នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥

15:53 2018/09/10

យុគសម័យ - នៅព្រឹកថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន (រូបថតៈ AP)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ថា ពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ដែលនឹងប្រារពឡើងក្រោមមូលបទ "រួមគ្នាកសាងវិថីសូត្រ​ សមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន" នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នា​ជាច្រើនពីអាស៊ាននិងចិន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម​ ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះនៅពិធីបើកពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្មនិងវិនិយោគ រវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគគិន និងភ្ញៀវទេសចរចិនដែលមានសក្តា នុពលមកកាន់តំបន់អាស៊ាន។

ក្នុងនាមកម្ពុជា ជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជាផងដែរ។​

​អំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្ដី នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជន ចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិន ព្រមទាំងផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន​ចិន​ផងដែរ៕

សរុបព័ត៌មាន ដោយ ស្រីព្រេជ
;

同类别新闻