Trending now

ទីផ្សារ​លំនៅឋាន​នឹង​កាន់តែ​ល្អ​នៅ​ចុងឆ្នាំ​ ខណៈ​តម្រូវការ​ក្នុងស្រុក​កំពុង​កើនឡើង

22:57 | 19/02/2021

ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​ល្បឿន​យឺតៗ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ខណៈ​ក្តីបារម្ភ​ពី​ការអូស​បន្លាយពេល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ អាច​ធ្វើឱ្យ​តម្លៃ​លំនៅឋាន​នា​ដើមឆ្នាំ​នេះ​នៅ​ទ្រឹង ប៉ុន្តែ​នឹង​កើនឡើង​នៅ​ចុងឆ្នាំ​ ២០២១ នេះ​។ នេះ​បើតាម​អ្នកជំនាញ​ក្នុង​វិស័យ​​អចលនទ្រព្យ​នៅ​កម្ពុជា​។

ទីផ្សារ​លំនៅឋាន​នឹង​កាន់តែ​ល្អ​នៅ​ចុងឆ្នាំ​ ខណៈ​តម្រូវការ​ក្នុងស្រុក​កំពុង​កើនឡើង

ក្នុង​កម្មវិធី ​«​ការព្យាករ​ទីផ្សារ​អចលនទ្រព្យ​ឆ្នាំ​ ២០២១ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន CBRE Cambodia កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០២០ កញ្ញា គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ទោះបី​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​មួយចំនួន​នា​ដើមឆ្នាំ​ ២០២១ ហាក់​មិនទាន់​មានភាពរឹងមាំ​ដូច​ឆ្នាំ​ ២០១៩ ប៉ុន្តែ​សម្រាប់​ទីផ្សារ​លំនៅឋាន​(​ផ្ទះល្វែង បុរី ខុនដូ និង​អាផាតមិន​) គឺ​មិនមាន​បញ្ហា​អ្វី​ទេ គ្រាន់តែ​វា​មិនទាន់មាន​សម្ទុះ​ឡើង​ដូច​មុនពេល​មាន​វិបត្តិ​ជំងឺ​ផ្តាសាយ​សកល​កូវីដ ​១៩​។ កញ្ញា​បន្តថា ភាពរឹងមាំ​នៃ​ទីផ្សារ​លំនៅឋាន​នាពេលនេះ គឺ​បានមកពី​ការរួមចំណែក​យ៉ាងច្រើន​ពី​សំណាក់​វិនិយោគិន និង​អតិថិជន​នៅក្នុង​ស្រុក​។

កញ្ញា គិនកេសា បាន​ថ្លែងថា​៖ «​សម្រាប់​ទីផ្សារ​ខុនដូ និង​អាផាតមិន​ (​ប្រភេទ​ប្រណីត​) ​ដែល​តែង​ពឹងផ្អែក​ទៅលើ​អតិថិជន​បរទេស គឺ​អាច​មាន​បញ្ហា​ខ្លះ ក្រៅពីនោះ​មិន​មាន​បញ្ហា​ទេ​»​។ កញ្ញា​បន្ថែមទៀត​ថា​៖ «​ជារួម​សម្រាប់​ទីផ្សារ​លំនៅឋាន​ក្នុង​ឆ្នាំ​ ២០២១ នេះ​នឹងមាន​ភាពល្អប្រសើរ​បើ​ធៀប​ឆ្នាំ​ ២០២០ ពិសេស​លំនៅឋាន​លក្ខណៈ​បុរី និង​ផ្ទះល្វែង​»​។

សម្រាប់​តម្លៃ​លំនៅឋាន​នៅ​ដើមឆ្នាំ​ ២០២១ នេះ​អាច​នឹង​មិនទាន់​កើនឡើង​ភ្លាម​ទេ ព្រោះ​អតិថិជន​មួយចំនួន​នៅមាន​ភាពស្ទាក់ស្ទើរ​ដោយ​ពួកគេ​រង់ចាំ​មើល​ស្ថានភាព​នៃ​ការគ្រប់គ្រង​ជំងឺ​កូវីដ​១៩ ជាមុនសិន​។ ទោះយ៉ាងណា តម្លៃ​លំនៅឋាន​អាច​នឹង​ចាប់ផ្តើម​កើនឡើង​វិញ​នៅ​ឆមាស​ទី​ ២​។ នេះ​បើតាម កញ្ញា គិនកេសា​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​និយាយថា កូវីដ​ ១៩ បានធ្វើឱ្យ​ទីផ្សារ​លំនៅឋាន​ត្រូវ​ជាប់គាំង​មួយរយៈ ប៉ុន្តែ​ចាប់ពី​ចុងឆ្នាំ​ ២០២០ មក​វិស័យនេះ​ចាប់ផ្តើម​មាន​ភាពល្អប្រសើរ​ឡើងវិញ​ជា​បន្តបន្ទាប់​ហើយ​។ ភាពល្អប្រសើរ​នៃ​វិស័យ​អចលនទ្រព្យ​នៅពេលនេះ គឺ​បាន​ចាប់ផ្តើម​ចេញ​ទីផ្សារ​លំនៅឋាន​លក្ខណៈ​បុរី​។ ប៉ុន្តែ​ទោះបីយ៉ាងណា តម្លៃ​នាពេលនេះ​នៅ​មិនទាន់​កើនឡើង​ទេ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

លោក​លើកឡើង​ថា​៖ «​ដោយសារ​លំនៅឋាន​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​នៅក្នុង​ស្រុក ហេតុនេះ​វា​នឹងមាន​កំណើន​ថែមទៀត​ក្នុងឆ្នាំនេះ​»​។ លោក​បាន​បន្តថា​៖ «​ខ្ញុំ​ជឿថា នៅ​ចុងឆ្នាំ​ ២០២១ មិន​ត្រឹមតែ​វិស័យ​លំនៅឋាន​ទេ ពោលគឺ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទាំងមូល​នឹងមាន​ការរីកចម្រើន​ខ្លាំង​»​។

យោងតាម​ការសិក្សា​របស់ CBRE Cambodia ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ បាន​ទទួលរង​សម្ពាធ​យ៉ាងខ្លាំង​ពី​វិបត្តិ​កូវីដ​ ១៩ ប៉ុន្តែ​វា​នឹង​ល្អប្រសើរ​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០២១ បើទោះបីជា​នៅមាន​ហានិភ័យ​មួយ​ចំនួន​ក៏ដោយ​៕

(ប្រភពព័ត៌មាន: postkhmer)

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស