គណៈកម្មការទន្លេមេគង្គជំរុញឱ្យប្រទេសតាមដងទន្លេមេគង្គទាំងអស់ដោះស្រាយបញ្ហា លំហូរទឹកទាប ខណៈបឹងទន្លេសាបរបស់កម្ពុជាអាចជួបប្រទះស្ថានភាពស្ងួតខ្លាំង

18:35 2020/08/08

គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​ជំរុញ​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង៦ ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ខណៈដែល​អាង​ទន្លេមេគង្គ​ក្រោម​ប្រឈម​នឹង​កំណត់ត្រា​លំហូរ​ទឹក​ទាប អស់​រយៈពេល២ឆ្នាំ​បន្តបន្ទាប់​គ្នា ជាពិសេស​ធ្វើឱ្យ​បឹង​ទន្លេសាប​របស់ ប្រទេស​កម្ពុជា​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់ ដល់​កម្រិត​ទាប​បំផុត។ នេះ​បើ​យោងតាម​របាយ ការណ៍ របស់ គណៈកម្មការ​ទន្លេមេគង្គ។

គណៈកម្មការទន្លេមេគង្គជំរុញឱ្យប្រទេសតាមដងទន្លេមេគង្គទាំងអស់ដោះស្រាយបញ្ហា លំហូរទឹកទាប ខណៈបឹងទន្លេសាបរបស់កម្ពុជាអាចជួបប្រទះស្ថានភាពស្ងួតខ្លាំង
បឹង​ទន្លេសាប​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​រីងស្ងួត?

របាយការណ៍​របស់ MRC ដែល​បាន​ពិនិត្យ​លើ​ស្ថានភាព​ជលសា​ស្ត្រ ក្នុង​អាង​ទន្លេ មេគង្គ​ក្រោម អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់​នូវ​បុព្វហេតុ​បឋម​ជាច្រើន ដែល​អាច​បង្កឱ្យមាន​លំហូរ​ទឹក​ទាប និង​គ្រោះរាំងស្ងួត​សម្រាប់​ឆ្នាំនេះ។

មូលហេតុ​ទាំងនោះ រួមមាន បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី ដែល​បង្កដោយ​បាតុភូត​អាកាស ធាតុ អែល នី​ណូ (El Nino)  ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូសបន្លាយ ចាប់ពី​ឆ្នាំ២០១៩មក និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃទន្លេ​មេគង្គ។ សម្រាប់​លំហូរ​ទាប​បែបនេះ បានធ្វើឱ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួបប្រទះ“ស្ថានភាព​ស្ងួត​ខ្លាំង”ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ទឹក ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​កំណត់ត្រា​គិត​ចាប់ពី​ឆ្នាំ១៩៩៧មក។

លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈ កម្ម​ការ​ទន្លេមេគង្គ (MRC) បាន​អំពាវនាវ​ឱ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង៦ បង្កើន​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​របស់​សា​ម៉ី ប្រទេស ជាមួយនឹង MRC ឱ្យបាន​រហ័ស និង​ប្រកបដោយ​តម្លាភាព។

លោក​បណ្ឌិត​បានបញ្ជាក់​ថា “វា​ដល់ពេល​ហើយ ដែល​ប្រទេស​ទាំងអស់ ត្រូវ​អនុវត្តន៍​នូវ​អ្វីដែល​ខ្លួន​បាន​អះអាង និង​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​រួម សម្រាប់​អាង​ទន្លេមេគង្គ​ទាំងមូល និង​សម្រាប់​សហគមន៍ ដែល​រង​ផលប៉ះពាល់” ។

បើតាមរបាយការណ៍របស់ MRC បានបង្ហាញថា លំហូរទាបនាពេលបច្ចុប្ប​ន្ន​អាច​នឹង​ជះឥទ្ធិពលធ្ងន់ធ្ងរលើប្រទេសកម្ពុជា ដោយសារការបាត់បង់នូវសក្តានុពលជលផល និងធារាសាស្ត្រ។ ប្រទេសវៀតណាម អាចនឹងជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវ​លើដី​សណ្ត ហើយផលិតផលកសិកម្មក្នុងប្រទេសឡាវ និងថៃ ក៏អាចនឹងរងផលប៉ះ​ពាល់​ផងដែរ។ ក្រៅពីនេះ អតុល្យភាពបែបអេកូឡូស៊ីអាចនឹងកើតមានដោយសារបម្រែ​បម្រួល​ខ្លាំងនៃការកំណត់ពេល ថិរៈវេលា និងវិសាលភាពនៃការជន់លិចក្នុងបឹងទន្លេសាប​ និង​តំបន់លិចទឹកជុំវិញបឹងនេះ។ ស្ថានភាពបែបនេះអាចនឹងធ្វើឱ្យការបន្តពូជត្រីថយចុះ ដោយ​សារការបាត់បង់នូវតំបន់លូតលាស់នានា ដែលជប៉ះពាល់ដល់ការលូតលាស់នៃមច្ឆា សត្វ និងរុក្ខជាតិក្នុងទឹកដទៃទៀត។ គេព្យាកណ៍ថា ការធ្លាក់ចុះនៃទិន្នផលត្រីអាចនឹងកើត​មាន​ឡើងដែលបញ្ហានេះនឹងគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់។

 

លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈ កម្ម​ការ​ទន្លេមេគង្គ (MRC) 

សូមបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ និងមានផលិតភាព​ខ្ពស់​បំផុតនៅក្នុងអាស៊ីអគ្នេយ៍។ បឹងនេះត្រូវបានចាត់ទុកជាទីជម្រកជីវចម្រុះមួយ​ក្នុងពិភព​លោក និងជារោងចក្រត្រីដ៏សំខាន់របស់ទន្លេមេគង្គ។  ជាទូទៅ លំហូរត្រឡប់ចូល​បឹងពី​ទន្លេមេគង្គ កើតមានចាប់ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែតុលា ដែលមាន​រយៈពេល ១២០ ថ្ងៃជាមធ្យម។ ប៉ុន្តែនៅឆ្នាំនេះ លំហូរត្រឡប់នៅក្នុងបរិមាណ​ប្រក្រតីនៅ​មិនទាន់កើតមានទេ បើទោះបីជាមានលំហូរបរិមាណតិចបំផុតពីរដងនៅក្នុងខែកក្កដាក្តី។

លោកបណ្ឌិត អាន ពេជ្រហត្ថដា បានលើកឡើងថា ប្រសិនបើកម្រិតទឹកក្នុងអំឡុង​រដូវទឹកជំនន់ឆ្នាំ២០២០នេះ មិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ​ សូមស្នើ​ឱ្យប្រទេសជាសមាជិករបស់ MRC ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម​ពិចារណាផ្តល់ព័ត៌មានណែនាំដល់អ្នកប្រើប្រាស់ទឹក និងប្រតិបត្តិករតាមដងទន្លេអំពី​ស្ថាន​ភាពនេះ ដើម្បីធានាថា ការប្រើប្រាស់ទឹកត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់។ លោកបណ្ឌិតបន្ដថា ប្រទេសទាំងនេះ គួរតែស្វែងរកនូវប្រភពទឹកជំនួសផ្សេងទៀត ដើម្បី​ធានាឱ្យមានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់។ លោកបណ្ឌិតបានបន្ថែមថា ប្រទេសជាសមាជិក គួរតែសំណូមពរដល់ប្រតិបត្តិករទំនប់វារីអគ្គិសនី និងប្រតិបតិ្តករធារាសាស្ត្រ ឱ្យកែសម្រួល ប្រតិបត្តិការរយៈពេលខ្លីរបស់ពួកគេ និងធ្វើការតាមដានលើសំណឹកតាមច្រាំងដែលចអាច កើតមាន។ ជាមួយគ្នានេះ ក្នុងរបាយការណ៍ក៏បានលើកឡើងដែរថា ប្រសិនបើលំហូរទាប​នៅតែបន្ត ប្រទេសទាំងបួន គួរតែពិចារណាសំណូមពរឱ្យប្រទេសចិនបង្ហូរ“ទឹកបន្ថែម” ដូច​ដែលបានអនុវត្តន៍នៅឆ្នាំ ២០១៦ ដើម្បីជួយសម្រាលស្ថានភាពក្នុងអាងទន្លេមេគង្គក្រោម ជាពិសេសក្នុងអំឡុងរដូវប្រាំងខាងមុខនេះ។

យោងតាមរបាយការណ៍របស់ MRC ដែលការព្យាករណ៍របបទឹកភ្លៀង​សម្រាប់​រយៈ​ពេលចុងក្រោយនៃរដូវវស្សាឆ្នាំ២០២០ នេះ មានភាពខុសៗគ្នា ការប៉ាន់ស្មានជាទូទៅគឺថា បរិមាណភ្លៀងធ្លាក់ក្នុងខែសីហា និងកញ្ញា អាចនឹងមានបរិមាណច្រើនជាងធម្មតា ហើយ​ចំនួននេះនឹងត្រូវធ្លាក់ចុះក្នុងខែតុលា។ ទន្ទឹមនេះ ដោយមានការព្យាករណ៍ទុកថា​បរិយា​កាស​​សម្ពាធទាប ព្យុះស៊ីក្លូន ឫព្យុះផ្សេងៗទៀត អាចនឹងកើតឡើងក្នុងខែសីហា​ និងកញ្ញា របាយការណ៍នេះបានបន្ថែមថា លំហូរត្រឡប់​ចូលបឹងទន្លេសាប អាចនឹងកើតមាននៅ​ពេលនេះ ដោយលើកនេះគេរំពឹងថា នឹងមាន​បរិមាណ​ទឹកច្រើនជាងលើកមុន។ បើតាម​ទិន្នន័យតាមដានកម្រិតទឹកពី MRC នៅថ្ងៃនេះ បានបង្ហាញថា​ ជារួមកម្រិតទឹកនៅ​ទូទាំង​អាង​ទន្លេ​មេគង្គក្រោមបានកើនឡើង ហើយ​និន្នាការនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងបន្ត​រហូតដល់សប្តាហ៍ក្រោយ៕


(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll