Trending now

កម្ពុជា អង្គរ អ៊ែរ ដំណើរការជើងហោះហើរឡើងវិញ

18:56 | 29/07/2020

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានឲ្យដឹងថា ខ្លួនមានសុទិដ្ឋិនិយមចំពោះប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានត្រៀមក្នុងការពង្រឹងជើងហោះហើរក្នុងស្រុក និងពង្រីកជើងហោះហើរអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន។

កម្ពុជា អង្គរ អ៊ែរ បានឲ្យដឹងថាខ្លួនមានសុទិដ្ឋិនិយមចំពោះប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានត្រៀមក្នុងការពង្រឹងជើងហោះហើរក្នុងស្រុកនិងពង្រីកជើងហោះហើរអន្តរជាតិ

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ លោក តឹករ៉េត សំរេច បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងខែនេះ ក្រុមហ៊ុនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ខណៈដែលក្រុមហ៊ុនបានប្រារព្ធខួបគម្រប់ ១១ឆ្នាំ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ របស់ខ្លួននៅថ្ងៃទី ២៧ ខែកក្កដា។

លោកបានមានប្រសាសន៍ថា កាលពីឆ្នាំ ២០០៩ កន្លងទៅ កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបម្រើទាំងអតិថិជនជាតិនិងអន្តរជាតិ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅក្នុងព្រះរាជាណាចក្រឲ្យកាន់តែមានភាពប្រសើឡើងសម្រាប់ឆ្នាំខាងមុខ។

លោក តឹករ៉េត សំរេច បានថ្លែងថា៖ “យើងមានសុទិដ្ឋិនិយមហើយត្រៀមក្នុងការពង្រឹងជើងហោះហើរក្នុងស្រុកនិងពង្រីកជើងហោះហើរអន្តរជាតិរបស់យើងឲ្យកាន់តែមានភាពប្រសើឡើង ជាពិសេសទៅកាន់គោលដៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ស្របតាមផែនការយុទ្ធសាស្ត្ររបស់យើងបន្ទាប់ពីករណីនៃជំងឺរាតត្បាតជាសកលបញ្ចប់ទៅ។”

លោកបានមានប្រសាសន៍ថា៖ “យើងបានធ្វើការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដែលមានសមត្ថភាពនិងទេពកោសល្យនៅក្នុងប្រទេសរបស់យើងឱ្យក្លាយជាអាកាសយានិក ក៏ដូចជាជំនាញផ្សេងៗនៅក្នុងវិស័យមួយនេះ។”

កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុនកម្ពុជា អង្គរ អ៊ែរ បានធ្វើការពង្រីកជើងហោះហើររបស់ខ្លួនទាំងក្នុងស្រុកនិងអន្តរជាតិទៅកាន់ប្រទេសចិន (ប៉េកាំង ក្វាងចូវ សៀងហៃ ហានចូវ និង ហៃខូវ ) ប្រទេស​វៀតណាម (ហូជីមិញ) ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនបានតភ្ជាប់ជើងហោះហើរថ្មី ភ្នំពេញ-ដាណំាង (ប្រទេសវៀតណាម)។

លោក សំរេច បានបន្តឲ្យដឹងថា៖ “គិតចាប់តាំងពីដើមឆ្នាំ ២០២០ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែករណីនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់យើងក៏ទទួលរងផលប៉ះពាល់ពីវិបត្តិនេះផងដែរ ដែលតម្រូវឱ្យយើងកាត់បន្ថយនិងលុបចោលជើងហោះហើររបស់យើងមួយចំនួនធំ។”

ទោះយ៉ាងណា លោកបានបន្ថែមថាក្រុមហ៊ុនកម្ពុជា អង្គរ អ៊ែរ នៅតែបើកដំណើរការប្រកបដោយមោទនភាពតាមរយៈការប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ រួមទាំងការណែនាំពីអង្គការសុខភាពពិភពលោក និងគោលការណ៍ណែនាំរបស់អាជ្ញាធរអាកាសចរណ៍ជាតិនិងអន្តរជាតិ ជាពិសេសការណែនាំពីក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

លោក សំរេច បានបន្ថែមឲ្យដឹងថា៖ “ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនកម្ពុជា អង្គរ អ៊ែរ ក៏បានជួយសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនកម្ពុជាមកកាន់ប្រទេសកំណើតរបស់ពួកគេវិញពីទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ លើសពីនេះទៅទៀត យើងក៏បានជួយសម្រួលក្នុងការបញ្ជូនប្រជាជនហ្វីលីពីនពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងម៉ានីលប្រកបដោយផាសុកភាពនិងសុវត្ថិភាពផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍របស់យើងបានអនុវត្តរាល់វិធានការការពារចាំបាច់ទាំងអស់ហើយរហូតមកដល់ពេលនេះ គ្មានបុគ្គលិកណាម្នាក់របស់យើងបានឆ្លងមេរោគកូវីដ១៩នោះទេ។”

លោក ខែក ណូរិនដា ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានមានប្រសាសន៍ប្រាប់កាសែតខ្មែរថាមស៍ឲ្យដឹងថាក្នុងរយៈពេល ៣ សប្តាហ៍ដំបូងនៃខែកក្កដានេះអាកាសយានដ្ឋានទាំង ៣ របស់ប្រទេសកម្ពុជាបានគ្រប់គ្រងជើងហោះហើរទាំងក្នុងនិងក្រៅស្រុកចំនួន ៤១០ ខណៈដែលជើងហោះហើរជិត ៨៥ ភាគរយទាំងនោះធ្វើប្រតិបត្តិការក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាតួរលេខដែលមានការថយចុះ ៩៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅ។

លោកបានថ្លែងថា៖ “សម្រាប់ជើងហោះហើរអន្តរជាតិដែលបានគ្រោងទុកគឺជាការធ្វើដំណើរទៅកាន់និងចេញពីទីក្រុងមួយចំនួនរបស់ប្រទេសចិន ទីក្រុងកូឡាឡាំពួ ទីក្រុងតៃប៉ិ និងទីក្រុងសេអ៊ូល។ យើងក៏មានជើងហោះហើរមួយចំនួនសម្រាប់ទីក្រុងហ្សាកាតា ម៉ាកាវ និងម៉ានីឡាផងដែរ ខណៈដែលជើងហោះហើរទាំងនេះមានដំណើការជាធម្មតា គ្រាន់តែយើងធ្វើការកាត់បន្ថយហោះហើរប៉ុណ្ណោះ។”

លោក ខែក ណូរិនដា បានបន្ថែមថា បច្ចុប្បន្នមានតែក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៥ ប៉ុណ្ណោះដែលកំពុងប្រតិបត្តិការជើងហោះហើររបស់ខ្លួនដែលមានដូចជាក្រុមហ៊ុនកម្ពុជា អង្គរ អ៊ែរ ព្រមទាំង​​ក្រុមហ៊ុន Lanmei Airlines, JC Airlines, Cambodia Airways និង Sky Angkor Airlines ជាដើម​។

គួរបញ្ជាក់ឲ្យដឹងផងដែរថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលដែលបានចេញកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ១ ខែសីហា ប្រទេសកម្ពុជានឹងផ្អាកការហោះហើរជាបណ្តោះអាសន្នពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ខណៈដែលក្រសួងសង្កេតឃើញពីអត្រាអ្នកឆ្លងមេរោគខ្ពស់ពីអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសទាំងពីរនេះ៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ