ពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានថ្នាក់ដឹកនាំអាស៊ាន និងប្រទេសជាមិត្តជាច្រើនរូប

20:01 2019/10/20

ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ីក្នុងអាណត្តិថ្មីរបស់លោក ចូកូ វីដូដូ បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ។ ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ លោក ចូកូ វីដូដូ និងតំណែងជាអនុប្រធានាធិបតី របស់លោក ម៉ារូហ្វ អាម៉ិន បានធ្វើឡើងយ៉ាងអធិកអធម នៅចំពោះមុខប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី ក៏ដូចជានៅចំពោះមុខសមាជិកសភាឥណ្ឌូនេស៊ី និងភ្ញៀវកិត្តិយសបរទេសជាច្រើនរូប។

ពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានថ្នាក់ដឹកនាំអាស៊ាន និងប្រទេសជាមិត្តជាច្រើនរូប
ភ្ញៀវពិសេសៗ ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងផ្លូវការរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី (រូបថតៈ FN)

ភ្ញៀវពិសេសៗ ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងផ្លូវការរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី រួមមាន៖ ព្រះចៅស៊ុលតង់ ហាសាណាល់ ប៊ុលគីយ៉ា ព្រះមហាក្សត្រ និងជានាយករដ្ឋមន្ត្រីព្រុយណេដារូសាឡឹម, ព្រះករុណា រ៉ាចា អេហ្វាទីនី ព្រះមហាក្សត្រអឹមស្វាទី៣ នៃស្វាហ្សីឡង់, លោក វ៉ាង ឈីសាន អនុប្រធានាធិបតីចិន, លោក ហង់រី វ៉ាន់ធយ អនុប្រធានាធិបតីមីយ៉ាន់ម៉ា, លោកស្រី ដាង ធី ង៉ុកធីញ អនុប្រធានាធិបតីវៀតណាម, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក លី ស៊ានលុង នាយករដ្ឋមន្ត្រីសឹង្ហបុរី, លោក ស្តុត ម៉ូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលី ព្រមទាំងបេសកជនពិសេសមកពីប្រទេសថៃ ឡាវ ហ្វីលីពីន បេសកជនពិសេសប្រធានាធិបតីអាមេរិក បេសកជនពិសេសសហភាពអារ៉ាប់រួម បេសកជនពិសេសរបស់ព្រះចៅអធិរាជជប៉ុន បេសកកជនពិសេសប្រធានាធិបតីសាធារណរដ្ឋកូរ៉េ រួមទាំងឥស្សរជនជាន់ខ្ពស់ តំណាងរដ្ឋាភិបាល នៃបណ្តាប្រទេសជាមិត្តរបស់សាធារណរដ្ឋឥណ្ឌូនេស៊ីជាច្រើនរូបទៀត។

ក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតីនោះ មានការគោរពទង់ និងភ្លេងជាតិរបស់សាធារណរដ្ឋឥណ្ឌនេស៊ី ពិថីស្មឹងស្មាធ និងពិធីបើកកិច្ចប្រជុំពេញអង្គរបស់សភាពិគ្រោះយោបល់ ដោយប្រធានរដ្ឋសភាឥណ្ឌូនេស៊ី និងពិធីស្បថរបស់លោក ចូកូ វីដូដូ ប្រធានាធិបតី និងពិធីស្បថរបស់លោក ម៉ារូហ្វ អាម៉ិន អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

លោក ចូកូ វីដូដូ បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នឹងត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ ក្នុងការបោះឆ្នោតសាកលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សម្រាប់អាណាត្តិឆ្នាំ២០១៩-២០២៤។ ដោយឡែកលោកបណ្ឌិត ម៉ារូហ្វ អាម៉ីន ត្រូវបានជាប់ឆ្នោតជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងការបោះឆ្នោតសាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សម្រាប់អាណាត្តិឆ្នាំ២០១៩-២០២៤។

លោក ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ តាមរយះការប្តេជ្ញាបន្តជំរុញ កំណែទម្រង់សេដ្ឋកិច្ចយ៉ាងស្រួចស្រាលបំផុត។ ក្រោមរដ្ឋបាលរបស់ លោក ចូកូ វីដូដូ យុទ្ធសាស្រ្ត អភិវឌ្ឍន៍របស់ឥណ្ឌូនេស៊ី ផ្តោតលើគោលនយោបាយដែលមានឈ្មោះថា ចក្ខុវិស័យឥណ្ឌូនេស៊ី ២០១៩-២០២៤ ដែលផ្តោតលើការពង្រឹងវិស័យសំខាន់ៗចំនួន៥ រួមមានហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស បរិយាកាសវិនិយោគ ការិយា-ធិបតេយ្យ និងថវិកាជាតិ។

បន្ទាប់ពីបានទទួលឯករាជ្យរយ:៧០ឆ្នាំ រួមជាមួយការកែទម្រង់នយោបាយ និងស្ថាប័នជាងមួយទសវត្សរ៍កន្លងមកនេះ ឥណ្ឌូនេស៊ី បានក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលមានស្ថេរភាពមួយ ដោយប្រកាន់យករបបប្រធានាធិបតី គឺគោលការណ៍បញ្ចសីលា ក្នុងការដឹកនាំប្រទេស។ បញ្ចសីលា ជាមូលដ្ឋានទស្សនវិជ្ជារបស់រដ្ឋ ដែលមានគោលការណ៍ចំនួន៥រួមមាន៖ ១៖ ជំនឿលើព្រះតែមួយ, ២៖ យុត្តិធម៌ និងអរិយធម៌សម្រាប់មនុស្សជាតិ, ៣៖ ឯកភាពឥណ្ឌូនេស៊ី, ៤៖ ប្រជាធិបតេយ្យសម្រាប់ពលរដ្ឋ និង៥៖ យុត្តិធម៌សង្គមសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។

ឥណ្ឌូនេស៊ី បានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ជាសមាជិករបស់ក្រុមប្រទេស G-20 និងជាប្រទេសអាស៊ានទីមួយ ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹបទ្រីលាន (Trillion Dolar Club) ក្នុងឆ្នាំ២០១៧។

សេដ្ឋកិច្ចឥណ្ឌូនេស៊ី ពឹងផ្អែកសំខាន់ទៅលើប្រេង ឧស្ម័នធម្មជាតិ ប្រេងដូង កាហ្វេ កាកាវ ថ្នាំពេទ្យ ផលិតផលឧស្សាហកម្ម និងវិស័យទេសចរណ៍។ យោងតាមការវាយតម្លៃ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ការបង្កើតការងារដែលមានគុណភាពសម្រាប់យុវជន និងប្រជាជន ដែលកំពុងតែកើនឡើង ទាមទារឲ្យមានកម្លាំងចលករខ្លាំងក្លា ដើម្បីធានាបាននូវការរីកចម្រើនលូតលាស់សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដែលត្រូវបានរារាំងដោយភាពទន់ខ្សោយផ្នែករចនាសម្ព័ន្ធ រួមទាំងចំណូលពីពន្ធដារមានកម្រិតទាប ទីផ្សារហិរញ្ញវត្ថុមិនទូលាយ និងភាពមិនបត់មែន នៃទីផ្សារការងារ និងផលិតផល៕

(រូបថត៖ FN)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll