Trending now

កម្ពុជាអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា នៅពហុកីឡដ្ឋានអូឡាំពិក

00:54 | 13/05/2019

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងមហោឡារិក អធិកអធមក្រោមវត្តមានមហាជនរាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីអបអរសាទរថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្រោចស្រង់ជាថ្មីនូវអាយុជីវិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងការស្រោចស្រង់ប្រទេសជាតិទាំងមូលពីអន្លង់នរកអវចី ធ្វើឡើងក្រោមអធិបភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធានគណបក្សទាំងពីរ គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា ធ្វើយ៉ាងមហោឡារឹក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ ជាមួយការរំលេចចេញនូវផ្ទាំងទស្សនីយភាពសិល្បៈនានា ដូចជាការឈរតម្រៀមគ្នាចេញទង់ជាតិរបស់កម្ពុជា ការតម្រៀមចេញជារូបភាពព្រាប និងអក្សរផ្សេងៗ។ ក្នុងនោះក៏មានការបង្ហាញពីសមិទ្ធិផលនានាកើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាពិសេសគឺវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា៕

(ប្រភពព័ត៌មាន: FRESH NEWS)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់