Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក

07:14 | 09/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាល្ងាចថ្ងៃទី ៨ ខែវិច្ឆិកា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Wilbur Ross រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិកនិងគណៈប្រតិភូធុរកិច្ចអាមេរិកដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross (រូបថតៈ TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរ ដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោករដ្ឋមន្រ្តី Wilbur Ross ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគនិងទំនាក់ទំនងជាក់ស្តែង ដើម្បីឆ្ពោះទៅរកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នាឆ្នាំ ២០២០ ខាងមុខ។

លោកនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពដែលកាន់តែមានសារៈសំខាន់និងមានប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីវៀតណាម - អាមេរិកលើគ្រប់វិស័យ ដែលក្នុងនោះ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតែរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ដែលរួមចំណែកដើរតួនាទីយ៉ាងសំខាន់និងជាកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគ (TIFA) ដើម្បីផ្លាស់ប្តូរបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញពាណិជ្ជកម្មទ្វេភាគី ដើម្បីរួមចំណែកក្នុងការដោះស្រាយការលំបាកសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់រូបលោកផ្ទាល់និងគណៈប្រតិភូ។ ប្រការនេះបានបង្ហាញពីការគោរពនិងការដឹងគុណរបស់រដ្ឋាភិបាលវៀតណាមចំពោះរដ្ឋា ភិបាលអាមេរិក។ លោកបានមានប្រសាសន៍ថា នៅក្នុងគណៈប្រតិភូលើកនេះមានសាជីវកម្មធំៗ ជាច្រើនរបស់អាមេរិកដែលចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម ដែលជាទីផ្សារពោរពេញដោយសក្តានុពល។ លោកបានទទួលស្គាល់ថា ប្រាក់ចំណូលរបស់មនុស្សម្នាក់នៅវៀតណាមមានការកើនឡើងខ្ពស់ គឺសរបង្ហាញពីសមិទ្ធិផលរបស់វៀតណាមក្នុងការអភិ វឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។

លោកបានមានប្រសាសន៍ថា សាជីវកម្មអាមេរិកកំពុងទន្ទឹងរងចាំការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសវៀតណាម។ សាជីវកម្មអាមេរិកបានត្រៀមខ្លួនរួចជាស្រេចនូវហិរញ្ញវត្ថុនិងបទពិសោធន៍ក្នុងការវិនិយោគលើគម្រោងផ្សេងទៀតនៅប្រទេសវៀតណាម។ ហេតុដូច្នេះ លោកសង្ឃឹមថារដ្ឋាភិបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មអាមេរិកវិនិយោគយ៉ាងច្រើននៅវៀតណាម។

បន្ទាប់ពីកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Wilbur Ross រួមទាំងមន្រ្តីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មសំខាន់ៗផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ