Trending now

UNESCO ជួយកម្ពុជាកែលម្អគុណភាពបង្រៀន និងរៀនតាមរយៈកម្មវិធី STEPCam

17:01 | 01/08/2019 (យោងតាម postkhmer សរុបដោយវិច្ឆិកា)

ក្រសួងអប់រំយុវជនកីឡាកម្ពុជា កំពុងបន្តកិច្ចសហការជាមួយអង្គការ UNESCO ក្នុងការបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់គ្រូបង្រៀន និងមន្ត្រីអប់រំ តាមរយៈកម្មវិធី STEPCam ដើម្បីកែលម្អគុណភាពបង្រៀន និងរៀន ដែលកម្មវិធីនេះនឹងជួយផ្តល់ការអប់រំដោយផ្ទាល់ដល់កុមារប្រមាណ ១៣ ម៉ឺននាក់ ជាពិសេសកុមារដែលងាយរងគ្រោះ។

UNESCO ជួយកម្ពុជាកែលម្អគុណភាពបង្រៀន និងរៀនតាមរយៈកម្មវិធី STEPCam

សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​អង្គការ​ UNESCO កាល​ពី​ថ្ងៃ​អង្គារបាន​ឲ្យ​ដឹង​ថា កម្ម​វិធី​​នេះផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​តួនាទី​របស់​គ្រូ​បង្រៀ​ន​ ដោយ​ត្រូវ​ធ្វើ​ការ​បណ្តុះ​បណ្តា​ល​បន្ថែម​ដល់​គ្រូ​បង្រៀន​​ជា​ង ៤ ០០០ នាក់ និង​មន្រ្តី​អប់រំ​ជាង ៣ ០០០ នាក់ ដើម្បី​ឈាន​ទៅ​បណ្តុះ​បណ្តាល​កសាង​មូល​ដ្ឋា​ន​​​គ្រឹះ​នៅ​ថ្នាក់​ដំបូង​របស់​កុមារ​។

កម្មវិធី​ដែល​មាន​រយៈពេល​ ៣ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ ២០២​០ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​អប់រំ និង​អង្គការ UNESCO ហើយ​រហូត​មក​ដល់ពេល​នេះត្រូវ​បាន​អនុវត្ត​បាន ​១ ​ឆ្នាំ​ហើយ។​

កម្មវិធីនេះ​ត្រូវបាន​ផ្តល់​ថវិកា​ដោយ​ភាពជា​ដៃគូ​សកល​សម្រាប់​ការ​អប់រំ (GP​E​​) និងមូល​និធិ​កសាង​សមត្ថ​ភាព​អប់រំ របស់អង្គការ UNESCO​ ដើម្បី​គាំទ្រដល់​ក្រសួងអប់រំ​ក្នុង​​​ការកែលម្អ​​គុណភាព​បង្រៀ​ន និង​រៀននៅ​ថ្នាក់​ដំបូង ដូចជា​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំវគ្គ​វិក្រឹតការ ការ​គាំទ្រ​បច្ចេកទេស ការកែលម្អ​រចនាសម្ព័ន្ធ​សាលា​គរុកោ​សល្យ និង​វិក្រឹតការ​ខេត្ត និង​សមត្ថ​ភាព​គ្រូឧទ្ទេស។

សេចក្តី​ប្រកាស​ព័ត៌មានបន្ត​ថា៖ «ការ​ពង្រឹង​កម្មវិធី​អប់រំ​គ្រូ​បង្រៀន​នៅ​កម្ពុជា​គឺ​កំពុង​អភិវឌ្ឍ​​សមត្ថភាពគ្រូ និង​អគា​រសិក្សា​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​គុណភាព​កាន់​តែ​ប្រសើរ និង​ឱកាស​សិក្សា​ប្រក​ប​ដោយ​បរិយា​ប័ន្ន​សម្រាប់​កុមារ​»។

សាលា​គរុកោសល្យ​ចំនួន ១​១​​​ កន្លែង នឹង​ត្រូវ​​ជួសជុល ហើយ​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ត្រូវ​បាន​អនុវត្តនៅ​ខេត្ត​ចំនួន ៥ ក្នុង​នោះ​មាន​ខេត្ត​ក្រចេះ ព្រះវិហារ សៀ​ម​រាប ស្ទឹងត្រែង និង​ឧត្តរ​មាន​ជ័​យ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែក​ទៅលើតម្រូវការ​ខ្ពស់ និង​គម្លាត​ការអប់រំ​ថ្នាក់​ដំបូង។ នៅ​ឆ្នាំ​ ២០២០ កម្មវិធីនឹង​ពង្រីក​វិសា​​ល​ភាព​ទៅកាន់​​ខេត្ត​ផ្សេងៗ​ទៀត។

អ្នក​ជំនាញ​​ផ្នែក​ទំនាក់​ទំន​ង​​នៃ​អង្គការ UNESCO​ មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ។ ប៉ុន្តែ លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា STEPCam ក្នុង​ឆ្នាំ​ទី១ បាន​បំប៉ន​គ្រូថ្នាក់​ទី ១ លើ​ផ្នែក​អំណាន​ភាសា​ខ្មែរ បាន​ចំនួន ៨៤៧ រូប និង​ផ្នែក​គណិត​វិទ្យា បាន​ចំនួន ១៤៧ រូប។ គ្រូ​បង្រៀន​ទាំង​អ​ស់​​បាន​បង្រៀន​សិស្ស​ចំនួន ៣២ ២៣៦ រូប។

លោកបញ្ជាក់​ថា៖ «(STEPCam ) លើក​កម្ពស់​គុណ​វុឌ្ឍិគ្រូ​ឧទ្ទេស ឱ្យ​ស្មើ​កម្រិ​ត​បរិញ្ញា​បត្រ ជា​ពិសេស​ដល់​អ្នក​ដែល​មិន​មាន​សញ្ញាបត្រ​បរិញ្ញា​បត្រ ឬ​កម្រិត​បរិញ្ញាបត្រ​ដែល​មិន​ពាក់​ព័ន្ធ​នឹង​មុខ​វិជ្ជា​ឯក​ទេ​ស​​របស់​ខ្លួនដើម្បី​ជួយ​ឱ្យ​ពួក​គេ​ផ្តល់​នូវ​វគ្គ​វិក្រឹតការ​ដល់​គ្រូ​បឋម​​​សិក្សា​កាន់​តែ​មាន​ប្រសិទ្ធភាព»។

លោក សុវាចា​ បន្តថា ក្នុង​ការ​​អនុវត្ត​កម្មវិធី​នេះ STEPCam ផលិត​សម្ភារ​បង្រៀន និង​រៀន ដែល​មាន​លក្ខណៈ​កុមារ​មេត្រី​។ សម្រាប់​ផ្នែក​ភាសា​ខែ្មរ​ ផលិត​សៀវ​ភៅ​ណែនាំ​គ្រូ និង​សៀវ​ភៅ​​ជំនួយ​ភាសាខែ្មរ​សម្រាប់​សិស្ស​ហាត់​អាន និង​សរសេរ។ សម្រា​ប់​ផ្នែក​គណិត STEPCam ផលិ​ត​សៀវ​ភៅណែ​នាំ​គ្រូសម្ភា​រ​​​ឧប​ទ្ទេ​ស​សម្រាប់​រៀន និង​បង្រៀន និង​សៀវ​ភៅ​លំហាត់​សម្រាប់​សិស្ស។

បើតាម​ក្រសួង​អប់រំ មូល​និធិ​ភាព​ជា​ដៃគូ​អប់រំ​សក​ល​ទី​​ ៣ ​មា​​ន​ទឹក​ប្រាក់ ២០,៦ លាន​ដុល្លារ ផ្តោត​លើការ​អភិវឌ្ឍ​សមត្ថភាព និង​កម្មវិធី​អប់រំ​គ្រូបង្រៀន។

សេចក្ដីប្រកាស​ព័ត៌មាន​រប​ស់​​ UNESCO បាន​បន្តថា ចំណុច​ស្នូល​នៃ​កម្មវិធី​នេះ ​គឺ​ការ​ធ្វើ​វិក្រឹតការ​អភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន​ថ្នាក់​ដំបូង​នៅក្នុង​គ្រឹះ​​ស្ថាន​បណ្តុះ​បណ្តាល​ ដែល​ជា​សកម្មភាព​អភិវឌ្ឍសមត្ថភាព​មួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សម្ភា​រ​​បង្រៀន​មាន​លក្ខណៈ​កុមារ​មេត្រី និង​មាន​ការ​ចូលរួម​ប្រើប្រាស់​គោល​វិធី​សិស្ស​មជ្ឈ​​មណ្ឌល​ជំរុញ​ការ​រិះរក​បែប​វិជ្ជមាន​ និង​ការ​ចូលរួម​បែប​សកម្ម។

សេចក្តីប្រកាសព័ត៌មាន​ ​បន្ថែម​ទៀតថា កម្មវិធី​នេះ គឺ​​ពង្រឹង​កម្មវិធី​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុ​ជា ​លើក​កម្ពស់​សារៈ​សំខាន់​នៃ​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ផ្នែក​អំណា​​ន និង​គណិត​វិទ្យា នៅ​ឆ្នាំ​ដំបូង និ​ង​តួនាទី​សំខាន់​ របស់​គ្រូបង្រៀន​​នៅ​​ក្នុង​ដំណើរការ​នេះ។

អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា ​គឺជា​ភ្នាក់ងារ​គ្រប់គ្រង​មូលនិធិ​ផ្នែក​ថេរ និង​ជា​ដៃគូ​ដ៏​សំខាន់ របស់ក្រសួង អប់រំ យុវ​ជ​ន​ និងកីឡា។ ការ​ពង្រឹង​កម្មវិធី​អ​ប់រំ​​គ្រូ​បង្រៀន​នៅ​កម្ពុជា​ គឺ​ជាការ​ផ្តល់​​មូលនិធិ​ដំណាក់កាល​ទី​ ៣ របស់​ភាព​ជា​ដៃគូ​សកលសម្រា​​ប់​ការ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ចាប់​​​តាំងពី​ឆ្នាំ ​២០០៨ មក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន៕

(យោងតាម postkhmer សរុបដោយវិច្ឆិកា)

(យោងតាម postkhmer សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ