Trending now

ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌូនេស៊ី ចាប់ផ្តើមខែ ៦

22:53 | 27/05/2019 (ប្រភព៖ postkhmer.com កែសម្រួលដោយសំណាង)

យុគសម័យ - ការភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា ២០១៩ នេះ ដែលជាផ្នែកមួយនឹងធ្វើឲ្យកម្ពុជាអាចសម្រេចគោលដៅក្នុងការទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៦ លាននាក់ ក្នុងឆ្នាំ ២០១៩ នេះ។

ការ​ប្រកាស​ពី​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ​២ ​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​​ទីក្រុង​ភ្នំពេញ​ដោយ​ក្រសួង​ទេសចរណ៍ ​និង​ក្រុមហ៊ុន​អាកាសចរណ៍​ ឥណ្ឌូនេស៊ី ​Citilink​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ក្រុមហ៊ុន ​Citilink បាន​ឲ្យ​ដឹង​ថា ​នេះ​គឺ​ជា​ការ​ភ្ជាប់​ជើង​ហោះហើរ​​ជា​អន្តរជាតិ​ទី​៣ របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ហោះហើរ​ទៅ​​ទីក្រុង Surabaya​ និង​ទៅ​កាន់​ទីក្រុង​គូឡាឡាំពួ​ប្រទេស ​ម៉ាឡេស៊ី។ ​ក្រុមហ៊ុន​​នឹង​​ប្រើប្រាស់​​យន្តហោះ​ប្រភេទ ​Airbus​ A320​ ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន ​១៨០ ​នាក់ ​ក្នុង ​១ ​​លើក​មក​កាន់​​​កម្ពុជា​​​។​

យន្តហោះ​ក្រុម​ហ៊ុន Citilink ដែល​ចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​របស់​ទីក្រុង​ហ្សាការតា។ រូបថត AFP

លោក ​Juliandra ​Nurtjahjo ​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ ​Citilink ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​ការ​​បើក​ផ្លូវ​​​ហោះហើរ​ថ្មី​​របស់​ក្រុមហ៊ុន​ទៅ​កាន់​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​នេះ គឺ​​ដើម្បី​អបអរ​​ខួប​លើក​ទី​៦០​ នៃ​​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ ​ឥណ្ឌូនេស៊ី ​និង​កម្ពុជា​។

​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាល​ពី​ម្សិលមិញ​ថា ការ​ហោះហើរ​ត្រង់​រវាង​​​កម្ពុជា ​និង​ឥណ្ឌូនេស៊ី​ ធ្លាប់​មាន​កាល​ពី​មុន​ឆ្នាំ ​១៩៧០ ​តែ​ត្រូវ​បោះបង់​ចោល​ដោយសារ​​សង្គ្រាម​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា៖ ​«​នៅ​ពេល​មាន​ការ​តភ្ជាប់​ត្រង់​នេះ ​កម្ពុជា​មិន​​ត្រឹម​តែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​តែ​មួយ​ប៉ុណ្ណោះ​​ទេ តែ​កម្ពុជា​នឹង​ទទួល​បាន​​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ឥណ្ឌូនេស៊ី ​ហើយ​ចង់​​បន្ត​ដំណើរ​មក​កម្ពុជា​​​​»។

Citilink ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​​សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​ស្រុក​​តម្លៃ​ទាប​នេះ គឺ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​​ឥណ្ឌូនេស៊ី ​PT ​Garuda I​ndonesia (Persero​)​។ ​បច្ចុប្បន្ន​​ Citilink មាន​ជើង​ហោះហើរ​ក្នុង​ ​១ ថ្ងៃ ​​ជាង​ ៣១០ ​ជើង​ ទៅ​​គោលដៅ​ចំនួន​ ​៧៤ ​ក្នុង​ប្រទេស​ចំនួន ​៤៣​​។​

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ បង្ហាញ​ថា ​ក្នុង​ត្រីមាស​ទី​​១​ ឆ្នាំ ​២០១៩ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី ​១៥ ៤១១ ​នាក់ ​កើន​ ​១០,៨ ​​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៨។ កាល​ពី​​​ឆ្នាំ​ ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី ​ចំនួន​ ៥៥ ៧៥៣ ​នាក់​ កើន​ឡើង ១១,៨ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧​។

លោក​ថ្លែង​ថា៖ «ការ​បើក​​ផ្លូវ​ហោះហើរ​ត្រង់​នេះ នឹង​ធ្វើ​​ឲ្យ​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​ជា​ច្រើន​ធ្វើ​ដំណើរ​មក​កម្ពុជា​។ ខណៈ​​ប្រជាជន​ឥណ្ឌូនេស៊ី​ភាគ​ច្រើន​សុទ្ធ​តែ​ប្រើប្រាស់​ភាសា​អង់គ្លេស​នោះ ដូច្នេះ​វា​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​​ទេ»​។

ការ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​​​​ហ្សាការតា និង​រាជធានី​ភ្នំពេញ​​នេះ​នឹង​ធ្វើ​ឡើង​ចំនួន​ ៣ ដង​ក្នុង​ ១ ​សប្តាហ៍ ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ ៣ ​ម៉ោង​កន្លះ​​​​។​ នេះ​បើ​​តាម​លោក Sudirman ​Haseng​ ឯក​អគ្គរដ្ឋទូត​​ឥណ្ឌូនេស៊ី​ ប្រចាំ​កម្ពុជា​។

(ប្រភព៖ postkhmer.com កែសម្រួលដោយសំណាង)

(ប្រភព៖ postkhmer.com កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន