រដ្ឋអំណាចខេត្តពោធិ៍សាត់ប្តេជ្ញាពង្រឹងវិស័យកសិកម្មនៅក្នុងខេត្ត

20:59 2020/05/22

នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានឱ្យដឹងថា រដ្ឋអំណាចខេត្តពោធិ៍សាត់ប្តេជ្ញាពង្រឹង ការគ្រប់គ្រង និងបង្កើនគុណភាពបរិមាណផលិតផលកសិកម្ម អាជីវកម្ម ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនពិការឲ្យកាន់តែមានភាពប្រសើរឡើង។

រដ្ឋអំណាចខេត្តពោធិ៍សាត់ប្តេជ្ញាពង្រឹងវិស័យកសិកម្មនៅក្នុងខេត្ត

អភិបាលខេត្ត​ពោធិ៍សាត់ លោក ​ម៉ៅ ធនិន។

លោក ​ម៉ៅ ធនិន បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តពោធិ៍សាត់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នេះ​មាន​ជាង ៤៩​ម៉ឺន​នាក់ ក្នុងនោះ ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​ជាក​សិ​ករ​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណ​៧៥% និង​២៥% ជា​សេវាករ ពាណិជ្ជករ និង​មន្ត្រីរាជការ​។ លោក​បន្ត ដោយសារតែ​ប្រជាពលរដ្ឋ​មាន​ចំនួន​ដ៏​ច្រើន​លើសលប់ ប្រកប​របរ​កសិកម្ម​នេះ បានធ្វើ​ឲ្យ​វិស័យ​កសិកម្ម​ជា​វិស័យ​ចម្បង​មួយ ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ លើកកម្ពស់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពង្រឹង​វិស័យនេះ​បន្ថែមទៀត​។​

​លោក​ថា​៖ «​ប្រជាពលរដ្ឋ​មានការ​ផុសផុល​ខ្លាំង​ក្នុង​វិស័យ​កសិកម្ម ជាមួយនឹង​ការប្រមូល​ផល និង​ការប្រឹងប្រែង​ដាំ​ដុះ ក្នុងនោះ​ដំណាំ​ស្រូវ​ក្នុង​ខេត្ត​នេះ ភាគច្រើន​មិនសូវ​ប្រើប្រាស់​ជីគីមី​ទេ ដែល​ធ្វើ​ឲ្យ​ស្រូវ​មានគុណ​ភាព និង​រសជាតិ​ល្អប្រសើរ​»​។​

​បើតាម​លោក ម៉ៅ ធនិន បច្ចុប្បន្ន ខេត្ត​នេះ មាន​ផ្ទៃដី​ដំណាំ​កសិកម្ម​ប្រមាណ ១៥​ម៉ឺន​ហិកតា ដែល​ទទួលបាន​ផល​ស្រូវ​ប្រចាំឆ្នាំ​ចន្លោះ​ពី ៣៨​ម៉ឺន​តោន ទៅ​៤២​ម៉ឺន​តោន ខណៈ​វិស័យ​ជលផល​ទទួលបាន​ផល​ត្រី​ប្រមាណ ៤១២០០​តោន​ក្នុង​មួយឆ្នាំ​។ ក្រៅពី​ដំណាំ​ស្រូវ លោក​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ក៏មាន​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ជាពិសេស​ការដាំ​ដំណាំ​ផ្លែក្រូច​ពោធិ៍សាត់ ដែលមាន​ផ្ទៃដី​ដាំ​ដុះ​និង​ទទួលផល​រហូតដល់​ទៅ​១២០០០​ហិកតា​។​

​លោក​ក៏បាន​គូស​បញ្ជាក់ដែរថា ក្រៅពី​វិស័យ​កសិកម្ម ក៏មាន​វិស័យ​ទេសចរណ៍ ដែលមាន​សក្តានុពល​ខ្លាំង​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ផងដែរ​។ លោក​បន្តថា បច្ចុប្បន្ន ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍​សរុប​ចំនួន ៣៤​កន្លែង ដូចជា តំបន់​ទេសចរណ៍​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ដែល​លាត​ស​ន្ទឹ​ង​ប្រវែង ៨៦​គីឡូម៉ែត្រ​, តំបន់​ទេសចរណ៍​នៅ​ជុំវិញ​ស្រុក​និង​ក្រុង និង​តំបន់​ទេសចរណ៍​នៅតាម​តំបន់ភ្នំ ដែល​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិប្រមាណ ៦១​ម៉ឺន​នាក់​កាលពី​ឆ្នាំមុន​។​

​ប្រធាន​មន្ទីរ​ពា​ជិ​ណ្ជ​កម្ម លោកស្រី ឈុន សេរី​រ័ត្ន បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​នោះដែរ​ថា ទិន្នផល​ស្រូវ​-​អង្ករ ដែលជា​ផលិតផល​អាទិភាព​មួយ​នៅក្នុង​ខេត្ត​នេះ ត្រូវបាន​នាំចេញ​ជា​មធ្យម​ក្នុង​មួយឆ្នាំ​ប្រមាណ ២៣៥០០​តោន​។ ក្រៅពីនោះ ខេត្ត​នេះ ក៏មាន​ផលិតផល​ដែលមាន​សក្តានុពល​មួយចំនួនទៀត​ផងដែរ ដូចជា ក្រូចពោធិ៍សាត់ ដំឡូង​មី ពោត ស្វាយកែវ​រមាត សិប្បកម្ម​ចម្លាក់​ថ្មកែវ សិប្បកម្ម​កែច្នៃ​ពី​ដើមត្នោត និង​ស្ករត្នោត​ជាដើម​។​

​លោកស្រី​បន្តថា​៖ «​រដ្ឋបាលខេត្ត នឹង​បន្ត​ពង្រឹង​វិស័យ​កសិកម្ម និង​ជំរុញ​នូវ​ផលិតផល​កសិកម្ម​ទាំងនេះ ចូលទៅ​ទីផ្សារ​ជាតិ និង​អន្តរជាតិ តាមរយៈ​ការចូលរួម​ក្នុង​ពិ​ពណ៌​ពាណិជ្ជកម្ម​នានា​ទាំង​នៅក្នុង​ខេត្ត និង​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​»​។​

​បើតាម​អាជ្ញាធរខេត្ត ក្រៅពី​ការពង្រឹង​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍ ដែលជា​វិស័យ​អាទិភាព​នេះ រដ្ឋបាលខេត្ត​ក៏​នឹង​បន្ត​ពង្រឹង​វិស័យ​ផ្សេងៗ​ទៀត ដូចជា វិស័យ​ធនធានទឹក វិស័យ​រ៉ែ​និង​ថាមពល វិស័យ​ពាណិជ្ជកម្ម ការអភិវឌ្ឍ​ជនបទ សុខាភិបាល និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​បន្ថែម ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​កាលពីដើម​ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ពង្រឹង​វិស័យ​កសិកម្ម ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ជាពិសេស​ត្រៀម​ទំនិញ​ស្បៀង​ចាំបាច់​ដូចជា ស្រូវ អង្ករ និង​អំបិល​ដើម្បី​ឆ្លើយតប​នឹង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕

(សរុបដោយសាមេត)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll