Trending now

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តជម្រុញការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា

14:47 | 10/06/2019 (សរុបព័ត៌មានដោយ សមុទ្រ)

យុគសម័យ - ទោះបីជាកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែការផ្តល់អាទិភាពលើវិស័យកសិកម្ម ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហាក់ដូចជានៅមានកម្រិត បើធៀបទៅនឹងវិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ។

ធនាគារអភិវឌ្ឍន៍អាស៊ី​បន្ត​ជម្រុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដែល​នៅ​មាន​កម្រិត​ទាប

វិស័យ​កសិកម្ម​​កម្ពុជា ​​​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ ដោយ​កាល​ពី​ឆ្នាំ​ ២០១​៤ ចំណែក​វិស័យ​កសិកម្ម​ក្នុង​ GDP មាន​​ ៣០ ​ភាគរយ ប៉ុន្តែ​បច្ចុប្បន្ន​​​បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ​ ២២-២៣​ ភាគរយ​​​។ ទោះបីជា​កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ក៏​ដោយប៉ុន្តែ​ការ​ផ្តល់​អាទិភាព​លើ​វិស័យ​កសិកម្ម ដែល​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ហាក់ដូចជា​នៅ​មាន​កម្រិត បើ​ធៀប​ទៅ​នឹង​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់ដេរ​។

លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB

យោង​តាម​ការវាយតម្លៃ​មួយ​នា​ពេល​ថ្មីៗ​នេះដែល​ធ្វើឡើង​ដោយ​នាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ADB នឹងត្រូវ​ធ្វើការ​វិវឌ្ឍន៍និង​ពង្រីក​កិច្ច​គាំទ្រ​របស់​ខ្លួន ចំពោះ​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជាដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះកាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុនិងទាក់ទាញ​ឱ្យមាន​ការចូលរួម​កាន់​តែ​ច្រើន​ពី​វិស័យ​ឯកជនដើម្បី​បំពេញ​តម្រូវការ​របស់ប្រជាជន​ដែល​កំពុង​មាន​ចំនួន​កើនឡើងនៅ​តំបន់​ទីក្រុង​។ ការចេញផ្សាយ​នៃ​ការវាយតម្លៃ​ឯករាជ្យ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅរាជធានីភ្នំពេញ​។​

លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា «​នៅ​ក្នុង​កិច្ច​ខិតខំ​ក្នុង​ការ​ជម្រុញ​ការ​ចូលរួម​របស់​យើង​នៅ​ក្នុង​វិស័យ​កសិកម្ម គេ​ចាំបាច់​ត្រូវ​ស្វែងរក​មេរៀន​នានា និង រៀនសូត្រ​ពី​បទ​ពិសោធន៍​របស់​គម្រោង​ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក​។ មេរៀន​មួយ ដែល​បាន​ធ្វើ​ឱ្យ​សមិទ្ធិ​កម្ម​មាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ គឺជា​ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ការ​ដោះស្រាយ​បរិបទ​ពិបាក​ៗ​នៅ​ក្នុង វិស័យ​កម្ម ព្រមទាំង​ភាព​ស្មុគស្មាញ​ក្នុង​ការ​រចនា​គម្រោង​»​។

កសិករម្នាក់ កំពុងស្រោចស្រពដំណាំរបស់ខ្លួននៅសង្កាត់ជ្រោយចង្វា

តាម​របាយការណ៍​វាយតម្លៃ​ឯករាជ្យ ការ​ខិតខំ​របស់ ADB ក្នុង​ការ​ពង្រឹង​ខ្សែ​សង្វា​ក់​តម្លៃ​កសិកម្ម​របស់​កម្ពុជា តាម​រយៈ​កំណែទម្រង់​គោលនយោបាយ គឺជា​សកម្មភាព​មួយ​ដែល​មាន​សក្តានុពល​។ ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជ​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​ដែល​ធន់​នឹង​អាកាសធាតុដែល​កំពុង​បន្ត​អនុវត្តត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ខេត្តបាត់ដំបង កំពង់ធំ និង​ព្រៃវែង ក្នុង​ការ​បង្កើន​ផលិតកម្ម និង ប្រសិទ្ធ​ផល ព្រមទាំង​ខ្សែ​សង្វា​ក់​តម្លៃ​ស្រូវ​-​អង្ករនិង​ដោះស្រាយឧបសគ្គ​រាំងស្ទះ​ផ្នែក​គោលនយោបាយ​សម្រាប់​ខ្សែ​សង្វា​ក់​តម្លៃ​ទាំងនេះ​ឱ្យ​បំពេញ​មុខងារ​ដោយ​រលូន។ នេះ​គឺជាចំណែក​មួយ​នៃ​ក្រុម​គម្រោង​ខ្សែ​សង្វា​ក់​តម្លៃ​ដែល​គាំទ្រ​ដោយ ADB នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ជិតខាងក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​កសិកម្មនៅ​តាម​តំបន់​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បណ្តោយ​របៀង​ដឹក​ជញ្ជូន​នៃ​មហា​អនុ​តំបន់មេគង្គ។

បញ្ហានិង​កត្តា​ប្រឈម​នានា​ដែល​កើតឡើង​ក្នុងប្រទេស​កម្ពុជាមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​បញ្ហានិង​កត្តា​ប្រឈម​ដែល​បាន​រកឃើញ​នៅក្នុង​តំបន់​ផងដែរ​។ បញ្ហា​ប្រឈម​ចម្បងៗ​សម្រាប់​គម្រោង​កសិកម្ម​ដែល​ទទួលបាន​មូលនិធិ​គាំទ្រ​ពី​ADB​រមែង​តែង​មាន​ឫសគល់​ពី​បញ្ហា​នៅ​ក្នុង​ការ​រចនា​គម្រោង និង និរន្តរភាព ដោយសារ​ស្ថាប័ន​ទន់ខ្សោយ និង ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​សម្រាប់​ប្រតិបត្តិការ និង​ការថែទាំ​។​

​ទោះ​យ៉ាងណាក្តី ក៏​មាន​ចំណុច​វិជ្ជមាន​គួរឱ្យកត់សម្គាល់​ផងដែរ​។ ការងារ​របស់​ADB​នៅ​តំបន់​ទន្លេសាប (​ដែល​កំពុង​ចាប់​ដៃគូ​ជាមួយ​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្មដើម្បី​ទាញ​ប្រយោជន៍​ឱ្យបាន​ជា​អតិបរមា​ពី​ជំនាញ​ឯកទេស​ក្នុងការ​ធ្វើ​ការងារ​ជាមួយ​ជនក្រីក្រ​របស់​មូលនិធិ​នេះ​) កំពុង ផ្តល់​ផល​ជា​វិជ្ជមាន​។ គម្រោងកាត់បន្ថយ ភាពក្រីក្រតាមបឹងទន្លេសាបនិងការអភិវឌ្ឍកសិករខ្នាតតូចដែល​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ​២០០៩ កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការបង្កើន​ការអភិវឌ្ឍ​ដែល​មាន​ការ​រុញច្រាន​ពី​សហគមន៍ តាមរយៈ​ការវិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការកែលម្អ​ផលិតភាព ការអភិវឌ្ឍ​សមត្ថភាព និង ការកែលម្អ​លទ្ធភាព​ក្នុង​ការទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​កសិករ​ខ្នាត​តូច​៕

(សរុបព័ត៌មានដោយ សមុទ្រ)

(ប្រភពព័ត៌មាន: kohsantepheapdaily.com.kh, adb.org, postkhmer.com,cen.com.kh)

(សរុបព័ត៌មានដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ