Trending now

ដំំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ នៅប្រទេសកម្ពុជា ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី

07:23 | 17/05/2019 (ប្រភព៖ Fresh News)

លោក K. P. Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីរសៀលថ្ងៃទី១៣ ដល់ រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយក៏ជាការឆ្លើយតបចំពោះទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសនេប៉ាល់ កាលពីចុងឆ្នាំ២០១៨ ផងដែរ។

លោកនាយករដ្ឋមន្រ្តីនេប៉ាល់ K. P. Sharma Oli បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង៣៖០០នាទីរសៀលថ្ងៃទី១៣ ខែឧសភា។ នៅព្រលានយន្តហោះ លោកត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមទាំងឥស្សរជនខ្មែរមួយចំនួនទៀត។

បន្ទាប់ពីនោះលោកបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មុននឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នៅល្ងាច ថ្ងៃទី១៣ ខែឧសភា ក្នុងវិមានសន្តិភាព។ នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅសី្តពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ វប្បធម៌ និងការអប់រំ ហើយបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹងឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងនេប៉ាល់ ដែលមានឬសគល់យ៉ាងជ្រៅនៅក្នុងកេរដំណែលវប្បធម៌រួមនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តផងដែរថា កម្ពុជា និង នេប៉ាល់ បានអភិវឌ្ឍភាពជាដៃគូដ៏រឹងមាំដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ និងពិភពលោក។

នាយករដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាទៀងទាត់ និងការពិគ្រោះយោបល់ ដែលនឹងកំណត់បាននូវវិធី និងមធ្យោបាយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជាតិទាំងពីរ។ ក្នុងគោលដៅនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា គួរតែចាប់ផ្តើមឲ្យបានឆាប់បំផុតនូវដំណើរការនៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ។ ប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញក្តីសង្ឃឹមដូចគ្នាថា កម្ពុជា-នេប៉ាល់នឹងបើកស្ថានទូតនាពេលខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរ កម្ពុជា-នេប៉ាល់ បានបង្ហាញអំពីបំណងចង់ឲ្យមានការហោះហើរត្រង់ រវាងប្រទេសទាំងពីរថែមទៀត។

ដោយទទួលស្គាល់ថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងនេប៉ាល់នៅមានកង្វះខាតច្រើនដែលអាចជំរុញឲ្យបានប្រសើរឡើង នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពប្រគល់ភារកិច្ចទៅស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឲ្យធ្វើការរួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ផ្នែកឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទរវាងសភាពាណិជ្ជកម្មកម្ពុជា និងនេប៉ាល់ ដើម្បីប្រើប្រាស់ឲ្យបានពេញលេញនូវសក្តានុពលសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនៃប្រទេសទាំងពីរ។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគីនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្ម និងវិនិយោគរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនេប៉ាល់ និងអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនេប៉ាល់។

បន្ទាប់ពីបញ្ចប់ជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំពិធីលៀងសាយភោជន៍ ដើម្បីទទួលស្វាគមន៍ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ និងគណៈប្រតិភូផងដែរ។

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានបន្តជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជាផងដែរ។ បន្ទាប់មកលោកនាយករដ្ឋមន្រ្តីនេប៉ាល់ និងគណៈប្រតិភូ បានបន្តអញ្ជើញទស្សនាសារមន្ទីរជាតិ និងព្រះវិហារព្រះកែវមរកត។

រហូតដល់ពេលរសៀល លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ នៅក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វេទិកានាធុរកិច្ចកម្ពុជា-នេប៉ាល់ ផ្តល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗ នៅកម្ពុជាពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្តានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងបញ្ជាក់ទៅកាន់នាយករដ្ឋមន្ត្រីនេប៉ាល់ថា បើគ្មានស្ថិរភាពនយោបាយ និងសន្តិភាពទេ កុំនិយាយទៅដល់ការវិនិយោគ និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរដល់ប្រទេសនេប៉ាល់ ដែលបានបិទបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវស្ថេរភាពនយោបាយ។

លុះព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានអញ្ជើញទស្សនាវិមានឈ្នះឈ្នះ ដែលជាវិមានតំណាងឱ្យនយោបាយជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យសង្រ្គាមនៅកម្ពុជា បានបញ្ចប់ទាំងស្រុងហើយទទួលបាននូវសន្តិភាព។

បន្ទាប់ពីទស្សនាវិមានឈ្នះឈ្នះហើយនោះ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ K. P. Sharma Oli បានដឹកគណៈប្រតិភូចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃតែម្តង។ ប៉ុន្តែមុននឹងបញ្ចប់ទស្សនកិច្ចនេះ កម្ពុជា និងនេប៉ាល់ បានចេញសេចក្ដីថ្លែងការណ៍រួម ចំនួន១៥ចំណុច ស្ដីពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅផងដែរ។

ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។

ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មានវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ