វិស័យ​កាត់ដេរ​ត្រៀម​ខ្លួន ​ដើម្បី​ផលិត​ទំនិញ​លំដាប់​ខ្ពស់​សម្រាប់​ទីផ្សារ​ពិភព​លោក

15:01 2020/10/01

លោក Lin Zhi Qiang នាយក​ក្រុមហ៊ុន Q-Port Investments (Cambodia) Co Ltd ថ្លែង​ថា ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​គួរ​តែ​ផ្លាស់ប្តូរ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ចម្រុះ ដោយ​សន្សឹមៗ​ងាក​ទៅ​ផលិត​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ​មធ្យម និង​ការ​លក់​រាយ។​

វិស័យ​កាត់ដេរ​ត្រៀម​ខ្លួន ​ដើម្បី​ផលិត​ទំនិញ​លំដាប់​ខ្ពស់​សម្រាប់​ទីផ្សារ​ពិភព​លោក

គំរូមជ្ឈមណ្ឌល E-Port Center ដ៏ស្រស់ស្អាត។

ក្រុមហ៊ុន Q-Port Investments គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន E-Port Enterprise (HK) Co Ltd ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង។ សហគ្រាស​កាត់​ដេរ ផលិត​សម្លៀក​បំពាក់​ម៉ាក E-Port​ ការ​បង្កើត​មូលដ្ឋាន​ផលិតកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន Q-Port Investments, Q-Port Enterprise ផលិត ​និង​​នាំចេញ​នូវ​ផលិតផល​ជា​បន្តបន្ទាប់​ទៅ​អ៊ឺរ៉ុប អាមេរិក ជប៉ុន និង​កាណាដា​។​

Q-Port Investments បាន​ប្រតិបត្តិការ​រោងចក្រ​កាត់​ដេរ​ចំនួន ២ និង​កន្លែង​បោកគក់​គំរូ​មួយ ដែល​បម្រើ​ដល់​រោងចក្រ​ផលិត​ម៉ាក Denim នៅ​កម្ពុជា​។ សមត្ថភាព​ផលិត​សម្លៀក​បំពាក់​ប្រចាំ​ខែ​របស់​ក្រុមហ៊ុន Q-Port Investments មាន​ចំនួន​ប្រមាណ ៣៥០,០០០ ខោ​អាវ។

លោក Lin បាន​បង្កើត​រោងចក្រ​ដំបូង​របស់ខ្លួន​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ ​២០០២​។ ចាប់​តាំង​ពី​ពេល​នោះ​មក Q-Port Investments បាន​បង្កើត​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​ក្នុង​ស្រុក ដែល​បាន​ប្រើប្រាស់​កម្មករ​ប្រហែល ២,៨០០ នាក់ ​ក្នុង​ឆ្នាំ ២០១២ ប៉ុន្តែ​បច្ចុប្បន្ន​មាន​កម្មករ ១ ៣០០ នាក់​។​

លោក​បាន​សង្កត់​ធ្ងន់​ថា ​ឧស្សាហកម្ម​កាត់ដេរ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ជា​សសរ​ទ្រូង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​សម័យ​ក្រោយ​សង្គ្រាម​។​

ទោះ​យ៉ាង​ណា ការ​បង្កើន​តម្លៃ​ពលកម្ម និង​ការ​ប្រកួត​ប្រជែង​ពី​បណ្តា​ប្រទេស​នាំចេញ​សម្លៀក​បំពាក់​កំពុង​លេចធ្លោ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន Q-Port Investments ផ្ទេរ​ខ្សែសង្វាក់​ផលិតកម្ម​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ប្រទេស​ផ្សេង​ទៀត​ដូច បង់ក្លាដេស​ជាដើម​។​

លោក Lin បន្ត​ថា​៖ «​តម្លៃ​ពលកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ឡើង​ពី ​៤៥ ​ដុល្លារ ដល់ ​១៩០ ​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​នេះ​។ ការ​សម្រេច​របស់​សហភាព​អ៊ឺរ៉ុប​ក្នុង​ការ​ដក​ផ្នែក​ខ្លះ​នៃ​ការ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំង​អស់​លើកលែង​តែ​អាវុធ ​(EBA) ចេញ​ពី​កម្ពុជា​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ផង​ដែរ​។​

«បន្ថែម​ពី​នេះ​ផល​ប៉ះពាល់​ដ៏​ធំធេង​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​សរុប​របស់​យើង​ពី​អតិថិជន​បាន​ធ្លាក់​ចុះ ​៤០ ​ភាគរយ​។ ក្រឡេក​មើល​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​នានា​ក្នុង​តំបន់ ឬ​ការ​បញ្ជា​ទិញ​របស់​យើង​ពី​សហរដ្ឋ​អាមេរិក​ អ៊ឺរ៉ុប និង​កាណាដា បាន​ធ្លាក់​ចុះ​ ៣០ ​ទៅ​ ៥០ ​ភាគរយ​។​

ប៉ុន្តែ​លោក​ថ្លែង​ថា ក្រុមហ៊ុន Q-Port Investments កំពុង​មើល​ឃើញ​ការ​បញ្ជា​ទិញ​កើន​ឡើង​ដល់ ​៨០ ​ភាគរយ​ ​នៃ​បរិមាណ​កាល​ពី​ឆ្នាំមុន​។ លោក​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​ងើប​ឡើង​វិញ​នូវ​បរិមាណ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​របស់​ខ្លួន​។

លោក​បញ្ជាក់​ថា ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា​ធ្លាប់​បាន​ផលិត​ផលិតផល​ដែល​មាន​គុណភាព​ទាប និង​មធ្យម​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។ វា​ដល់​ពេល​វេលា​ដែល​ឧស្សាហកម្ម​មួយ​នេះ​ផ្តោត​សំខាន់​លើ​ការ​ផលិត​ផលិតផល​ដែល​មាន​គុណភាព​មធ្យម ឬ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​។ មូល​ហេតុ​ដែល​គួរ​ផលិត ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ គឺ​ក្រុមហ៊ុន​ផលិត​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ជាង​នេះ​។

«​តាម​គំនិត​របស់​ខ្ញុំ កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផលិត​ផលិតផល​លំដាប់​ខ្ពស់​»​។​

លោក Lin ក៏​បាន​ផ្តួចផ្តើម​ផែនការ​សម្រាប់ Q-Port Investments ផង​ដែរ ​សម្រាប់​ការ​លក់​រាយ​តាមរយៈ​ការ​ជួសជុល ​និង​ផ្លាស់​ប្តូរ​ផ្នែក​ខ្លះ​នៃ​រោងចក្រ​របស់​ក្រុមហ៊ុន​ទៅ​ជា​កន្លែង​លក់​ទំនិញ​ដែល​មាន​ឈ្មោះ E-Port Center។

ការ​ទាក់ទាញ​សំខាន់​របស់​មជ្ឈមណ្ឌល​លក់​រាយ គឺ​ជា​ការ​ផ្តល់ជូន​នូវ​សម្លៀក​បំពាក់​យីហោ​អន្តរជាតិ​។ កន្លែង​ទំនេរ​ផ្សេង​ទៀត នឹង​ត្រូវ​ជួល​សម្រាប់​កន្លែង​ធ្វើ​ការ​រួម​គ្នា បើក​ហាង​លក់​អាហារ ភេសជ្ជៈ និង​ហាង​លក់​វត្ថុ​ផ្សេងៗ​ទៀត​។​

លោក Lin ថ្លែង​ថា ដោយ​មាន​ប្រជាជន​វ័យ​ក្មេង​ច្រើន និង​អ្នក​ដែល​មាន​ជីវភាព​មធ្យម​កំពុង​កើន​ឡើង​ឧស្សាហកម្ម​លក់​រាយ​នៅ​កម្ពុជា​នៅ​មាន​សក្តានុពល​យ៉ាង​ច្រើន​៕

(ប្រភពព័ត៌មាន: postkhmer.com)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll