ការគាំទ្របន្ថែមដល់សហគ្រាសនានាក្នុងវិស័យកសិកម្ម

18:22 2020/09/28

សហគ្រិនខ្មែរ (KE) និងកម្មវិធីរដ្ឋាភិបាលអូស្រ្តាលីបានជួយដល់ឧស្សាហកម្មកែច្នៃកសិកម្មរបស់ប្រទេសកម្ពុជា។

ការគាំទ្របន្ថែមដល់សហគ្រាសនានាក្នុងវិស័យកសិកម្ម
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ (ឆ្វេង) និងលោក Gary Ellem នាយកកម្មវិធី CAVAC រួមជាមួយបុគ្គលិក

សហគ្រិនខ្មែរ ជាផ្នែកមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសហការគ្នាជាមួយកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC)  ដែលផ្តោតលើការកែលម្អភាពធន់ និងការប្រកួតប្រជែងនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយមូលនិធិក្នុងការអភិវឌ្ឍដល់សហគ្រាសខ្នាតតូចនិងមធ្យម ផ្នែកកែច្នៃកសិផលឬសហគ្រាសថ្មីៗតាមរយៈកម្មវិធីដែលគេស្គាល់ថាជាកម្មវិធីកញ្ចប់ជំនួយ Khmer Enterprise Assistance Package ទី ២ របស់សហគ្រិនខ្មែរ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈសហគ្រិនខ្មែរបានបង្កើតកម្មវិធីដើម្បីឆ្លើយតបទៅនឹងការលំបាកដែលបង្កឡើងដោយវីរុសកូវីដ១៩ ដែលប្រជាជនកម្ពុជានិងសហគ្រិនជាច្រើនកំពុងប្រឈមមុខ។

វាគឺជាការឆ្លើយតបជាយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមដែលសហគ្រាសធុនតូចនិងមធ្យម និងអាជីវកម្មថ្មីៗនៅក្នុងប្រទេសកម្ពុជាកំពុងតែជួបប្រទះ ហើយក៏មានគោលបំណងធ្វើឱ្យមានស្ថេរភាពនូវការផ្លាស់ប្តូរ ការផ្គត់ផ្គង់ និងតំរូវការ ក៏ដូចជាការចូលរួមចំណែកក្នុងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម។

កម្មវិធីកញ្ចប់ជំនួយត្រូវបានដំណើរការជាបួនដំណាក់កាល។ ក្នុងដំណាក់កាលដំបូង សហគ្រិនខ្មែរ នឹងប្រកាសបើកកម្មវិធីតាមរយៈបណ្តាញសង្គមបណ្តាញ​នា​នារបស់ខ្លួន និងវេទិកាព័ត៌មាន។ នៅក្នុងដំណាក់កាលទី ២ សហគ្រិ​នខ្មែរនឹងចាប់ផ្ដើមក្នុងការជ្រើសរើស។

ក្នុងដំណាក់កាលទី ៣ សហគ្រិនខ្មែរនឹងអញ្ជើញអ្នកដែលជាប់ក្នុងបញ្ជីមកធ្វើបទបង្ហាញនៅចំពោះមុខក្រុមចៅក្រមដែលបង្កើតដោយអ្នកជំនាញខាងធុរកិច្ច និងអ្នកវិនិយោគ។

នៅដំណាក់កាលទី ៤ សហគ្រិនខ្មែរនឹងប្រកាសបេក្ខជនជោគជ័យដែលនឹងទទួលបានកញ្ចប់ជំនួយពីកម្មវិធីដើម្បីជួយដល់អ្នកចាប់ផ្តើមអាជីវកម្មថ្មីនិងសហគ្រាសធុនតូចនិងមធ្យមដើម្បីលើកកម្ពស់អាជីវកម្ម ផលិតផល និងសេវាក​ម្មរបស់ពួកគេ។

ដើម្បីគាំទ្រដល់វិស័យកែច្នៃកសិឧស្សាហកម្មនៅកម្ពុជា សហគ្រិនខ្មែរបានបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូដើម្បីសហការជាមួយកម្មវិធី CAVAC ។ នៅក្នុងដំណើរការនៃការអនុវត្តកញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ កម្មវិធី CAVAC នឹងចូលរួមក្នុងដំណាក់កាលទី ៣ ដែលជាគណៈកម្មាធិការវាយតម្លៃ។

តាមរយៈការរៀបចំនេះ កម្មវិធី CAVAC មានសមត្ថភាពក្នុងការផ្តល់ថវិកាបន្ថែមដល់បេក្ខជនដែលជាប់ក្នុងបញ្ជីដែលបំពេញតាមគោលបំណងរបស់ខ្លួន។ ក្នុងនាមជាអង្គភាពមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាវេទិកាជាតិសម្រាប់លើកកម្ពស់សកម្មភាពសហគ្រិននៅកម្ពុជា។

សហគ្រិនខ្មែរ និងកម្មវិធី CAVAC មានមហិច្ឆិតានិងគោលបំណងដូចគ្នាក្នុងការដោះស្រាយនិងលើកកម្ពស់វិស័យកសិកម្មជាពិសេសផលិតកម្មកែច្នៃកសិកម្មនៅក្នុងប្រទេស។

លោកនិយាយ​ថា៖ «សហគ្រិនខ្មែរមានសេចក្តីរីករាយដែលបានឃើញគំនិតផ្តួចផ្តើមសកម្មពីកម្មវិធី CAVAC ក្នុងការចូលរួមក្នុងការគាំទ្រដល់អាជីវកម្មថ្មីៗនិងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះតាមរយៈកញ្ចប់ជំនួយសហគ្រិនខ្មែរ ទី ២ ។

លោកបានបន្ថែមថាសហគ្រិនខ្មែរ សង្ឃឹមថាអង្គការជាច្រើនផ្សេងទៀតអាចប្រើប្រាស់វេទិការបស់ខ្លួនជាឧបករណ៍ដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនក្នុងការក្លាយជាដៃគូសហគ្រិនខ្មែរ។

សហគ្រិនខ្មែរមានភាពវិជ្ជមានថាមូលនិធិជំនួយតាមរយៈកម្មវិធីកញ្ចប់ជំនួយរបស់ខ្លួនអាចជួយដល់អ្នកចាប់ផ្តើមអាជីវកម្មថ្មី និងសហគ្រាសធុនតូចនិងមធ្យមដើម្បីដំណើរការអាជីវកម្មរបស់ពួកគេក្នុងគ្រាលំបាកនេះ។

សហគ្រិនខ្មែរថ្លែងថាខ្លួនក៏មានបំណងចង់ឃើញដៃគូជាច្រើនទៀតផ្តួចផ្តើមគំនិតក្នុងការជួយដល់អ្នកចាប់ផ្តើមអាជីវកម្មថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីនៃសហគ្រាសនៅកម្ពុជាមានភាពប្រសើរឡើង៕

;

同类别新闻