រដ្ឋាភិបាលវៀតណាមចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់សង្គមឲ្យនៅដាច់ដោយឡែកចាប់តាំងពីម៉ោង ០០៖០០ ថ្ងៃទី១ ខែមេសានៅទូទាំងប្រទេស

14:50 2020/03/31

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបតែចេញសារចរណែនាំលេខ ១៦ / CT-TTg ស្តីពីការអនុវត្តវិធានការណ៍ជាបន្ទាន់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (COVID-19)។ ដូច្នោះហើយអនុវត្តការដាក់សង្គមឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៥ ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី ០១ ខែមេសាឆ្នាំ២០២០ នៅទូទាំងប្រទេសដោយឈរលើគោលការណ៍ គ្រួសារដាក់នៅដាច់ដោយឡែកនឹងគ្រួសារ ភូមិដាក់នៅដាច់ដោយឡែកនឹងភូមិ ឃុំដាច់នៅដាច់ដោយឡែកនឹងឃុំ ស្រុកដាក់នៅដាច់ដោយឡែកនឹងស្រុក និងខេត្តដាក់នៅដាច់ដោយឡែកនឹងខេត្ត ហើយរោងចក្រផលិតកម្មត្រូវតែធានាបានចម្ងាយសុវត្ថិភាព ពាក់ម៉ាស់ការពារ និងអនុវត្តការធ្វើចត្តាឡីស័កនិងកំចាត់មេរោគតាមការកំណត់។មាតិកាសំខាន់នៃសារចរណែនាំដូចខាងក្រោម៖

រដ្ឋាភិបាលវៀតណាមចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់សង្គមឲ្យនៅដាច់ដោយឡែកចាប់តាំងពីម៉ោង ០០៖០០ ថ្ងៃទី១ ខែមេសានៅទូទាំងប្រទេស
នាយករដ្ឋមន្រ្តីវៀតណាម៖ ដាក់សង្គមឲ្យនៅដាច់ដោយឡែកចាប់តាំងពីម៉ោង ០០៖០០ ថ្ងៃទី១ ខែមេសានៅទូទាំងប្រទេស។

ជំងឺរាតត្បាតកូវីដ១៩ (COVID-19) បានផ្ទុះឡើងនៅទូទាំងពិភពលោក ដែលប៉ះពាល់ដល់មនុស្សជាង ៧២​ ម៉ីននាក់ និងជិត ៣,៥ ម៉ឺននាក់បានស្លាប់នៅក្នុងប្រទេសនិងដែនដីជាង ២០០ ហើយវាគ្មានសញ្ញានៃការបញ្ឈប់នៅឡើយ។ នៅប្រទេសវៀតណាម ចំនួនករណីឆ្លងជំងឺកូវីដ១៩ កំពុងតែកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានហានិភ័យខ្ពស់នៃការឆ្លងនៅក្នុងសហគមន៍ដែរ។ គេបានព្យាករណ៍ថា ជំងឺរាតត្បាតសកលនេះនឹងរីករាលដាលយ៉ាងឆាប់រហ័សក្នុងទ្រង់ទ្រាយធំ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតសុខភាពមនុស្សនិងសេដ្ឋកិច្ចសង្គមរបស់ប្រទេសផងដែរ។

អនុវត្តតាមការអំពាវនាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោក​ Nguyen Phu Trong ដោយបញ្ជាក់ថាដាក់សុខភាពនិងអាយុជីវិតមនុស្សជាចម្បង ដើម្បីបន្ដការពារនិងទប់ស្កាត់ជំងឺរាតត្បាតយ៉ាងសកម្ម។ ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើដល់ក្រសួង ស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិតាមក្រុង/ខេត្តនានា ត្រូវផ្តោតការយកចិត្តទុកយ៉ាងខ្លាំងក្នុងការចាត់វិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដែលបានដាក់ចេញកន្លងមក ជាពិសេសជាសរចរលេខ ១៥ /CT-TTg ចុះថ្ងៃទី២៧ ខែមិនាឆ្នាំ២០២០  ដោយអនុលោមតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិដឹកនាំការការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ ព្រមទាំងអនុវត្តន៍នូវវិធានការជាចាំបាច់ដូចខាងក្រោម៖

១. អនុវត្តការដាក់សង្គមនៅដាច់ដោយឡែកក្នុងរយៈពេល ១៥ ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០នៅទូទាំងប្រទេសដោយឈរលើគោលការណ៍ គ្រួសារដាក់នៅដាច់ដោយឡែកនឹងគ្រួសារ ភូមិដាក់នៅដាច់ដោយឡែកនឹងភូមិ ឃុំដាច់នៅដាច់ដោយឡែកនឹងឃុំ ស្រុកដាក់នៅដាច់ដោយឡែកនឹងស្រុក និងខេត្តដាក់នៅដាច់ដោយឡែកនឹងខេត្ត ហើយរោងចក្រផលិតកម្មត្រូវតែធានាបានចម្ងាយសុវត្ថិភាព ពាក់ម៉ាស់ការពារ និងអនុវត្តការធ្វើចត្តាឡីស័កនិងកំចាត់មេរោគតាមការកំណត់។ ស្នើ ឱ្យប្រជាជនស្នាក់នៅផ្ទះ មានតែការចេញទៅក្រៅក្នុងករណីចាំបាច់ ដូចជាការទិញចំណីអាហារ ថ្នាំពេទ្យ ការសង្គ្រោះបន្ទាន់ ធ្វើការនៅតាមរោងចក្រ គ្រឹះស្ថានផលិតកម្ម អាជីវកម្ម សេវាកម្ម និងទំនិញចាំបាច់ មិនត្រូវបានបិទ បញ្ឈប់ប្រតិបត្តិការនិងករណីជាបន្ទាន់ផ្សេងៗទៀត; ត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការរក្សាចម្ងាយ២ម៉ែត្រនៅពេលជួបទាក់ទងគ្នា ហើយមិនប្រមូលផ្តុំមនុស្សលើសជាង ២ នាក់ នៅក្រៅវិសាលភាពនៃស្ថាប័ន សាលារៀន មន្ទីរពេទ្យនិងនៅតាមទីសាធារណៈផងដែរ។

លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យប្រជាជនទាំងអស់អនុវត្តដោយស្ម័គ្រចិត្តនូវតម្រូវការវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត និងចូលរួមយ៉ាងសកម្មក្នុងការរាយការណ៍សុខភាពរបស់ខ្លួនដោយស្ម័គ្រចិត្ត ព្រមទាំងអនុវត្តរាល់វិធានការណ៍ដើម្បីការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ក៏ដូចជាចូលរួមដោយមានទំនួលខុសត្រូវចំពោះសកម្មភាពបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ផងដែរ។ ម្យ៉ាងវិញទៀត ម្ចាស់សហគ្រាស គ្រឹះស្ថានផលិតកម្មនិងអាជីវកម្មលក់ទំនិញនិងសេវាកម្ម ទទួលខុសត្រូវចំពោះការអនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅតាមគ្រឹះស្ថានរបស់ខ្លួន ពព្រមទាំងធានាសុខភាពនិងសុវត្ថិភាពឲ្យបានល្អសម្រាប់ពលករ។

២- ក្រសួងសុខាភិបាល ក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ត្រូវតែប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់និងឆាប់រហ័សដោយប្រមូលគ្រប់ធនធាននិង វិធានការ ដើម្បីកំចាត់ឱ្យបានចប់សព្វគ្រប់នូវ «តំបន់ផ្ទុះជំងឺឆ្លង» នៅមន្ទីរពេទ្យ Bach Mai (ទីក្រុងហាណូយ) ក្លិបកំសាន្ត  Buddha Bar (ទីក្រុងហូជីមិញ); ត្រូវចំណាយគ្រប់នាទីដើម្បីតាមដាននិងអនុវត្តវិធានការណ៍សមស្របចំពោះគ្រប់ករណីទាំងអស់ដែលមានហានិភ័យនិងប៉ះពាល់ជាមួយនឹងអ្នកជំងឺនិងអ្នកាំធ្លាប់ចេញចូលនៅ "តំបន់ផ្ទុះជម្ងឺឆ្លង" ហើយបន្តអំពាវនាវដល់ជនដែលធ្លាប់ចេញចូលនៅ"តំបន់ផ្ទុះជម្ងឺឆ្លង" ទាំងនេះឲ្យត្រូវធ្វើរាយការណ៍សុខភាពរបស់ខ្លួនឯង និងទាក់ទង់ទៅកាន់មណ្ឌលសុខភាពដើម្បីធ្វើការតេស្តជំងឺផងដែរ។ ទន្ទឹមនឹងនេះដែរ ស្នើឱ្យក្រសួងនគរបាលសម្របសម្រួលជាមួយស្ថាប័ន សុខាភិបាលឲ្យបង្កើតបញ្ជីរាយនាមមនុស្សដែលពាក់ព័ន្ធនឹងសកម្មភាពនានារបស់ក្រុមហ៊ុន Truong Sinh ដែលមានហានិភ័យនៃការឆ្លងជម្ងឺកូវីដ១៩ ដើម្បីតាមដានសុខភាព ត្រួតពិនិត្យការដាក់ឱ្យនៅដាច់ដោយឡែក ក៏ដូចជាដោះស្រាយឱ្យទាន់ហេតុការណ៍សម្រាប់ប្រភពនៃការផ្ទុះជំងឺនេះផងដែរ។

គណៈកម្មាធិការប្រជាជនខេត្ត - ក្រុងពាក់ព័ន្ធសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងនិងទីក្រុងចំនួន ២ ដើម្បីអនុវត្តការងារនេះឱ្យបានល្អ។ អនុវត្តវិធានការណ៍ដាក់ឲ្យនៅដាច់ដោយឡែក ក្នុងក្រុមគ្រួសារ ការរាយការណ៍អំពីស្ថានភាពសុខាភាព ដើម្បីការចែកច្នាក់ ការធ្វើតេស្ដនិងការដាក់ឲ្យនៅដាច់ដោយឡែក ដោយប្រមូលផ្តុំ ប្រសិនបើចាំបាច់សម្រាប់អ្នកដែលបានទៅនិងមកពីមន្ទីរពេទ្យ Bach Mai ចាប់តាំងពីថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ ។ ប្រគល់ឲ្យរអជ្ញាធរមូលដ្ឋានត្រួតពិនិត្យយ៉ាងជិតស្និទ្ធនៅតាមគ្រួសារនីមួយៗ។

ក្រសួងនគរបាលនិងគណៈកម្មាធិការប្រជាជនខេត្តបន្តធ្វើការត្រួតពិនិត្យ និងពិនិត្យសុខភាពជាបន្ទាន់ ធ្វើបច្ចុប្បន្នភាពស្ថានភាពសុខភាពរបស់ប្រជាជនដែលបានចូលតំបន់ ពីថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ ប៉ុន្តែមិនទាន់អនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក។ ធ្វើបញ្ជីឈ្មោះមនុស្សដែលមានទំនាក់ទំនងផ្ទាល់និងជិតស្និទ្ធ ដើម្បីចែកថ្នាក់  អនុវត្តវិធានការណ៍ដាក់ឲ្យនៅដាច់ដោយឡែក ដែលសមស្រប (ដាក់ឲ្យនៅដាច់ដោយនៅផ្ទះ, នៅកន្លែងប្រមូល) ។

៣- ស្ថាប័ននិងអង្គភាពរដ្ឋត្រូវរៀបចំឱ្យមន្រ្តីនិងបុគ្គលិក និយោជិក ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងធ្វើការនៅផ្ទះ។ មានតែករណីណាជាចាំបាច់ ដូចជាកាតព្វកិច្ចប្រចាំការនៃការប្រយុទ្ធ កាតព្វកិច្ចប្រចាំការនៅស្ថាប័ន ផ្គត់ផ្គង់ទំនិញនិងសេវាកម្មចាំបាច់ ការដោះស្រាយឯកសាសំងាត់និងការងារចាំបាច់ផ្សេងៗទៀតដែលចាំបាច់ ដែលធ្វើការនៅការិយាល័យ។ ពង្រឹងការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។ ប្រធានបណ្តាស្ថាប័នទទួលខុសត្រូវចំពោះករណីឆ្លងមេរោគជាមន្រ្តី បុគ្គលិក និងនិយោជិក ដោយសារតែមិនបានគោរពតាមបទបញ្ញត្តិស្តីពីការបង្ការនិងការទប់ទល់នឹងការរីករាលដាលជំងឺ Covid-19 នៅកន្លែងធ្វើការ។

៤- ក្រសួងដឹកជញ្ជូននិងគណៈកម្មាធិការប្រជាជនខេត្ត - ក្រុងត្រូវបញ្ឈប់សកម្មភាពដឹកជញ្ជូនអ្នកដំណើរ តាមមធ្យោបាយសាធារណៈ។ កាត់បន្ថាយអតិបរមានៃការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត បញ្ឈប់ការធ្វើដំណើរពីតំបន់ដែលផ្ទុះឡើងនៃជំងឺ Covid-19ទៅកាន់តំបន់ផ្សេងទៀត លើកលែងតែករណីពិសេស ដោយសារការបំពេញកិច្ចការនិងករណីផ្តល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគចាំបាច់ រថយន្តក្រុងដឹកកម្មករនិងអ្នកជំនាញ អាជីវកម្មដឹកជញ្ជូនសំភារៈបំរើឲ្យផលិតកម្ម។

៥- ចាត់ក្រសួងសុខាភិបាល៖

ក)មន្ទីរពេទ្យផ្ទាល់ត្រូវអនុវត្តដំណើការនិងការគ្រប់គ្រងយ៉ាងតឹងរឹង ដើម្បីជៀសវាងការឆ្លងរាលដាលនៅក្នុងមន្ទីរពេទ្យ។ គ្រប់គ្រងយ៉ាងតឹងរ៉ឹង ទាមទារអោយមានការរាយការណ៍អំពីស្ថានភាពសុខភាពជាចាំបាច់សម្រាប់អ្នកជំងឺ សាច់ញាតិ អ្នកថែទាំ មានតែអ្នកថែទាំម្នាក់ប៉ុណ្ណោះសម្រាប់អ្នកជំងឺម្នាក់។ បញ្ឈប់ការទៅសួរសុខទុក្ខអ្នកជំងឺនៅតាមមណ្ឌលសុខភាព។ មានបទបញ្ញត្តិតឹងរឹងក្នុងការទទួលយកអ្នកជំងឺដោយមិនអនុញ្ញាតឱ្យបុគ្គលណាផ្ទុកជំងឺ Covid-19 ដែលប៉ះពាល់ដល់សកម្មភាពរបស់មន្ទីរពេទ្យទាំងមូល។

ខ)នាំចេញនូវយន្តការនិងគោលនយោបាយជាក់លាក់ដើម្បីគាំទ្រអជីវកម្មក្នុងស្រុកក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ ជាពិសេសម៉ាស៊ីនដកដង្ហើម ម៉ាស៊ីនតាមដានអ្នកជំងឺ ម៉ាស៊ីនបញ្ចូល ម៉ាស៊ីនច្រោះឈាម និងរាយការណ៍ជូនឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung។

គ)រាយការណ៍ជូននាយករដ្ឋមន្រ្តីអំពីជម្រើសសេណារីយ៉ូនិងសមត្ថភាពនូវការឆ្លើយតបជាបន្ទាន់ចំពោះភាពអាសន្ននៃជំងឺរាតត្បាតនៅរសៀលថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ ។

ឃ)បន្តរៀបចំនិងចាត់ចែងការត្រួតពិនិត្យនិងព្យាបាល នៅមន្ទីរពេទ្យ Bach Mai (ហាណូយ) ធានាសុវត្ថិភាពដល់មន្រ្តីបុគ្គលិកសុខាភិបាលនិងប្រជាជនតាមសំណើរបស់គណៈកម្មាធិការដឹកនាំនិងក្រសួងសុខាភិបាល។

ង)ពិនិត្យនិងដោះស្រាយសំណើរបស់គណៈកម្មាធិការប្រជាជនហាណូយ គាំទ្រនិងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ទីក្រុងហាណូយដើម្បីគ្រប់គ្រងជំងឺរាតត្បាត។

៦. ក្រសួងសុខាភិបាលត្រូវសំយោគនិងផ្សព្វផ្សាយលទ្ធផលនៃការធ្វើតេស្តវិជ្ជមានចំនួន ២ ដង / ថ្ងៃជាប្រចាំនៅតាមមូលដ្ឋាន និងធានានូវភាពត្រឹមត្រូវ។

៧. បិទច្រកព្រំដែន និង ច្រកទ្វារតំបន់ជាបណ្តោះអាសន្ន សម្រាប់ប្រជាជនធ្វើដំណើរចាប់ពីម៉ោង ០០ៈ០០ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសឡាវនិងកម្ពុជា។ ត្រួតពិនិត្យយ៉ាងតឹងរឹងនូវការចូលតាមច្រកព្រំដែនអន្តរជាតិនៅតាមព្រំដែនគោក។ ប្រជាជនធ្វើការចូលទាំងអស់មកពីប្រទេសឡាវនិងប្រទេសកម្ពុជាត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ។

៨- ក្រសួងការពារជាតិត្រូវដឹកនាំរៀបចំនិងពង្រីកកន្លែងដាក់ឲ្យនៅដាច់ដោយឡែក បំបែកករណីដាក់ឲ្យនៅដាច់ដោយឡែកថ្មីនិងករណីដាក់ឲ្យនៅដាច់ដោយឡែកចាស់ ពង្រឹងការគ្រប់គ្រងច្រករបៀងនិងផ្លូវលំដែលតភ្ជាប់ខ្សែព្រំដែន។

៩- ក្រសួងនគរបាល ពង្រឹងដឹកនាំការធានាសណ្តាប់ធ្នាប់និងសន្តិសុខ ទប់ស្កាត់បទល្មើសជាពិសេសនៅតាមទីជនបទ។

១០- ក្រសួងហិរញ្ញវត្ថុត្រូវដឹកនាំអគ្គនាយកដ្ឋានគយ ដើម្បីដោះស្រាយការលំបាកក្នុងការនាំចេញម៉ាសក្រណាត់។ តម្រូវឱ្យអាជីវកម្មធានារ៉ាប់រងមិនត្រូវណែនាំនិងដាក់ពង្រាយកញ្ចប់ធានារ៉ាប់រងទាក់ទងនឹងជំងឺ Covid -19។

១១- ក្រសួងស្ថាប័នមូលដ្ឋាននិងភ្នាក់ងារសារព័ត៌មានត្រូវបន្តផ្សព្វផ្សាយព័ត៌មាននិងឃោសនាដើម្បីគាំទ្រដល់គោលនយោបាយការពារសុខភាពប្រជាជន កាសែតមិនបានដាក់អត្ថបទបង្កើតឲ្យមានការយល់ច្រឡំ។ អ្នកទទួលបន្ទុកផ្នែកបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគ្មានសេចក្តីថ្លែងការណ៍បានបង្កការភ័យស្លន់ស្លោក្នុងចំណោមប្រជាជន។

១២- ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជននៃមូលដ្ឋានត្រូវយកចិត្តទុកដាក់ក្នុងការធានានូវមុខទំនិញសំខាន់ៗស្បៀងអាហារសម្រាប់ប្រជាជន ៕

(ប្រែសម្រូលដោយក្រុមអ្នកយកព័ត៌មាននៃកាសែតយុគសម័យ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll