នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅវិមានសន្តិភាព

10:19 2019/04/30

នៅម៉ោងប្រមាណ ៨៖៥០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅវិមានសន្តិភាព

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន និងលោកស្រី អោង សានស៊ូជី អញ្ជើញជួបពិភាក្សាការងារមួយចំនួនផងដែរ។ សូមបញ្ជាក់ថា លោក អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី នៅក្នុងប្រទេសកម្ពុជាក្រោយពេលគណបក្សរបស់លោកស្រីបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៥ ហើយលោកស្រីបានចាប់ផ្តើមចូលកាន់ការងារបម្រើរដ្ឋការមីយ៉ាន់ម៉ាជាផ្លូវការកាលពីឆ្នាំ២០១៦។

មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះ លោកស្រីបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។

 

តាមការគ្រោងទុកក្រោយពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នៅពេលរសៀលថ្ងៃដដែលនេះ លោកស្រី នឹងអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់មកលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។

នៅរាត្រីថ្ងៃនេះ ក៏មានការរៀបចំពិធីលាងសាយភោជទទួលដំណើរទស្សនកិច្ចរបស់លោកស្រីនៅលើទឹកដីកម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

ប្រាសាទអង្គរវត្តដែលជារតនសម្បត្តិដ៏ល្បាញល្បីរបស់កម្ពុជា ក៏ជាទីកន្លែងដែលអន្ទងដួងចិត្តលោកស្រី អោង សានស៊ូជី នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជានេះផងដែរ។ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ក្រោយទស្សនាប្រាសាទអង្គរលោកស្រី នឹងហោះចាកចេញពីកម្ពុជាទៅកាន់ប្រទេសរបស់លោកស្រីវិញក្នុងថ្ងៃដដែលនោះផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី នៅក្នុងប្រទេសកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕

 

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll