​តាមច្បាប់​ជាធរមាន ព្រមទាំង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយនឹង​អង្គការ ACILS តាមរយៈ​ការលើកកម្ពស់​សមត្ថភាព​សហជីព​មូលដ្ឋាន ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការងារ​ច្បាប់​ស្តីពី​សហជីព ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ការពង្រឹង​​សមត្ថភាព​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ ការលើកកម្ពស់​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ និង​ការលើកកម្ពស់​កិច្ចសន្ទនា​សង្គម ការពង្រឹង​និរន្តរភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​»​។

លោកស្រី ខេតធី ត្រូវបាន​ស្រង់​សម្ដី​ដោយ​ហ្វេសប៊ុក​ក្រសួង​ការងារ​ថា លោកស្រី​បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​លក្ខខណ្ឌ​ការងារ​ដែល​កម្ពុជា​បាន និង​កំពុង​ធ្វើ​ជាមួយ​សហរដ្ឋអាមេរិក និង​បាន​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ។

ទីដ្ឋភាពនៃកិច្ចជំនួប។ (ប្រភព៖​​ FN)

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ពី​ម្សិលមិញ​ថា ការដោះស្រាយ​វិវាទ​ការងារ​គឺ​ធ្វើ​ទៅតាម​នីតិវិធី និង​ច្បាប់​ជាធរមាន​របស់​កម្ពុជា​។ ការជួប​ជាមួយ​ដៃគូ​នានា​គឺ​ដើម្បី​សម្ដែង​ការស្វាគមន៍ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក៏​ដូចជា​ផ្លាស់ប្តូរ​បទពិសោធ​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​មិនមែន​ជា​ការជួប​ដើម្បី​ផ្លាស់ប្តូរ​នីតិវិធី ឬ​ក៏​ច្បាប់​នៃ​ប្រទេស​ណាមួយ​នោះទេ​»​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជំនួប​រវាង​ភាគី​ទាំង​ ២ ​នេះ​គ្រាន់តែ​ជា​ការ​ស្វែងយល់​នូវ​កិច្ច​ទំនាក់ទំនង និង​ការស្វែងយល់​ជុំវិញ​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​នៅ​កម្ពុជា និង​អ្វីដែល​ក្រសួង​ការងារ​បាន​ខិតខំ​ដោះស្រាយ ។ ប៉ុន្តែ​បញ្ហា​ប្រឈម​ជាច្រើន​នៅតែ​កើតមាន​ឡើង ជាពិសេស​ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​ដែល​ទើប​ប្រកាស​ឱ្យប្រើ​ថ្មីៗ​នេះ ។

លោក ស៊ីណា បញ្ជាក់ថា​៖ «​ដូច្នេះ​យើង​ឃើញថា ការអនុវត្ត​ច្បាប់​នេះ នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​យើង​ជា​អង្គការ​សហជីព​។​...​ខ្ញុំ​គិតថា​ប្រសិនបើ​តួអង្គ​សហជីព​ដែល​តំណាង​ឱ្យ​កម្មករ​ពិបាក​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​...​មានន័យថា កម្មករ​ទាំងអស់​គាត់​ក៏​នឹង​បាត់បង់​សិទ្ធិ​ពួកគាត់​តាមរយៈ​ហ្នឹង​ដែរ​»​។

បើតាម​ហ្វេសប៊ុក ក្រសួង​ការងារ ACILS មាន​វត្តមាន​ដំបូង​នៅ​កម្ពុជា​កាលពី​ចុងឆ្នាំ​ ១៩៩៣ ដែលមាន​ឈ្មោះថា Asian AmericanFreeLaborInstitute(AAFLI)​។

AFL-CIO គឺជា​សហជីព​ការងារ​អាមេរិក​ធ្វើការ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​ដែល​​កំពុង​ធ្វើការងារ​។ ​AFL-CIO ជា​សហព័ន្ធ​ប្រជាធិបតេយ្យ​ស្ម័គ្រចិត្ត​ដែល​មាន​សហជីព​ការងារ​ជាតិ និង​អន្តរជាតិ​ចំនួន ​៥៥ ដែល​តំណាងឱ្យ​បុរស និង​ស្ត្រី​ដែល​កំពុងធ្វើការ​ងារ​ចំនួន ១២,៥ ​លាន​នាក់ ។

សហជីព​នេះ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាថា​រាល់​អ្នកធ្វើការ​ទាំងអស់​ទទួល​ការប្រព្រឹត្ដ​ដោយ​ស្មើភាព​ដោយ​ទទួល​បាន​ប្រាក់ខែ និង​អត្ថប្រយោជន៍​សមរម្យ ការងារ​មាន​សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​ឱកាស​ស្មើគ្នា​។ សហជីព​នេះ​ជួយ​ដល់​អ្នកធ្វើការងារ​ឱ្យ​ទទួល​បាន​ជំនាញ​មានតម្លៃ និង​ការត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ក្នុង​សតវត្សរ៍​ទី ​២១ ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន