កម្ពុជា និងវៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់រាប់ពាន់លានក្នុងឆ្នាំនេះ

11:38 2020/07/14

កម្ពុជា និងប្រទេសវៀតណាមបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនពី ៥ ពាន់លានដុល្លារ ដល់ ៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ នេះតាមរយៈការសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនក្នុងអំឡុងពេលមានវិធានការរឹតបន្តឹងការឆ្លងកាត់ព្រំដែនដោយសារជំងឺកូវីដ ១៩។

កម្ពុជា និងវៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់រាប់ពាន់លានក្នុងឆ្នាំនេះ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong នាពេលកន្លងមក។​​​ (រូបថត VNA)

ការប្តេជ្ញា​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក ង្វៀន ហ្វូជុង អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​សប្តាហ៍​មុន​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ទាំង​ ២ ​បាន​សន្យា​បន្ត​សហការ​សម្រួលការ​ដឹកជញ្ជូន​ទំនិញ និង​ការធ្វើដំណើរ​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ងាយស្រួល ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ៧ ពាន់​លាន​ដុល្លារ​ តាម​ផែនការ​។ ជាមួយ​គ្នា​នេះ ភាគី​ទាំង​ ២ ​ក៏​បាន​ប្តេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖ «​ថ្នាក់ដឹកនាំ​កំពូល​ទាំង​ ២ បាន​អះអាង​ជាថ្មី​ថា នឹង​បន្ត​សហការ​គ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ពូន​ជ្រំ​ទំនាក់ទំនង​ក្នុង​ភាព​ជា​អ្នកជិតខាង​ដ៏ល្អ សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បច្ចុប្បន្ន​លំហូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​នៅតែ​មាន​ចរាចរណ៍​ជាធម្មតា ទោះបី​ប្រទេស​ទាំង​ ២ ​កំពុង​ខិតខំ​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​១៩​ក៏ដោយ​។ លោក​បន្តថា លទ្ធភាព​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ៧ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​អាច​ធ្វើ​ទៅ​បាន​គឺ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ទាំង​ ២ ​ខិតខំ​ជំរុញ​លំហូរ​ទំនិញ​តាម​ព្រំដែន​ឲ្យ​បាន​ខ្លាំង​ជាង​ពេលនេះ​។

លោក​ថ្លែងថា​៖ «​ការដឹក​ទំនិញ​តាម​ព្រំដែន​កម្ពុជា វៀតណាម គ្មាន​ឧបសគ្គ​អ្វី​ទេ​នាពេល​នេះ ខណៈ​ការនាំចេញ​កសិផល​របស់​យើង​ក៏​ចេញ​ច្រើន​ផងដែរ ស្របពេល​ភាគី​ទាំង​ ២ ​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ព្រំដែន ដូច្នេះ​ទំហំ​ពាណិជ្ជកម្ម​នេះ​អាចមាន​កំណើន​បាន​តែ​អាស្រ័យ​លើ​ការជំរុញ​បន្ថែម​រវាង​រដ្ឋាភិបាល​ទាំង​ ២»​។

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​កត់សម្គាល់ថា វិបត្តិ​សុខភាព​សកល​បាន​នាំ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ទំនង​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការជំរុញ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​នឹងមិន​អាច​ឈាន​ទៅដល់​គោលដៅ​ទេ ព្រោះ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្វើឲ្យ​តម្រូវការ​ថមថយ​»​។

ស្ថានទូត​វៀតណាម​ដែល​ផ្សព្វផ្សាយ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម​សម្រេចបាន ២,១៧ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំនេះ​ធ្លាក់ចុះ ៨,១ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ ក្នុងនោះ ការនាំ​ចេញពី​កម្ពុជា​មាន​តម្លៃ ៤៧៦​ លាន​ដុល្លារ ធ្លាក់ចុះ ១៥ ​ភាគរយ ខណៈ​កម្ពុជា​នាំចូល​មានតម្លៃ ១,៧ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៦ ​ភាគរយ​។

កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​វៀតណាម​មានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ថ្នាំជក់ និង​ចេក ខណៈ​វៀតណាម​នាំ​ចូលមក​កម្ពុជា​មាន ដែកថែប ប្រេង បន្លែ​ផ្លែឈើ និង​ជី​កសិកម្ម​។

សូមរំលឹក​ថា ទំហំពាណិជ្ជកម្មរវាង វៀតណាម និងបណ្តាប្រទេស​ក្នុងតំបន់​អាស៊ាន ឃើញថា កម្ពុជា ឈរលំដាប់ទី ៦ ក្នុងចំណោម​បណ្តាប្រទេស​ក្នុងតំបន់​ដែលបានធ្វើ​ពាណិជ្ជកម្ម​ជាមួយ វៀតណាម ហើយទំហំ​ពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺធំជាង ៣ប្រទេសផ្សេង​ទៀត រួមមាន ប្រ៊ុយណេ ឡាវ និងមីយ៉ាន់ម៉ា ខណៈដែល​ដៃគូពាណិជ្ជកម្ម​ក្នុងតំបន់​ធំជាងគេ​របស់ វៀតណាម គឺប្រទេសថៃ ដែលមាន​ទឹកប្រាក់ជាង ១២ពាន់លាន​ដុល្លារអាមេរិក។

កាលពី​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​ជិត​ ៥,៣ ​ពាន់​លាន​ដុល្លារ កើន ១១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ៩០១ លាន​ដុល្លារ​កើនឡើង ៧ ​ភាគរយ និង​នាំចូល​មានតម្លៃ​ ៤,៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១៦ ​ភាគរយ​៕

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll