Trending now

កម្ពុជាបើកសម្ពោធដាក់ឲ្យដំណើរការវិមានឈ្នះ ឈ្នះ

14:51 | 29/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វិមានឈ្នះ ឈ្នះ ដែលតំណាងឱ្យការរួបរួមបញ្ចប់សង្រ្គាមជាស្ថាពរនៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានីភ្នំពេញ។

នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន អញ្ជើញថ្លែងក្នុងពិធីបើកសម្ពោធវិមានឈ្នះ ឈ្នះ (រូបថតៈ FN)

ពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងអបអរសាទរដល់ខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការចូលរួមដោយថ្នាក់ដឹកនាំជាតិ មន្រ្តីរាជការក្រសួងស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស-និស្សិត ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងតំណាងអង្គទូតនានាផងដែរ។ ជាពិសេស ការអញ្ជើញជាភ្ញៀវកិត្តិយសដោយ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសថៃ ឡាវ វៀតណាម និងអគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនថែមទៀត។

ពិធីបើកសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (រូបថត FN)

ថ្លែងនៅក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការពេញចិត្ត និងកោតសរសើរចំពោះការកសាងវិមានឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្រុមការងារ។ សម្តេចពិតជារីករាយជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្ពោធវិមានប្រវត្តិសាស្រ្តនេះ ព្រមទាំងបានយកឱកាសនេះឧទ្ទិសសមិទ្ធិផលដល់ជនរួមជាតិទាំងអស់ ដែលបានទទួលបានផលពីនយោបាយឈ្នះឈ្នះនេះ។

ទិដ្ឋភាពនៃពិធី (រូបថតៈ FN)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះឈ្នះនេះ ជារបស់រួមរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បានបួងសួងសូមឲ្យសមិទ្ធិផលកើតចេញពីនយោបាយឈ្នះឈ្នះនេះ បន្តស្ថិតនៅគង់វង្សជាអមតៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍នយោបាយឈ្នះឈ្នះនេះលំបាកខ្លាំងណាស់ ព្រោះតែភាពអតុល្យភាពនៃកងកម្លាំង ជាពិសេសការប៉ះប៉ោររបស់កងកម្លាំងខ្មែរក្រហម ដែលដំបូងឡើយមានតែពីរកងពលប៉ុណ្ណោះ។

ទិដ្ឋភាពនៃពិធី (រូបថតៈ FN)

សម្តេចបានថ្លែងថា ទោះបីនយោបាយឈ្នះឈ្នះផ្តួចផ្តើមដោយសម្តេច តែវាមិនអាចជោគជ័យឡើយ បើគ្មានការគាំទ្រពីសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសមាជិក សមាជិកា គណបក្សប្រជាជនទេនោះ។ សម្តេចបានថ្លែងអំណរគុណសម្តេច ជា ស៊ីម សម្តេច ហេង សំរិន សមាជិក សមាជិកា សម្តេចក្រុមព្រះ កងកម្លាំងខ្មែរ រួមនឹងជនរួមជាតិទាំងអស់ ដែលបានគាំទ្រដល់ការអនុវត្តន៍នយោបាយឈ្នះឈ្នះនេះ។

ទិដ្ឋភាពនៃពិធី (រូបថតៈ FN)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះឈ្នះនេះ បើមានត្រឹមតែគំនិត ហើយគ្មានអ្នកប្រតិបត្តិករទេនោះ គឺមិនអាចទទួលបានជោគជ័យនោះឡើយ។ ត្រង់ចំណុចនេះ គឺសម្តេចសម្តៅដល់មនុស្សជំនិតទាំងឡាយ ដែលបានចូលរួមប្រតិបត្តិរហូតទទួលនយោបាយឈ្នះឈ្នះទទួលបានជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសម្តេច ទៀ បាញ់ ជាសេនាឯករបស់សម្តេចក្នុងអនុវត្តន៍ទាំងនយោបាយឈ្នះឈ្នះ និងកិច្ចការសំខាន់ៗរបស់ជាតិដទៃទៀត។

វិមានឈ្នះ ឈ្នះ (រូបថតៈ FN)

សម្តេចបានថ្លែងថា ការសម្រេចសាងសង់វិមាននយោបាយឈ្នះឈ្នះ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ព្រោះតែតំបន់នោះនឹងក្លាយជាទីក្រុង រណបរបស់រាជធានីភ្នំពេញ។ វិមាននយោបាយឈ្នះឈ្នះ មិនមែនជាផ្ទះរបស់សម្តេចនោះទេ តែគឺជារបស់សមិទ្ធិផលរួមរបស់ប្រជាពលរដ្ឋកម្ពុជា។ មូលហេតុដែលជ្រើសយកថ្ងៃទី២៩ ខែធ្នូ ធ្វើជាថ្ងៃអបអរខួបនយោបាយឈ្នះឈ្នះ ដោយសារថ្ងៃនេះ នាយករដ្ឋមន្ត្រី ប្រធានសភា និងគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្មែរក្រហម បានមកចុះចូលដល់ផ្ទះរបស់សម្តេច ដែលលើពិភពលោកនេះមិនទាន់មាននៅឡើយទេ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍