ក្រសួងទេសចរណ៍ និងអភិបាលខេត្តបាត់ដំបង បំផុសគូស្រករថ្មីថ្មោងចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍

11:00 2020/03/12

ក្នុងពិធីដាំកូនឈើអបអរសាទរពិធីបុណ្យទន្លេលើកទី៦ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានប្រកាសអំពាវនាវបំផុសឱ្យគូស្រករដែលរៀបអាពាណ៍ពិពាណ៍ថ្មីថ្មោង គប្បីចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍ ក្រោមទិសស្លោក «គូស្រករមួយគូ ដើមឈើ២ដើម» ដើម្បីលម្អសោភ័ណភាពទីក្រុងបេតិកភណ្ឌមួយនេះផង និងរក្សាស្ថិរភាពបរិស្ថានផងដែរ។

ក្រសួងទេសចរណ៍ និងអភិបាលខេត្តបាត់ដំបង បំផុសគូស្រករថ្មីថ្មោងចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍
ពិធីដាំកូនឈើអបអរសាទរពិធីបុណ្យទន្លេលើកទី៦៕

ក្នុងពិធីដាំកូនឈើអបអរសាទរពិធីបុណ្យទន្លេលើកទី៦នេះ ត្រូវបានធ្វើឡើងនៅសួនច្បារសម្ដេចក្រឡោម ស ខេង ជាប់មាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍បានដាក់ចេញការអនុវត្តដល់ខេត្តទាំង២៤ ត្រូវបានរៀបចំឱ្យមានសួនដាំដើមឈើមួយយ៉ាងតិច ដើម្បីបំផុសចលនា «គូស្រករមួយគូ ដើមឈើមួយដើម», «ទេសចរម្នាក់ ដើមឈើមួយដើម» និង «យុវជនម្នាក់ ដើមឈើមួយដើម» ដែលជាកត្តាចាំបាច់មួយក្នុងការចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តនីមួយៗ។

លោក តុប សុភ័ក បានបន្តថា ការបំផុសឱ្យគូស្រករប្ដីប្រពន្ធចូលរួមដាំដើមឈើនេះ នឹងជំរុញឱ្យពួកគេត្រលប់មកថែទាំ ឬមកមើលដើមឈើដែលពួកគេបានដាំនោះនៅលើកក្រោយៗទៀត ព្រមទាំងជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិ ដែលគាត់បានចូលរួមដាំដើមឈើនេះ ត្រលប់មកទស្សនាប្រទេសកម្ពុជានៅលើកក្រោយទៀតផងដែរ។

 

ការដាំកូនឈើ​។ 

លោកអនុរដ្ឋលេខាធិការបានបន្ថែមទៀតថា ក្រៅពីចូលរួមជំរុញចលនាទេសចរ ការជំរុញចលនាដាំដើមឈើនេះក៏បានផ្ដល់សារប្រយោជន៍សំខាន់ៗចំនួន៣យ៉ាងផងដែរ ក្នុងនោះរួមមាន៖ ជួយបង្កើនភាពបៃតងសម្រាប់បរិស្ថាន ដែលជាការជួយលើផ្នែកសុខភាពមួយចំណែកដល់ការរស់នៅរបស់មនុស្ស-សត្វជាដើម កាត់បន្ថយកម្ដៅក្នុងបរិយាកាសរបស់ភពផែនដី និងការពារស្រទាប់អូហ្សូនរបស់ផែនដី ព្រមទាំងជួយទប់ទល់នឹងគ្រោះទឹកជំនន់យ៉ាងចាំបាច់ផងដែរ។

លោក ងួន រតនៈ បានលើកឡើងដែរថា រដ្ឋបាលខេត្តបានតាំងចិត្តយ៉ាងមុតមាំក្នុងការបង្កើតឱ្យមានសួនអាពាណ៍ពិពាណ៍ សម្រាប់ឱ្យគូស្រករចូលរួមដើមឈើនៅក្នុងក្រុងបាត់ដំបង និងបង្កើនផ្សព្វផ្សាយអប់រំពីសារប្រយោជន៍នៃការដើមឈើ ព្រមទាំងបន្តបំផុសចលនាដាំដើមឈើនេះឱ្យបានកាន់តែច្រើន។

សូមជម្រាបថា ពីធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ពិសេសលើសពីនេះទៀតនោះ ក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេនេះ នឹងត្រូវទទួលបានការអញ្ជើញជាអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕

ប្រភពព័ត៌មាន៖ freshnewsasia
;

同类别新闻