ស្ថានទូតជប៉ុន និង UNDP ចុះ MoU លើកិច្ចព្រមព្រៀងអនុវត្ត «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិក ក្នុងសមុទ្រនៅកម្ពុជា»

10:35 2020/11/26

ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុវត្ត «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ជាមួយនឹងវត្តមានរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្ថានទូតជប៉ុន និង UNDP ចុះ MoU លើកិច្ចព្រមព្រៀងអនុវត្ត «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិក ក្នុងសមុទ្រនៅកម្ពុជា»
ស្ថានទូតជប៉ុន និង UNDP ចុះ MoU លើកិច្ចព្រមព្រៀងអនុវត្ត «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិក ក្នុងសមុទ្រនៅកម្ពុជា»

គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។

លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ការបំពុលប្លាស្ទិកនៅតាមសមុទ្រ បានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន បានប្រកាសអនុវត្តគំនិតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឱ្យមានការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»

លោកថា ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗជាងគេ ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជា៖ ថង់ ដប និងប្រដាប់ដាក់វត្ថុនានាបច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់ ៨,៣ពាន់លានតោន។ ជារៀងរាល់ឆ្នាំមានប្លាស្ទិក ១៣លានតោន ហូរចូលទៅក្នុងសមុទ្រ ដែលស្មើនឹងការចាក់សំរាមមួយឡានដឹកសំរាមពេញ រៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិក ប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗចំនួន១០ ដែលក្នុងនោះមានទន្លេមេគង្គមួយផងដែរ។

លោកឯកអគ្គរាជទូតជប៉ុនរូបនេះ បានបន្តថា បញ្ហាធំជាងគេនោះ គឺថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។ ដោយឡែកនៅក្នុងសមុទ្រវិញ មានថនិកសត្វ ត្រី និងបក្សីជាង ១លានក្បាល ដែលរងគ្រោះថ្នាក់ ដោយសារការលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុដែលធ្វើពីប្លាស្ទិក។ បក្សី និងត្រីជាង៩០% មានកម្ទេចប្លាស្ទិកនៅក្នុងពោះរបស់វា។ សារធាតុគីមីពុលទាំងនេះបន្តការកើនឡើង ហើយហូរចូលទៅក្នុងរបបអាហារ និងក្នុងរាងការយរបស់មនុស្សយើង។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រទេស និងទីក្រុងជាង១០០ ក្នុងនោះមានព្រះរាជាណាចក្រកម្ពុជាផងដែរ កំពុងដាក់ឱ្យអនុវត្តវិធានការថ្មីៗ ជុំវិញសំណល់ប្លាស្ទិក។ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យមានការអនុវត្តក្របខណ្ឌ 4Rs ដើម្បីផ្ដល់នូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកនៅក្នុងប្រទេស ដូចជា៖ ការចេញនូវអនុក្រឹត្យ ដើម្បីគិតថ្លៃសេវាបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។

ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសារប្លាស្ទិក គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឱ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។ តំបន់គោលដៅ រួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរ ដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រសិទ្ធភាព នៅតាមតំបន់ប្រភពសំណល់តែម្ដង។

បើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា «ការកាត់បន្ថយសំណល់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់គ្នា តាមរយៈគម្រោងនេះ យើងអាចបង្ហាញឱ្យឃើញពីឧត្តមានុវត្តន៍ នៃអន្តរាគមន៍កាត់បន្ថយប្លាស្ទិក ដែលអាចជួយឱ្យបណ្ដាប្រទេសនានានៅអាស៊ាន យកគំរូតាមព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»។

លោក សាយ សំអាល់ បានថ្លែងអបអរចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែង ដើម្បីសម្រេចបានគម្រោងនេះឡើង ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថាន ហើយលោកក៏បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន និង UN ដែលបានជួយកម្ពុជាលើវិស័យនានាក្រោយពីកិច្ចព្រមព្រៀងប៉ារីស។

រដ្ឋមន្ត្រីបរិស្ថានរូបនេះ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងសំណល់ទូទៅក៏ដូចជាសំណល់ ក្នុងសមុទ្រដោយបានធ្វើកាត់បន្ថយការប្រើប្រាស់ សម្ភារមួយទឹក និងសំណល់ប្លាស្ទិក ផ្តល់ជារ៉ឺម៉ក រថយន្តតូច ដើម្បីប្រមូលសំរាមនៅតាមទីក្រុងនានា បានធ្វើផ្ទេរតួនាទី និងថវិកាដល់ថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម ក៏ដូចជាជំរុញការបង្កើត និងលើកទឹកចិត្តដល់សាលាមេត្រីភាពបរិស្ថាន និងអារាមមេត្រីភាពបរិស្ថាន។ រាជរដ្ឋាភិបាលក៏បានសហការ និងជំរុញដល់វិស័យសាធារណៈ និងឯកជននានាដើម្បីធ្វើការកាត់បន្ថយ និងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។

ទន្ទឹមនឹងនេះដែរ សាយ សំអាល់ បានថ្លែងថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការថែរក្សាបរិស្ថាននៅតាមតំបន់ឆ្នេរសមុទ្រឱ្យល្អស្អាត។ ការរៀបចំដាក់ប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភោគ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក និងការដាក់អំពូលពន្លឺព្រះអាទិត្យ ដើម្បីសន្សំសំចៃចរន្តអគ្គិសនី នៅតាមសាលារៀននិងនៅតាមទីធ្លាសាធារណៈនានា សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ដូចជាបាននិងកំពុងធ្វើនៅលើទឹកដីខេត្តព្រះសីហនុ។ ការអប់រំផ្សព្វផ្សាយនៅតែជាចំណុចសំខាន់ជាងគេ ពិសេសការបញ្ជ្រាបចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានទៅក្នុងកម្មវិធីសិក្សា ដើម្បីកែប្រែឥរិយាបថរបស់ប្រជាជនពិសេសកុមារ និងយុវជន ដើម្បីជៀសវាងក្នុងការបង្កើតសំរាមបើមិនចាំបាច់។

លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែ គម្រោងនេះនឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអនុភាពនៃការងាក ទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង»

(ប្រភពព័ត៌មាន: FreshNews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll