Trending now

ប្រទេសកម្ពុជាអំពាវនាវ​ឲ្យ​ប្រទេស​ជា​មិត្ត ​ពង្រឹង​កិច្ចសហការ​ប្រឆាំង​ការជួញដូរ​មនុស្ស

23:19 | 14/12/2019 (សរុបដោយវិច្ឆិកា)

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅពេល​ធ្វើជា​អធិបតី​ក្នុង​ទិវា​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស​ដោយបាន​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ដ​ទាំងអស់​ឲ្យ​ពង្រឹង​កិច្ចសហការ​ជ្រោមជ្រែង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឲ្យ​កាន់តែ​ខ្លាំងក្លា ខណៈ​អំពើ​ជួញដូរ​មនុស្ស​នៅតែ​កើតឡើង​តាម​រូបភាព​ផ្សេងៗ​គ្នា​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ក្នុង​ពិធី​ពី​ម្សិលមិញ​នេះ​លោក ស ខេង បានកត់សម្គាល់​ឃើញ​ថា អំពើ​ជួញដូរ​មនុស្ស​នៅតែ​មាន​ការកើតឡើង​តាមរយៈ​ការនាំ​មនុស្ស​ឆ្លងដែន​ដោយ​ជនល្មើស​បាន​ប្រើ​វិធី​ផ្សេងៗ បន្លំ​ភ្នែក​សមត្ថកិច្ច​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​តាម​រូបភាព​ដូចជា អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ ការជួញដូរ​ទារក ការ​ស្វែងរក​ការងារ ដោយ​គេចវេះ​ពី​គោលការណ៍​ច្បាប់​ជាដើម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ភាគី​ប្រទេស​គោលដៅ​ពាក់ព័ន្ធ​ សូម​ចូលរួម​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ និង​ផ្ដល់​ឯកសារ​ត្រឹមត្រូវ ជូន​ពលករ​កម្ពុជា​ដែល​មាន​ឯកសារ​ផុត​សុពលភាព​»​។

លោក ស ខេង ក៏​អំពាវនាវ​ដល់​វិស័យ​ឯកជន​ដែល​មាន​កម្មករ​ ឬ​ពលករ​បម្រើការងារ​ក្នុង​រោងចក្រ សហគ្រាស និង​សេវាកម្ម​របស់​ខ្លួន​ ត្រូវ​ពង្រឹង​ការតាមដាន​គ្រប់គ្រង និង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​មាន​វិធានការ​បង្ក្រាប​ ​និង​ផ្ដន្ទាទោស​ឲ្យ​បាន​ទាន់​ពេលវេលា លើ​ជនខិលខូច​ដែល​បង្ក​ការលំបាក​ និង​ការកេងប្រវ័ញ្ច​ដោយ​ធ្វើ​អាជីវកម្ម​លើ​កម្មករ និង​ពលករ​នៅក្រៅ​ប្រទេស​យ៉ាង​អមនុស្សធម៌​។

ក្នុង​គោលដៅ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លោក ស ខេង បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​អប់រំ​ផ្សព្វផ្សាយ​ជូន​សិស្ស-និស្សិត ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​អំពី​កលល្បិច​របស់​ជនល្មើស​ និង​ផលប៉ះពាល់​នៃ​ការធ្វើ​ទេសន្តរប្រវេសន៍ ដោយ​ប្រថុយប្រថាន​ដែល​អាច​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​ក្នុង​នោះ​ក្រសួង​ពាក់ព័ន្ធ​រួមជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ការផ្សព្វផ្សាយ​លើ​បញ្ហា​នេះ​។

លោក​បញ្ជាក់​ថា ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ភាគច្រើន គឺជា​ពលករ​ទេសន្តរប្រវេសន៍​ដែល​រៀងរាល់​ឆ្នាំ​មាន​ជនរងគ្រោះ​រាប់សែន​លាន​នាក់​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​ឧក្រិដ្ឋជន​នៃ​អំពើ​ជួញដូរ​មនុស្ស​ដោយ​ជនល្មើស​បាន​រក​គ្រប់​ល្បិច​ស្មោកគ្រោក បង្កើត​បណ្ដាញ​ធ្វើ​សកម្មភាព​កេងប្រវ័ញ្ច​ជនរងគ្រោះ​គ្រប់​ដំណាក់កាល​ទាំង​ដោយផ្ទាល់ និង​ដោយ​ប្រយោល​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​អនឡាញ​ ឬ​តាម​បច្ចេកវិទ្យា​ទំនើប​ដែល​កំពុង​ប្រើប្រាស់​ពេញនិយម​ទាំង​នៅ​ទីក្រុង​និង​ជនបទ​។

លោក​ថា​៖ «​ក្នុងនាម​រដ្ឋាភិបាល​ខ្ញុំ​សូម​គូសបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញា​ចិត្ដ​បន្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​គោលដៅ​ការពារ​ និង​លើកកម្ពស់​សុវត្ថិភាព​របស់​មនុស្ស​គ្រប់រូប និង​សន្ដិសុខ​សង្គម​ក៏​ដូចជា​លើកកម្ពស់ ការគោរព​សិទ្ធិ​សេចក្ដី​ថ្លៃថ្នូរ និង​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់​ប្រភេទ គ្រប់​វ័យ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ជនល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ដោយ​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​គ្រប់​រូបភាព​...»​។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ក៏​បាន​ថ្លែង​ក្នុង​ទិវា​នេះដែរ​ថា អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ជា​បញ្ហា​ប្រឈម​សកល​ដែល​នៅ​តែ​បន្ត​កើតមាន​អាស្រ័យ​ដោយ​កត្ដា​សំខាន់​ចំនួន​ ៣ គឺ​បណ្ដាល​មកពី​ការអប់រំ​សង្គម​ការអនុវត្ដ​ច្បាប់​ និង​ការ​ឆក់​ឱកាស​ពី​ជនល្មើស​។

លោកស្រី​ថ្លែងថា​៖ «​រូបភាព​នៃ​ការជួញដូរ​មនុស្ស មិន​ត្រឹមតែ​ជា​ការជួញដូរ​ ឬ​កេងប្រវ័ញ្ច កម្លាំង​ពលកម្ម និង​ផ្លូវភេទ​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​បាតុភាព​មួយចំនួន​ទៀត​ដែលមាន​ទំនោរ​ទៅរក​អំពើ​ជួញដូរ​សេរីរាង្គ និង​បទល្មើស​ជួញដូរ​ទារក​ឆ្លងដែន​ក្រោម​រូបភាព​អំពើ​ជួល​ពពោះ​ជំនួស​»​។

លោកស្រី​បន្ថែមថា នេះ​ជា​កង្វល់​ថ្មី​ទៀត​ដែល​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាននិង​កំពុង​ដាក់​វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​បង្ក្រាប​ជា​បណ្ដើរៗ​ឲ្យ​បាន​ទាន់ពេល និង​សិក្សា​អំពី​បរិបទ​ច្បាប់ បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​បន្ថែម​ទៀត​ដើម្បី​ចៀសវាង​ការរីកដុះដាល​នៃ​បទល្មើស​ដែល​បង្ក​គ្រោះថ្នាក់​កាន់តែ​ច្រើន​ឡើង​ដល់​សង្គម​ និង​មនុស្ស​គ្រប់​វ័យ​។

ក្នុង​ពិធី​នៅ​កោះពេជ្រ​នេះ​លោក ស ខេង ​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ត្រូវតែ​បន្ត​ធ្វើឲ្យ​កាន់តែ​សកម្ម​អនុវត្ដ​នូវ​វិធានការ​ច្បាប់​ឲ្យ​បាន​កាន់តែ​ម៉ឺងម៉ាត់ និង​ជំរុញ​ការ​អនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​សម្រាប់ ឆ្នាំ ២០១៩-២០២៣ ឲ្យ​បានសម្រេច​តាម​គោលដៅ​ដែល​គ្រោងទុក​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien